លោក ខូវ ឆាយ ក្នុងពានសម្តេច៖ ទ័ព ប៉ះក្រោន ក្រុមណារៀបចំខ្លួនល្អ នឹងទទួលបានលទ្ធផលល្អ!

មាស សុផាណារ៉ុង August 13, 2019


 

ភ្នំពេញ៖ បន្ទាប់ពីចាប់ឆ្នោតប៉ះ ក្លឹបភ្នំពេញក្រោន ក្នុងវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៣ លោក ខូវ ឆាយ អគ្គលេខាធិការក្លឹបក្រសួងការពារជាតិ (ទ័ព) បានចាត់ទុកនេះគឺជាការប្រកួតដ៏តានតឹង ដ្បិតក្រុមទាំងពីរ សុទ្ធតែមានធនធានកីឡាករក្នុងស្រុក ដែលបណ្ដុះបណ្ដាលដោយក្លឹបរៀងៗខ្លួន។

លោកលើកឡើងថា ភ្នំពេញក្រោន ក៏ជាអតីតក្រុមជើងឯក ២សម័យកាល ខណៈក្រុមក្រសួងការពារជាតិ ក៏ត្រៀមខ្លួនហើយជាស្រេច ដើម្បីទទួលស្វាគមន៍ការប្រកួតនេះ។ ដូច្នេះលោកជឿជាក់ថា បើក្រុមណារៀបចំក្រុមបានល្អជាង ក្រុមនោះនឹងទទួលបានជ័យជម្នះ ក្នុងការប្រកួតវគ្គដ៏សំខាន់នេះ។ នេះបើតាមការបញ្ជាក់ ក្រោយចាប់ឆ្នោតកាលពីពេលថ្មីៗ។

អគ្គលេខាធិការក្លឹបដដែលបន្ដថា៖ «ដោយសារភ្នំពេញក្រោន គាត់មានកីឡាករក្មេង និងល្អៗច្រើន ហើយក្រសួងការពារជាតិ ក៏យើងមានកីឡាករបណ្ដុះបណ្ដាលដោយខ្លួនឯងច្រើនដែរ អញ្ចឹងការប្រកួតនេះ នឹងតឹងតែង ប៉ុន្ដែយ៉ាងណាក៏ដោយ ស៊ីសងទៅលើការរៀបចំខ្លួន បើអ្នកណារៀបចំបានល្អ ខ្ញុំជឿថា នឹងទទួលលទ្ធផលល្អក្នុងការប្រកួត។»

ថ្នាក់ដឹកនាំក្រុមការពារតំណែងជើងឯកនេះបន្ដថា៖ «ក្នុងនាមជាក្រុមជើងឯក យើងមានសម្ពាធខ្លះដែរ ដោយសារយើងធ្វើបានល្អក្នុងឆ្នាំចាស់ ហើយត្រូវការធ្វើឲ្យបានល្អថែមទៀត ដោយសារអ្នកគាំទ្រ និងថ្នាក់ដឹកនាំ គាត់រំពឹង ព្រោះប្រវត្តិយើងក្នុងពានសម្ដេចតេជោ ហ៊ុន សែន យើងធ្វើបានល្អច្រើន។ ចឹងនេះជាសម្ពាធមួយ ដែលត្រូវជួបក្រុមល្អ ដូចជាភ្នំពេញក្រោន។» យ៉ាងណាមិញលោកបានបន្ថែមថា ឈានមកដល់វគ្គនេះ ទោះប៉ះក្រុមណា ក៏ដូចក្រុមណាដែរ គឺសុទ្ធតែជាក្រុមខ្លាំង។ ហេតុនេះ ក្រសួងការពារជាតិ បានត្រៀមខ្លួនជាស្រេច ដើម្បីប្រកួតប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពិសេសដើម្បីការពារតំណែងជើងឯកផ្ទាល់តែម្ដង។

គួរដឹងថា ការប្រកួតវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៣ នឹងធ្វើឡើង ២ជើង ដោយជើងទី១ គ្រោងប្រកួតនាថ្ងៃទី១៤ និងទី១៥ ខែសីហា និងជើងទី២ ប្រកួតនាថ្ងៃទី២៨ ទី២៩ ខែសីហា ឆ្នាំ២០១៩ខាងមុខ៕

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

អត្ថបទ៖ បុត្រា

មតិយោបល់