U18 កម្ពុជា ប្រកួតកម្ដៅសាច់ដុំជាមួយ ក្រុមយុវជនហូជីមិញ ថ្ងៃនេះ មុនប្រកួតផ្លូវការ AFF U-18

មាស សុផាណារ៉ុង July 31, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ១៨ឆ្នាំកម្ពុជា នឹងធ្វើការប្រកួតមិត្តភាពលក្ខណៈកម្ដៅសាច់ដុំជាមួយក្រុមបាល់ទាត់យុវជនសាលាមួយ នាទីក្រុងហូជីមិញ នាវេលាម៉ោង ៣:៣០ នាទីរសៀលថ្ងៃអង្គារនេះ ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតផ្លូវការ នៃពានរង្វាន់ AFF U-18 Championship 2019 ដែលនឹងមកដល់នាដើមសប្ដាហ៍ក្រោយ។

ប្រភពពីមន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថាការប្រកួតមិត្តភាពនេះ គ្រាន់តែជាជំនួបកម្ដៅសាច់ដុំក្រៅផ្លូវការប៉ុណ្ណោះ ស្របពេលក្រុមគោព្រៃជំទង់កម្ពុជា កំពុងបោះជំរុំហ្វឹកហាត់ នៅប្រទេសវៀតណាម ដើម្បីត្រៀមការប្រកួតពានរង្វាន់ AFF U-18 Championship 2019 ដែលនឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី០៦ ដល់ថ្ងៃទី១៩ ខែសីហាខាងមុខ។

គួរដឹងថា បេសកកម្មចូលរួមពានយុវជនប្រចាំតំបន់អាស៊ាន ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនេះ ក្រុម U-18 កម្ពុជា ស្ថិតក្នុងពូល B ជាមួយក្រុមខ្លាំងៗ ដូចជាថៃ ម៉ាឡេស៊ី សិង្ហបុរី អូស្ដ្រាលី និងម្ចាស់ផ្ទះវៀតណាម។ រីឯពូល A មានមីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ឡាវ ប្រ៊ុយណេ ហ្វីលីពីន និងទីម័រខាងកើត។ ប៉ុន្ដែមុនការប្រកួតមកដល់ គ្រូបង្វឹកលោក Gyotoku Koji បានដឹកនាំក្រុមគោព្រៃជំទង់កម្ពុជា ទៅបោះជំរុំហ្វឹកហាត់ ១សប្ដាហ៍នៅទីនោះ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ បុត្រា

មតិយោបល់