ម្ចាស់ក្លឹបអង្គរថាយហ្គឺរ អរគុណវិសាខា និងភ្នំពេញក្រោន ក្រោយបំបែកកំណត់ត្រាដែលខ្លួនប៉ងចង់បានអ្នកទស្សនា ៥ពាន់នាក់

មាស សុផាណារ៉ុង July 30, 2019


 

សៀមរាប៖ លោក Akihiro Kato ម្ចាស់ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ បានសម្ដែងការអរគុណដល់ក្លឹបវិសាខា និងក្លឹបភ្នំពេញក្រោន ដែលទើបតែបានបំបែកកំណត់ត្រាតៗគ្នា លើកំណត់ត្រាដែលខ្លួនប៉ងចង់បានអ្នកចូលរួមទស្សនាការប្រកួតក្នុងលីគកំពូលកម្ពុជា ៥ពាន់នាក់ នៅកីឡដ្ឋានខេត្តសៀមរាប នារដូវកាល២០១៩ នេះ។

កាលពីថ្ងៃទី២១ ខែកក្កដា នៅកីឡដ្ឋានវិសាខា រវាងក្លឹបវិសាខា និងក្លឹបភ្នំពេញក្រោន បានបង្កើតកំណត់ត្រាដ៏អស្ចារ្យមួយក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ដោយមានអ្នកទស្សនាផ្ទាល់ដ៏ច្រើនរហូត ៥,៥១២នាក់ ប៉ុន្តែរំលងមួយសប្ដាហ៍ការប្រកួតរវាងក្លឹបភ្នំពេញក្រោន ជាមួយព្រះខ័នរាជស្វាយរៀង កាលពីល្ងាចថ្ងៃទី២៨ ខែកក្កដា បានបង្កើតកំណត់ត្រាដ៏អស្ចារ្យថ្មីមួយបន្ថែមទៀត ក្នុងក្របខណ្ឌដដែល ដោយមានអ្នកទស្សនាផ្ទាល់ដ៏ច្រើនរហូត ៥,៨៦៣នាក់។

នៅពេលដែលបានឃើញកំណត់ត្រាខាងលើត្រូវបំបែកបាន ម្ចាស់ក្លឹបដែលមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះ បានសម្ដែងនូវការអរគុណ ជាមួយនឹងការមិនបោះបង់ផងដែរក្នុងការទាក់ទាញអ្នកគាំទ្រតាមក្ដីប្រាថ្នា។ លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមអរគុណ វិសាខា និងភ្នំពេញក្រោន ក្នុងដំណើរចូលរួមអភិវឌ្ឍន៍លីគកំពូលកម្ពុជា។ ខ្ញុំគិតថា យើងពិតជាពិបាកក្នុងការបំបែកកំណត់ត្រានេះ ពីព្រោះចំនួនប្រជាជននៅខេត្តសៀមរាប ក៏ដូចជាអ្នកគាំទ្រក្រុមភ្ញៀវមិនអាចមកសៀមរាបបង ប៉ុន្តែយើងនឹងមិនបោះបង់ឡើយ»។

យ៉ាងណាមិញ ម្ចាស់ក្លឹបសញ្ជាតិជប៉ុនរូបនេះ បានបន្ថែមយ៉ាងខ្លីថា៖ «យើងដាក់គោលដៅដើម្បីទទួលបានកំណត់ត្រាថ្មី និងទទួលបានជើងឯក ជាមួយអ្នកគាំទ្រ ក្រុមខ្លា ដ៏ល្អឥតខ្ចោះរបស់យើង»។

កីឡដ្ឋាន ស្មាតអរអេសអិន ដែលបំបែកបាន ៥,៨៦៣នាក់

កីឡដ្ឋានវិសាខា ដែលបំបែកបាន ៥,៥១២នាក់

យ៉ាងណាក៏ដោយ ទោះមិនអាចបំបែកបាន ប៉ុន្តែអង្គរថាយហ្គឺរ ក៏អាចស្ថិតក្នុងចំណោមកីឡដ្ឋាន ៣ដែលអាចទាក់ទាញអ្នកគាំទ្រ មកចូលរួមទស្សនាច្រើន នៅ​ក្នុង​រដូវ​កាល​២០១៩ នេះ ក្នុងនោះមានការប្រកួត​រវាង អង្គ​រថា​យ​ហ្គឺ​រ ជាមួយ ក្លឹប​បាល់ទាត់​វិសាខា កាលពី​ជំនួប​សប្ដាហ៍​ទី​៥ ដោយមាន​ចំនួន​អ្នកចូលរួម​ទស្សនា​ប្រមាណ ៤,៣០០ នាក់នៅកីឡដ្ឋានខេត្តសៀមរាប និងក្រោយមកត្រូវបានបំបែកនៅកីឡដ្ឋានវិសាខា ក្នុងជំនួបរវាងវិសាខា ជាមួយភ្នំពេញក្រោន ចំនួនដល់ ៥,៥១២នាក់ និងចុងក្រោយបំបែកដោយកីឡដ្ឋានស្មាត អរអេសអិន ( Smart RSN ) ជាមួយនឹងចំនួន ៥,៨៦៣នាក់ នេះផ្ទាល់តែម្ដង​៕

 

រូបភាព៖ PP SEA GAMES 2023

អត្ថបទ៖ ណារ៉ុង

មតិយោបល់