U-15 កម្ពុជា ជួបក្រុមកំពូលតារាងក្នុងជំនួបទី២ ប្រចាំពូល B រសៀលនេះ

មាស សុផាណារ៉ុង July 30, 2019


 

ថៃ៖ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នេះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៥ឆ្នាំ នឹងបន្តការប្រកួតទី២ របស់ខ្លួនក្នុងពូល ​B នៃពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៥ឆ្នាំ ( AFF U-15 Championship 2019 ) ដែលនឹងត្រូវជួបក្រុមកំពូលតារាង U-15 ម៉ាឡេស៊ី។

ការប្រកួតរវាងក្រុមទាំងពីរ គឺនឹងធ្វើឡើងនៅវេលាម៉ោង ៣:៣០ នាទីរសៀលដដែល នាកីឡដ្ឋានInstitute of Physical Education Chonburi Campus 2 ( IPE2 ) ដោយនឹងមានការផ្សាយផ្ទាល់តាមរយៈវេបសាយ mycujoo.tv របស់សហព័ន្ធកីឡាបាល់ទាត់ថៃ។

មុនជួបគ្នារសៀលទាំង U-15 កម្ពុជា និង U-15 ម៉ាឡេស៊ី សុទ្ធតែធ្វើបានលទ្ធផលប្លែកខុសពីគ្នាកាលពីប្រកួតដំបូង ប្រចាំពូល B នេះពោលគឺ កម្ពុជា បានរងបរាជ័យក្រោមថ្វីជើង U-15 អូស្ត្រាលី ក្នុងលទ្ធផលបច្ចេកទេស ១ទល់៣ ស្របពេលដែលម៉ាឡេស៊ី វិញ បានយកឈ្នះ ព្រុយណេ យ៉ាងចាស់ដៃ ៨ទល់០។

និយាយពីតារាងចំណាត់ថ្នាក់ប្រៀបធៀបរវាងក្រុមទាំងពីរវិញ គិតត្រឹមប្រកួតដំបូង U-15 ម៉ាឡេស៊ី កំពុងនាំមុខគេក្នុងពូល ក្រោយប្រកួតដំបូងអាចរកគ្រាប់បាល់បានដល់ទៅ ៨គ្រាប់ ខណៈ U-15 កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ៥ បន្ទាប់ពីរបូតគ្រាប់បាល់ក្រោយទូទាត់ចំនួន ២គ្រាប់។

តារាងចំណាត់ថ្នាក់ពេញលេញសម្រាប់ពូល B៖

សូមបញ្ជាក់ផងដែរថា ចំពោះបេសកកម្មប្រកួតពានរង្វាន់ AFF U-15 Championship 2019 នៅប្រទេសថៃនេះដែរ ក្រុមគោព្រៃជំទង់កម្ពុជា ស្ថិតក្នុងពូល B ជាមួយម្ចាស់ផ្ទះថៃ ម៉ាឡេស៊ី អូស្ដ្រាលី ឡាវ និងប្រ៊ុយណេ ខណៈការប្រកួតបានចាប់ផ្ដើមតាំងពីថ្ងៃទី២៧ ខែកក្កដា ហើយគ្រោងនឹងបញ្ចប់ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ដោយមានក្រុមចូលរួមសរុប ១២ក្រុម និងបែងចែកជា ២ពូលក្នុងមួយពូលមាន ៦ក្រុម៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់