អគ្គលេខាធិកាភ្នំពេញក្រោន ថានេះជាសញ្ញានៃការរីកចម្រើន ក្រោយបំបែកកំណត់ត្រាអ្នកគាំទ្រចូលទស្សនាច្រើនជាងគេក្នុងលីគម្សិលមិញ

មាស សុផាណារ៉ុង July 29, 2019


 

ភ្នំពេញ៖ ការប្រកួតរវាងក្លឹបភ្នំពេញក្រោន ជាមួយព្រះខ័នរាជស្វាយរៀង កាលពីល្ងាចថ្ងៃទី២៨ ខែកក្កដា ម្សិលមិញ បានបង្កើតកំណត់ត្រាដ៏អស្ចារ្យថ្មីមួយបន្ថែមទៀត ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ដោយមានអ្នកទស្សនាផ្ទាល់ដ៏ច្រើនរហូត ៥,៨៦៣នាក់ ពោលគឺរំលងតែមួយសប្ដាហ៍ ក្រោយកីឡដ្ឋានវិសាខា បានបំបែកកំណត់ត្រាអ្នកទស្សនាដល់ ៥,៥១២នាក់។

ក្រោយបំបែកកំណត់ត្រានៅលីគកំពូលកម្ពុជា ជាមួយនឹងចំនួនដែលមិនគួរឲ្យជឿនោះ លោក លី​ ហៀង អគ្គលេខាធិការក្លឹបបាល់ទាត់ភ្នំពេញក្រោន បានថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងពីរក្រុមដែលបានជំរុញឲ្យព្រឹត្តិការណ៍នេះកើតមានឡើងនៅកីឡដ្ឋានស្មាត អរអេសអិន ( Smart RSN )។ លោកបានលើកឡើងនៅវិបសាយផ្លូវការរបស់ក្លឹបយ៉ាងដូច្នេះថា៖ «បើនិយាយអំពីលទ្ធផលនៃការប្រកួតគឺយើងមិនសប្បាយចិត្តនោះទេ ព្រោះពួកយើងបានចាញ់ការប្រកួតនេះ ប៉ុន្តែយើងជំនួសមកវិញដោយការចូលរួមច្រើនពីអ្នកគាំទ្រដូចជាអ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោន អ្នកគាំទ្រដែលធ្វើដំណើរមកពីចំងាយខេត្តស្វាយរៀង ក្មេងៗសហគមន៍ និងក្មេងៗមកពីអង្គការផ្សេងៗទៀត»។

«ទាំងអស់នេះវាបង្ហាញឲ្យឃើញថាបាល់ទាត់នៅប្រទេសកម្ពុជាយើងមានការរីកចំរើនច្រើន ហើយយើងក៏បានឃើញដែរថាថ្នាក់ដឹកនាំនៃក្រុមទាំងពីរគឺ ឯកឧត្តម ឌី វិជ្ជា និងលោកឧកញ្ញ៉ា ឬទ្ធី សំណាង បានបង្ហាញការគោរពដល់អ្នកគាំទ្រនៃក្រុមទាំងពីរផងដែរ។ ខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នា ដែលបានជំរុញឲ្យព្រឹត្តិការណ៍កើតមានឡើងនៅកីឡដ្ឋាន Smart RSN ដែលជាទឹកដីរបស់យើង»។ លោក លី ហៀង បានបន្ថែម។

គួរ​រំលឹក​ផង​ដែរ​ថា នៅ​ក្នុង​រដូវ​កាល​២០១៩ នេះ មានការប្រកួត​រវាង អង្គ​រថា​យ​ហ្គឺ​រ ជាមួយ ក្លឹប​បាល់ទាត់​វិសាខា កាលពី​ជំនួប​សប្ដាហ៍​ទី​៥ ត្រូវ​បាន​កត់ត្រា​ថា​មាន​អ្នក​ចូល​ទស្សនា​ច្រើន​ជាង​គេ​នៅ​លី​គ​កំពូល​កម្ពុជា ក្នុង​ជុំ​ទី​១ ពោល​គឺមាន​ចំនួន​អ្នកចូលរួម​ទស្សនា​ប្រមាណ ៤,៣០០ នាក់ និងក្រោយមកត្រូវបានបំបែកនៅកីឡដ្ឋានវិសាខា ក្នុងជំនួបរវាងវិសាខា ជាមួយភ្នំពេញក្រោន ចំនួនដល់ ៥,៥១២នាក់ និងចុងក្រោយបំបែកដោយកីឡដ្ឋានស្មាត អរអេសអិន ( Smart RSN ) ជាមួយនឹងចំនួន ៥,៨៦៣នាក់ នេះផ្ទាល់តែម្ដង​៕

 

រូបភាព៖ ភ្នំពេញក្រោន – Phnom Penh Crown FC

អត្ថបទ៖ ណារ៉ុង

មតិយោបល់