ព្រះខ័នរាជស្វាយរៀង បំបែកកំណត់ត្រារបស់ណាហ្គាវើលដ៍ ក្រោយមិនទាន់ស្គាល់ពាក្យថាចាញ់ ១៧ប្រកួត

មាស សុផាណារ៉ុង July 29, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ទីបំផុតបានបំបែកកំណត់ត្រារបស់ ក្លឹបបាល់ទាត់ណាហ្គាវើលដ៍ ហើយក្នុងនាមជាក្រុមមិនស្គាល់ពាក្យថាចាញ់ទាល់តែសោះ ចំនួន១៧ប្រកួត ក្រោយបន្តយកឈ្នះលើ ភ្នំពេញក្រោន នៃលីគកំពូលកម្ពុជាកាលពីល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញ។ នេះបើធៀបទៅនឹងទិន្នន័យ នៃលីគកាលពីឆ្នាំ២០១០។

ព្រះខ័នរាជស្វាយរៀង បានបំបែកកំណត់ត្រារបស់ណាហ្គាវើលដ៍ គឺបន្ទាប់ពីយប់មិញប្រកួតឈ្នះ ២ទល់៥ លើភ្នំពេញក្រោន ក្នុងជំនួបសប្ដាហ៍ទី១៧ ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០១៩ នៅកីឡដ្ឋានស្មាត.អរអេសអិន ហើយដែលនាំឲ្យ ព្រះខ័នរាជស្វាយរៀង បានក្លាយទៅជាក្រុមដំបូងគេក្នុងរយៈពេល ៩ឆ្នាំចុងក្រោយ ដែលអាចរក្សាកំណត់ត្រាមិនដែលស្គាល់ពាក្យថាចាញ់ដល់ទៅ ១៧សប្ដាហ៍ បើធៀបទៅនឹងណាហ្គាវើលដ៍ ដែលរក្សាបានត្រឹមសប្ដាហ៍ទី១៦ កាលពីឆ្នាំ២០១០។

កាលពីឆ្នាំ២០១០ លីគកំពូលកម្ពុជា ដែលមានក្រុមចំនួន ១០ចូលរួម ណាហ្គាវើលដ៍ ( កាលនោះមានឈ្មោះថា ណាហ្គាខប ) បានបង្កើតកំណត់ត្រាមិនស្គាល់ពាក្យថាចាញ់ ដល់ទៅ១៦សប្ដាហ៍ នៃលីគ ពោលគឺ ១៦ប្រកួត ឈ្នះ៧ និងស្មើ២។

ដែលមានតែ ១៨ប្រកួត ដោយសារមានចំនួនក្រុមតែ១០ ណាហ្គាវើលដ៍ គ្រានោះធ្វើបានស្ទើរតែមិនគួរឲ្យជឿទៅហើយ ដោយក្រៅតែពីបន្តការមិនទទួលរងបរាជ័យនៅជុំទី១ ក្រុមនេះបានបន្តធ្វើបានបែបនេះរហូតដល់សប្ដាហ៍ទី១៦ ក្បែរនឹងបញ្ចប់លីគទៅហើយ ប៉ុន្តែរងបរាជ័យនៅសប្ដាហ៍ទី១៧ ក្រោមថ្វីជើងភ្នំពេញក្រោន ៤ទល់០ និងជាបរាជ័យតែមួយគត់របស់គេនៅក្នុងរដូវកាល២០១០ មុននឹងសប្ដាហ៍ចុងក្រោយ ( សប្ដាហទី១៨ ) បន្តឈ្នះ។

លទ្ធផលរបស់ណាហ្គាវើលដ៍ កាលពីឆ្នាំ២០១០៖

  • សប្ដាហ៍ទី១ ឈ្នះ ព្រែកប្រាកីឡា ( ៥ទល់០ )
  • សប្ដាហ៍ទី២ ឈ្នះ បៀលប្រាយយូណាយធីត ( ១ទល់០ )
  • សប្ដាហ៍ទី៣ ស្មើ ក្រសួងការពារជាតិ ( ២ទល់២ )
  • សប្ដាហ៍ទី៤ ស្មើ ស្វាយរៀង ( ២ទល់២ )
  • សប្ដាហ៍ទី៥ ឈ្នះ ឆ្មាខ្មៅ ( ០ទល់៦ )
  • សប្ដាហ៍ទី៦ ឈ្នះ គីរីវង់សុខសែនជ័យ ( ១ទល់២ )
  • សប្ដាហ៍ទី៧ ឈ្នះ ខេមរាកីឡា ( ០ទល់២ )
  • សប្ដាហ៍ទី៨ ឈ្នះ ឆ្លាមសមុទ្រ ( ៣ទល់១ )
  • សប្ដាហ៍ទី៩ ស្មើ ភ្នំពេញក្រោន ( ២ទល់២ )
  • សប្ដាហ៍ទី១០ ឈ្នះ ព្រែកប្រា ( ១ទល់២ )
  • សប្ដាហ៍ទី១១ ស្មើ បៀលប្រាយយូណាយធីត ( ១ទល់១ )
  • សប្ដាហ៍ទី១២ ឈ្នះ ក្រសួងការពារជាតិ ( ០ទល់១ )
  • សប្ដាហ៍ទី១៣ ឈ្នះ ស្វាយរៀង ( ២ទល់១ )
  • សប្ដាហ៍ទី១៤ ឈ្នះ ឆ្មាខ្មៅ ( ៧ទល់០ )
  • សប្ដាហ៍ទី១៥ ឈ្នះ ខេមរាកីឡា ( ៤ទល់៣ )
  • សប្ដាហ៍ទី១៦ ឈ្នះ គីរីវង់សុខសែនជ័យ ( ១ទល់០ )
  • សប្ដាហ៍ទី១៧ ចាញ់ ភ្នំពេញក្រោន ( ៤ទល់០ )

ណាហ្គាវើលដ៍ បានបញ្ចប់ទៅដោយទទួលបានចំណាត់ថ្នាក់លេខ១ ប៉ុន្តែកាលឆ្នាំ២០១០ មានការប្រកួតខ្វែងរវាងក្រុមកំពូល៤ ដែលរួមមាន ណាហ្គាវើលដ៍, បៀលប្រាយយូណាយធីត, ព្រះខ័នរាជ ( បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង ) និងភ្នំពេញក្រោន យ៉ាងណាមិញ ជើងឯកគឺបានទៅលើ ភ្នំពេញក្រោន បន្ទាប់ពីបានយកឈ្នះ ព្រះខ័នរាជ នៅវគ្គផ្ដាច់ព្រ័ត្រ។

ដោយឡែកសម្រាប់ឆ្នាំ២០១៩ ព្រះខ័នរាជស្វាយរៀង ក្នុងលីគដែលមាន១៤ក្រុម ក្រុមនេះបានបំបែកកំណត់ត្រារបស់ណហ្គាវើលដ៍ ដោយ ១៧ប្រកួត ក្នុងនោះព្រះខ័នរាជស្វាយរៀង ប្រកួតឈ្នះ១៤ និងស្មើ៣។

លទ្ធផលរបស់ព្រះខ័នរាជស្វាយរៀង ឆ្នាំ២០១៩៖

  • សប្ដាហ៍ទី១ ឈ្នះ អគ្គស្នងការដ្ឋាននគរបាលជាតិ ( ២ទល់០ )
  • សប្ដាហ៍ទី២ ឈ្នះ សូលទីឡូអង្គរ ( ០ទល់១ )
  • សប្ដាហ៍ទី៣ ឈ្នះ គីរីសុខសែនជ័យ ( ០ទល់២ )
  • សប្ដាហ៍ទី៤ ឈ្នះ ភ្នំពេញក្រោន ( ៥ទល់១ )
  • សប្ដាហ៍ទី៥ ឈ្នះ អគ្គិសនីកម្ពុជា ( ០ទល់១ )
  • សប្ដាហ៍ទី៦ ស្មើ អង្គរថាយហ្គឺរ ( ១ទល់១ )
  • សប្ដាហ៍ទី៧ ឈ្នះ កំពង់ចាម ( ០ទល់១៣ )
  • សប្ដាហ៍ទី៨ ស្មើ បឹងកេត ( ២ទល់២ )
  • សប្ដាហ៍ទី៩ ឈ្នះ យុវជនបាទី ( ០ទល់៣ )
  • សប្ដាហ៍ទី១០ ឈ្នះ វិសាខា ( ៥ទល់៣ )
  • សប្ដាហ៍ទី១១ ឈ្នះ ក្រសួងការពារជាតិ ( ១ទល់២ )
  • សប្ដាហ៍ទី១២ ឈ្នះ អាស៊ីអឺរ៉ុបយូណាយធីត ( ០ទល់២ )
  • សប្ដាហ៍ទី១៣ ស្មើ ណាហ្គាវើលដ៍ ( ០ទល់០ )
  • សប្ដាហ៍ទី១៤ ឈ្នះ អគ្គស្នងការរដ្ឋាននគរបាលជាតិ ( ០ទល់២ )
  • សប្ដាហ៍ទី១៥ ឈ្នះ សូលទីឡូអង្គរ ( ៦ទល់១ )
  • សប្ដាហ៍ទី១៦ ឈ្នះ គីរីវង់សុខសែនជ័យ ( ២ទល់១ )
  • សប្ដាហ៍ទី១៧ ឈ្នះ ភ្នំពេញក្រោន ( ២ទល់៥ )

ជាមួយគ្នាក្រោយបំបែកកំណត់ត្រាចាស់របស់ ណាហ្គាវើលដ៍ គ្រូបង្វឹករបស់ព្រះខ័នរាជស្វាយរៀង លោក Conor Nestor បានលើកឡើងថា៖ «វាជាសមិទ្ធផលដ៏ល្អមួយសម្រាប់ក្រុម ហើយកំណត់ត្រាក្នុងរយៈពេល១០ឆ្នាំបែបនេះ សម្រាប់ហេតុផល គឺដោយសារវាពិតជាលំបាកណាស់ក្នុងការធ្វើរឿងនេះ។ នៅពេលដែលអ្នកសម្លឹងមើលលីគ នាពេលបច្ចុប្បន្នជាមួយនឹងក្រុមដូចជាវិសាខា ដែលទើបតែឡើងមកលីគ ហើយក៏ដូចជាសូលទីឡូអង្គរ និងគិរីវង់ ដែលបានបង្ហាញថាពួកគេអាចផ្តួលក្រុមធំៗ»។

លោកបានបន្តថា៖ «បំបែកកំណត់ត្រាចាស់១០ឆ្នាំ គឺជារឿងដែលគួរឱ្យចាប់អារម្មណ៍ព្រោះលីគនេះបច្ចុប្បន្នមានលក្ខណៈប្រកួតប្រជែងខ្លាំង។ កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ ត្រូវតែផ្តល់ទៅឲ្យកីឡាកររបស់យើង ដែលពួកគេបានបង្ហាញរាល់សប្តាហ៍នូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការប្រកួតពីមូយប្រកួតទៅមួយប្រកួត»។

សូមបញ្ជាក់ថា លីគកំពូលកម្ពុជា រដូវកាល២០១៩ នៅសល់ ៩ប្រកួតទៀត ដោយគ្រោងនឹងបញ្ចប់នៅដើមខែវិច្ឆិកា ឆ្នាំដដែលនេះ៕ ចាំមើលថាតើព្រះខ័នរាជស្វាយរៀង អាចបំបែកកំណត់ត្រាមិនស្គាល់ពាក្យថាចាញ់ ពេញមួយរដូវកាល ដូចដែលណាហ្គាវើលដ៍ ធ្លាប់ធ្វើបានកាលពីឆ្នាំ២០០៧ ដែរឬទេ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់