លោក Conor Nestor សរសើរកូនក្រុមដែលឆ្លើយតបបានយ៉ាងល្អ លើការវាយបកយកឈ្នះភ្នំពេញក្រោន

មាស សុផាណារ៉ុង July 29, 2019


 

ភ្នំពេញ៖ លោក Conor Nestor គ្រូបង្វឹកក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានសរសើរចំពោះកូនក្រុមរបស់ខ្លួន ចំពោះការឆ្លើយតបបានយ៉ាងល្អ លើការវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ២ទល់៥ ក្នុងជំនួបសប្ដាហ៍ទី១៧ កាលពីម្សិលមិញ។

ឆ្លើយឆ្លងតាមរយៈសារអេឡិចត្រូនិច លោក Conor បាននិយាយថា៖ «និយាយឱ្យត្រង់ទៅខ្ញុំគិតថាយើងអាចលេងបានល្អប្រសើរ ហើយយើងបានឆ្លើយតបបានយ៉ាងល្អ នៅពេលដែលយើងត្រូវគេនាំមុខ ហើយត្រលប់មកវាយបកវិញ ហើយនៅពេលដែលយើងវាយបកហើយ យើងគិតថាយើងស្ថិតក្នុងដំណាក់កាលដែលលេងបានកាន់តែល្អក្នុងរយៈពេលយូរគួរសម ប៉ុន្តែនៅពេលដែលលទ្ធផល ៥-១ យើងបានអនុញ្ញាត្តិឲ្យ ភ្នំពេញក្រោន ធ្វើការវាយបកយ៉ាងខ្លាំង។ អាចទាត់បាល់បញ្ចូលទីបាន ៥គ្រាប់ពីក្រុមម្ចាស់ និងជាក្រុមល្អផងនោះគឺជាអ្វីដែលគួរឱ្យសប្បាយរីករាយ»។

គ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះ បានបន្តទៀតថា៖ «ខ្ញុំគិតថា យើងបានគ្រប់គ្រងការប្រកួតស្ទើរតែទាំងស្រុងនៃការប្រកួត ប៉ុន្តែនៅពេល ៥ទល់១ ខ្ញុំគិតថា ភ្នំពេញក្រោន មានការគ្រប់គ្រងបាល់មកវិញ ហើយប្រយុទ្ធច្រើនផងដែរ»។

រដូវកាល ២០១៩នេះ លោកបានដឹកនាំព្រះខ័នរាជស្វាយរៀង យកឈ្នះ ភ្នំពេញក្រោន សរុបទាំង២ជើង ១០ទល់៣ បានសេចក្ដីថាអាចរកគ្រាប់បាល់បាន ១០គ្រាប់ជាមួយនឹងក្រុមម្ចាស់ជើងឯកលីគកំពូលកម្ពុជា ៦សម័យកាលមួយនេះ។ ជាមួយគ្នាផងដែរលោកមានយោបល់ថា៖ «បាទ វាគឺជាកិត្តិយសដល់កីឡាកររបស់យើង ហើយបើអ្នកមើលទៅប្រភេទនៃគ្រាប់បាល់ដែលយើងទាត់បញ្ចូលទី វាមានទាំង ការរៀបចំ ( Set Piece ), ការវាយបក និងការគ្រប់គ្រង់បាល់។ ក្រុមនេះអាចធ្វើឲ្យគូប្រជែងរបស់ខ្លួនឈឺចាប់ ក្នុងគ្រប់ស្ថានភាពជាច្រើន ហើយមើលឃើញថាកីឡាកររបស់យើងធ្វើការយ៉ាងលំបាករាល់ថ្ងៃ ដែលពួកគេសមនឹងទទួលបានបែបនេះ»។

គួរដឹងថា ក្រោយយកឈ្នះភ្នំពេញក្រោន ក្រុមដឹកនាំដោយគ្រូបង្វឹកជនជាតិអៀកឡង់មួយនេះ បន្តឈរនៅកំពូលតារាងដដែល ដោយមាន ៤៥ពិន្ទុក្នុងដៃ ពីការប្រកួតចំនួន ១៧ដង ក្រោយឈ្នះ១៤ ស្មើ៣ និងអ្វីដែលសំខាន់មិនដែលស្គាល់ពាក្យថាចាញ់៕

 

រូបភាព៖ ភ្នំពេញក្រោន – Phnom Penh Crown FC

អត្ថបទ៖ ណារ៉ុង

មតិយោបល់