U-18 កម្ពុជា ចេញទៅបោះជំរំហ្វឹកហាត់មុនមួយសប្ដាហ៍នៅវៀតណាម ថ្ងៃត្រង់នេះ

មាស សុផាណារ៉ុង July 29, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៨ឆ្នាំ នឹងចេញទៅហ្វឹកហាត់នៅប្រទេសវៀតណាម មុនមួយសប្ដាហ៍ដើម្បីត្រៀមប្រកួតពានរង្វាន់ជម្រើសជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៨ឆ្នាំ ( AFF U-18 Championship 2019 ) នៅប្រទេសវៀតណាម ផ្ទាល់តែម្ដង នៅម៉ោង ១២:៣០ នាទីថ្ងៃត្រង់ទី២៩ ខែកក្កដា នេះ។

តាមការបញ្ជាក់ពីមន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថានឹងចាកចេញពីមាតុប្រទេសទៅបោះជំរំហ្វឹកហាត់មួយសប្ដាហ៍មុន នាទីក្រុងហូជីមិញ ប្រទេសវៀតណាម នៅវេលាម៉ោង ១២:៣០ នាទីថ្ងៃត្រង់ តាមជើងហោះហើរលេខ VN921 ហើយគ្រោងនឹងទៅដល់នាវេលាម៉ោង ១៥:១៥ នាទីរសៀលថ្ងៃដដែល។

សូមបញ្ជាក់ថា បន្ទាប់ពីទៅដល់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៨ឆ្នាំ នឹងចាប់ផ្ដើមហ្វឹកហាត់ពីថ្ងៃទី៣០ ខែកក្កដា តទៅនឹងបន្តរហូតដល់ថ្ងៃប្រកួតតែម្ដង ពោលគឺនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ដែលជាថ្ងៃប្រកួតបើកឆាករបស់កម្ពុជា ទល់ជាមួយ អូស្ត្រាលី ហើយក្រៅតែពីការប្រមូលផ្ដុំហ្វឹកហាត់ ក្រុមគោព្រៃជំទង់កម្ពុជា ក៏នឹងមានការប្រកួតកម្ដៅសាច់ដុំដកស្រង់បច្ចេកទេសចំនួន ២ប្រកួត ផងដែរជាមួយក្រុមដែលនៅប្រទេសវៀតណាមផ្ទាល់ ប៉ុន្តែពុំបានបញ្ជាក់សមាសភាពក្រុមដែលកម្ពុជា ត្រូវប្រកួតដកស្រង់បច្ចេកទេសនោះឡើយ។

គួររំលឹកផងដែរថា កម្ពុជា ត្រូវចូលរួមប្រកួតពានរង្វាន់ AFF U-18 Championship 2019 ដែលវៀតណាម ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៩ ខែសីហា ខាងមុខ កម្ពុជា ស្ថិតក្នុងពូល B ជាមួយក្រុមខ្លាំងៗ ដូចជាថៃ, ម៉ាឡេស៊ី, សិង្ហបុរី, អូស្ដ្រាលី និងម្ចាស់ផ្ទះវៀតណាម។ រីឯពូល A មានដូចជាមីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ឡាវ ប្រ៊ុយណេ ហ្វីលីពីន និងទីម័រខាងកើត ខណៈព្រឹត្តិការណ៍នេះរាល់ការប្រកួតរបស់ក្រុមជម្រើសជាតិ U-18 កម្ពុជា ក៏នឹងមានការផ្សាយបន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាស ( HDTV ) ផងដែរ៕

 

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់