U-18 កម្ពុជា ចេញទៅវៀតណាម ហ្វឹកហាត់មុនមួយសប្ដាហ៍ មុនតតាំងក្រុមខ្លាំងៗក្នុងពូលមរណនៃពាន AFF U18

មាស សុផាណារ៉ុង July 28, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( FFC ) គ្រោងនឹងបញ្ជូនក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៨ឆ្នាំកម្ពុជា ទៅហ្វឹកហាត់នៅប្រទេសវៀតណាម មុនមួយសប្ដាហ៍ដើម្បីត្រៀមប្រកួតពានរង្វាន់ជម្រើសជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៨ឆ្នាំ ( AFF U-18 Championship 2019 ) នៅប្រទេសវៀតណាម ផ្ទាល់តែម្ដង។

តាមការបញ្ជាក់ពីមន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថាសមាសភាពក្រុមទាំងមូលដែលស្ថិតក្រោមការដឹកនាំ ដោយគ្រូបង្វឹកសញ្ជាតិជប៉ុន លោក Gyotoku Koji គ្រោងនឹងចាកចេញពីមាតុប្រទេសទៅបោះជំរំហ្វឹកហាត់មួយសប្ដាហ៍មុន នាទីក្រុងហូជីមិញ ប្រទេសវៀតណាម នៅថ្ងៃទី២៩ ខែកក្កដា ស្អែកនេះ ហើយចាប់ផ្ដើមហ្វឹកហាត់ពីថ្ងៃទី៣០ ខែកក្កដា នឹងបន្តរហូតដល់ថ្ងៃប្រកួតតែម្ដង ពោលគឺនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ដែលជាថ្ងៃប្រកួតបើកឆាករបស់កម្ពុជា ទល់ជាមួយ អូស្ត្រាលី។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រៅតែពីការប្រមូលផ្ដុំហ្វឹកហាត់ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៨ឆ្នាំ ក៏នឹងមានការប្រកួតកម្ដៅសាច់ដុំដកស្រង់បច្ចេកទេសចំនួន ២ទៅ៣ប្រកួត ផងដែរជាមួយក្រុមដែលនៅប្រទេសវៀតណាមផ្ទាល់ ប៉ុន្តែពុំបានបញ្ជាក់សមាសភាពក្រុមដែលកម្ពុជា ត្រូវប្រកួតដក់ស្រង់បច្ចេកទេសនោះឡើយ។

គួរដឹងដែរថាមុនចាកចេញទៅប្រទេសវៀតណាម ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៨ឆ្នាំ ត្រូវបានសម្រិតសម្រាំងជាច្រើនដំណាក់កាល ពោលគឺដំណាក់កាលនៃការកោះហៅកីឡាករមកធ្វើតេស្តនៅដំណាក់កាលបឋម ចន្លោះពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា បានកោះហៅកីឡាករ ៣០នាក់ ហើយជម្រុះបាន ២១នាក់ បន្ទាប់មកបន្តដំណាក់កាលទី២ ក្នុងចំណោម ២១នាក់ ជម្រុះមកនៅត្រឹម ១៥នាក់ ដើម្បីយកទៅបង្រ្គប់ជាមួយឈុតចុងក្រោយ ( ភាគច្រើនបូកជាមួយយុវជនសាលាបាល់ទាត់ជាតិបាទី ) នៅដំណាក់កាលទី៣ សរុប ២៨នាក់ ហើយប្រមូលផ្ដុំហ្វឹកហាត់ចំនួន ៣ដំណាក់កាលផ្សេងទៀត ចន្លោះថ្ងៃផ្សេងៗគ្នា ( ដំបូងថ្ងៃទី០៩ បន្ទាប់មកនៅថ្ងៃទី១៦ និងចុងក្រោយថ្ងៃទី២៣ ខែកក្កដា ) រហូតដល់សម្រេចបានកីឡាករ ២៣នាក់ចុងក្រោយ នៅថ្ងៃទី២៦ ខែដដែល ឆ្នាំ២០១៩។

ចំពោះបេសកកម្មចូលរួមប្រកួតពានរង្វាន់ AFF U-18 Championship 2019 ដែលវៀតណាម ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៩ ខែសីហា ខាងមុខ កម្ពុជា ស្ថិតក្នុងពូល B ជាមួយក្រុមខ្លាំងៗ ដូចជាថៃ, ម៉ាឡេស៊ី, សិង្ហបុរី, អូស្ដ្រាលី និងម្ចាស់ផ្ទះវៀតណាម។ រីឯពូល A មានដូចជាមីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ឡាវ ប្រ៊ុយណេ ហ្វីលីពីន និងទីម័រខាងកើត។

ការប្រកួតបើកឆាក U-18 កម្ពុជា ត្រូវប៉ះអូស្ដ្រាលី មុនគេ នាថ្ងៃទី០៧ ខែសីហា។ សម្រាប់ព្រឹត្តិការណ៍ AFF U-18 Championship 2019 នេះរាល់ការប្រកួតរបស់ក្រុមជម្រើសជាតិ U-18 កម្ពុជា គឺនឹងមានការផ្សាយបន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាស (HDTV) ផងដែរ៕

 

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា | ASEANfootball.org

អត្ថបទ៖ ណារ៉ុង

មតិយោបល់