គ្រូភ្នំពេញក្រោន រំពឹងបង្អាក់ដំណើរព្រះខ័នរាជស្វាយរៀង បើកផ្លូវដល់ក្រុមផ្សេង

មាស សុផាណារ៉ុង July 28, 2019


 

ភ្នំពេញ៖ លោក ស៊ុំ វណ្ណា គ្រូបង្វឹកក្លឹបភ្នំពេញក្រោន បានកំណត់គោលដៅយ៉ាងមុតមាំ សម្រាប់ការត្រៀមបើកទ្វារផ្ទះទទួលក្លឹបព្រះខ័នរាជស្វាយរៀង នាថ្ងៃអាទិត្យនេះ ដោយលោកប្ដេជ្ញានឹងយកឈ្នះ ឬស្មើ ដើម្បីបង្អាក់ដំណើរក្រុមកំពូលតារាងនេះ ហើយបើកផ្លូវឲ្យក្រុមផ្សេងៗ ធ្វើការប្រកួតប្រជែងកាន់តែជក់ចិត្ត ក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០១៩។

គ្រូបង្វឹកបណ្ដោះអាសន្នរូបនេះ បានបញ្ជាក់ថា៖ «សប្ដាហ៍នេះ យើងនឹងខំឲ្យអស់ពីលទ្ធភាព ដើម្បីបង្អាក់ដំណើររបស់គាត់ (ព្រះខ័នរាជស្វាយរៀង) ព្រោះអីលេខ១ របស់គាត់ហ្នឹងល្អពេក យើងនឹងរៀបចំយ៉ាងណា ដើម្បីបង្អាក់ដំណើរ ឬកាត់បន្ថយពិន្ទុរបស់គាត់ ហើយឲ្យក្រុមនានាទៀត ដែលជាក្រុមធំដូចគ្នា មានឱកាសលេងជាមួយគាត់ និងបង្អាក់ដំណើរគាត់ ដើម្បីកុំឲ្យពិន្ទុដាច់ឆ្ងាយពីគ្នាពេក។»

ការលើកឡើងនេះ ហាក់មិនផ្ដោតលើផលចំណេញក្លឹបនោះទេ ផ្ទុយទៅវិញ លោកចង់ឲ្យលីគកំពូលកម្ពុជាមានការប្រកួតប្រជែងខ្លាំង និងទាក់ទាញផងដែរ។ លោកបន្តថា៖ «កាលណាពិន្ទុ មិនដាច់ឆ្ងាយពេក វាអាចល្អសម្រាប់ក្រុមធំផ្សេងៗ អាចប្រជែងជាមួយគាត់ និងធ្វើលីគយើង មានការប្រកួតប្រជែងខ្លាំង តែបើពិន្ទុដាច់ឆ្ងាយពេក ធ្វើឲ្យក្រុមផ្សេងៗអស់សង្ឃឹម…។ អញ្ចឹងក្រុមផ្សេងៗ ក៏ត្រូវមានគោលដៅរបស់គាត់ដែរ។»

អតីតគ្រូបង្វឹកក្លឹបវេស្ទើនភ្នំពេញដដែល បានបញ្ចាក់ថា ជាគោលការណ៍ប្រកួតក្នុងទឹកដី ភ្នំពេញក្រោន ត្រូវការពារ ៣ពិន្ទុ ឬយ៉ាងហោច ១ពិន្ទុឲ្យបាន មិនឲ្យក្រុមភ្ញៀវយក ៣ពិន្ទុពីទឹកដីខ្លួនឡើយ ទោះបីប្រកួតកន្លងមក ពួកគេមានភ្លាត់ចាញ់ក៏ដោយ។

ប៉ុន្ដែប៉ះព្រះខ័នរាជស្វាយរៀង ថ្ងៃនេះ លោកប្ដេជ្ញានឹងរៀបចំក្រុមឲ្យបានល្អបំផុត ដើម្បីស្វាគមន៍ការប្រកួត ដែលលោកចាត់ទុកជាការប្រកួតដ៏ធំប្រចាំរដូវកាល ឆ្នាំ២០១៩ នេះ។

សូមបញ្ជាក់ថា កាលពីជើងទី១ ភ្នំពេញក្រោន បានចាញ់ព្រះខ័នរាជស្វាយរៀង ៥ទល់១ ក្រៅដី ហើយជើងទី២ ក្រុមទាំងពីរ នឹងត្រូវជួបគ្នា នាវេលាម៉ោង ៦ល្ងាច នៅកីឡដ្ឋាន Smart RSN វិញម្ដង។

ក្រឡេកទៅមើលរដូវកាលមុន ក្រុមទាំងពីរ បានឈ្នះ-ចាញ់គ្នាទៅវិញទៅមក ជាក់ស្ដែងរដូវកាលមុន ជើងទី១ ព្រះខ័នរាជស្វាយរៀង ឈ្នះក្នុងដី ៦ទល់៣ ហើយជើងទី២ ភ្នំពេញក្រោន ឈ្នះក្នុងដីវិញ ២ទល់១។ ហេតុនេះ ចាំមើលថ្ងៃអាទិត្យនេះ ភ្នំពេញក្រោន អាចសងសឹកព្រះខ័នរាជស្វាយរៀងបានវិញ ឬយ៉ាងណា?

 

អត្ថបទ៖ បុត្រា

មតិយោបល់