ប៉ះ U15 អូស្ដ្រាលី រសៀលនេះ គ្រូកម្ពុជា បារម្ភតិចតួច ក្នុងជំនួបបើកឆាកពាន AFF U-15

មាស សុផាណារ៉ុង July 28, 2019


 

ភ្នំពេញ៖ លោក Inoue Kazunori គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៥ឆ្នាំ បានបង្ហាញការបារម្ភតិចតួច ចំពោះការប្រកួតបើកឆាកពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៥ឆ្នាំ ( AFF U-15 Championship 2019 ) ដែលត្រូវជួបក្រុមជម្រើសជាតិ U-15 អូស្ដ្រាលី នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ នេះ។

U15 កម្ពុជា កាលពីជំនួបមិត្តភាពជាមួយ U15 ចិន នៅភ្នំពេញ

គ្រូបង្វឹកជនជាតិជប៉ុនរូបនេះ បានបញ្ជាក់មុនការប្រកួតមកដល់ថា៖ «ការជួបជាមួយក្រុម U-15 អូស្ដ្រាលី ថ្ងៃដំបូង យើងមានការព្រួយបារម្ភមួយចំនួន ប៉ុន្ដែយើងបានស្វែងយល់ពីបច្ចេកទេសរបស់កីឡាករមួយចំនួនរបស់ពួកគេ ដូច្នេះមុនជួបគ្នា យើងក៏បានពង្រឹងគុណភាពលេង និងយុទ្ធសាស្ដ្រលេងផងដែរ។»

បន្ថែមលើសពីនេះ លោកបានអះអាងថា កូនក្រុមលោកបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីប្រកួតប្រជែងក្នុងពានរង្វាន់យុវជនប្រចាំតំបន់មួយនេះ បន្ទាប់ពីលោកខិតខំបណ្ដុះបណ្ដាលពួកគេ ទាំងបច្ចេកទេស និងចំណុចខ្វះខាតរបស់កីឡាករម្នាក់ៗ ទោះបីពេលវេលាប្រមូលផ្ដុំហ្វឹកហាត់រៀងខ្លីបន្ដិចក្ដី។ លោកជឿជាក់ U-15 កម្ពុជា នឹងធ្វើបានល្អក្នុងព្រឹត្តិការណ៍នេះ។

សម្រាប់ជំនួបដំបូងរវាង ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៥ឆ្នាំ ជាមួយ ក្រុមជម្រើសជាតិអូស្ត្រាលីអាយុក្រោម១៥ឆ្នាំ គឺនឹងធ្វើឡើងនៅវេលាម៉ោង ៣:៣០ នាទីរសៀល លើទីលាន Institute of Physical Education Chonburi Campus 2 ( IPE2 ) ដោយនឹងមានការផ្សាយផ្ទាល់តាមរយៈតំណរផ្ជាប់នេះ ចុចដើម្បីទស្សនាការផ្សាយផ្ទាល់

ចំពោះបេសកកម្មប្រកួតពានរង្វាន់ AFF U-15 Championship 2019 នៅប្រទេសថៃនេះដែរ ក្រុមគោព្រៃជំទង់កម្ពុជា ស្ថិតក្នុងពូល B ជាមួយម្ចាស់ផ្ទះថៃ ម៉ាឡេស៊ី អូស្ដ្រាលី ឡាវ និងប្រ៊ុយណេ ខណៈការប្រកួតនឹងធ្វើឡើងពីថ្ងៃទី២៧ ខែកក្កដា រហូតដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ដោយមានក្រុមចូលរួមសរុប ១២ក្រុម និងបែងចែកជា ២ពូលក្នុងមួយពូលមាន ៦ក្រុម៕

 

អត្ថបទ៖ បុត្រា

មតិយោបល់