ការលើកឡើងទាំងស្រុងរបស់គ្រូបង្វឹក ក្រុមរួមពូលជាមួយ U-15 កម្ពុជា ក្នុងពានយុវជនអាស៊ីអាគ្នេយ៍

មាស សុផាណារ៉ុង July 27, 2019


 

ថៃ៖ ការប្រកួតពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៥ឆ្នាំ ( AFF U-15 Championship 2019 ) ដែលនឹងចាប់ផ្ដើមពីថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៩ នេះសម្រាប់ពូល A ស្របពេលដែលមុនការប្រកួតមកដល់គ្រូបង្វឹកទាំង៥ ប្រចាំពូល B សុទ្ធតែបានលើកឡើងស្រដៀងគ្នា នៅក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញ។

ពូល B មានម្ចាស់ផ្ទះថៃ បូករួមជាមួយ អូស្ត្រាលី, ម៉ាឡេស៊ី, ឡាវ និងព្រុយណេ ខណៈគ្រូបង្វឹកទាំង៥ រូបបានលើកឡើងចំនុចស្រដៀងគ្នាជាច្រើនគឺពាក់ព័ន្ធជាមួយនឹងការប្រមូលផ្ដុំមានរយៈពេលខ្លី លើកលែងតែម្ចាស់ផ្ទះថៃ ដែលបានត្រៀមខ្លួនរយៈពេលយូរណាស់មកហើយ ដោយបានចេញទៅហ្វឹកហាត់នៅអេស៉្បាញផងដែរ មុននឹងត្រូវតតាំងគ្នានៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ ស្អែកនេះ។

សម្ដីគ្រូបង្វឹកថៃ លោក Salvador Valero Garcia៖

«ខ្ញុំបានមកដល់ទីនេះ ២ឆ្នាំហើយ ហើយខ្ញុំបានក្មេងជំនាន់ ២០០៤ នេះ ១ឆ្នាំនឹង៣ខែហើយ។ កាលពីខែមេសា យើងបានទៅប្រទេសអេស៉្បាញ ២សប្ដាហ៍ជាមួយនឹងការហ្វឹកហាត់ ក៏ដូចជាប្រកួតជាមួយក្រុមយុវជនរបស់ក្លឹបនៅ ​La Liga ហើយ ២សប្ដាហ៍ចុងក្រោយនេះ យើងហ្វឹកហាត់នៅឈៀងម៉ៃ»។

គ្រូបង្វឹកសញ្ជាតិអេស៉្បាញដដែលរូបនេះបន្តថា៖ «យើងដឹងថា នឹងមានសម្ពាធសម្រាប់ក្រុម ប៉ុន្តែយើងរំពឹងថានឹងបង្ហាញនូវទម្រង់លេងដ៏ល្អ ហើយបន្តធ្វើការអភិវឌ្ឍន៍។ យើងព្យាយាមរៀបចំដើម្បីការប្រកួតជម្រុះយុវជនអាស៊ីនៅខែកញ្ញា ដែលនេះទ់បជាគោលដៅធំរបស់យើង»

សម្ដីគ្រូអូស្ត្រាលី លោក Trevor Morgan៖

«ការរៀបចំរបស់យើងសម្រាប់ការប្រកួតនេះគឺថ្មីបំផុត យើងទើបតែបោះជំរំហ្វឹកហាត់រយៈខ្លីមួយនៅ Sydney មុនពេលយើងចាកចេញមកទីនេះ។ ប៉ុន្តែមុននោះ យើងមានការងារជាក្រុមតូចៗជាច្រើននៅទូទាំងប្រទេស។ គ្មានកីឡាករយើងណាម្នាក់មានបទពិសោធលើឆាកអន្តរជាតិសម្រាប់ប្រទេសរបស់ពួកគេទេ ភាគច្រើនគេលេងឱ្យក្លឹបរបស់ពួកគេនៅឯបរទេស។ ក្នុងរយៈពេលតែ ២ថ្ងៃ វានឹងក្លាយជាលើកដំបូងដែលពួកគេនឹងពាក់អាវជម្រើសជាតិ ដូច្នេះវានឹងក្លាយជាពេលវេលាដ៏មោទកភាព សម្រាប់ពួកគេ។ យើងទន្ទឹងរង់ចាំសម្រាប់ការប្រកួតនេះ និងក្រុមដទៃទៀតដូចគ្នា ដើម្បីត្រៀមប្រកួតជម្រុះអាស៊ី»។

សម្ដីគ្រូឡាវ លោក Selvarajah Vengadalam៖

«ការរៀបចំរបស់យើងគឺនៅតែក្នុងស្រុក ហើយយើងបានធ្វើការប្រកួតក្នុងស្រុកខ្លះ។ កីឡាករយើងមកនៅទីនេះ សម្រាប់ការប្រកួតប្រជែង។ វាជាឱកាសដ៏ល្អសម្រាប់កីឡាករ ដូច្នេះយើងនឹងរង់ចាំមើលពួកគេនឹងឈរកន្លែងណា»។

សម្ដីគ្រូកម្ពុជា លោក Inoue Kazunori៖

ដែលបាននាំក្រុមរបស់ខ្លួន មកក្រៅប្រទេសជាផ្នែកមួយនៃការកសាងសម្រាប់ការប្រកួតនេះ លោកបាននិយាយថាក្រុមរបស់លោកនឹងព្យាយាមផ្តល់នូវអ្វីដែលល្អបំផុត។ លោកបានបញ្ជាក់ថា៖ «យើងបានជ្រើសរើសកីឡាករមកពីសាលាបាល់ទាត់ជាតិ។ ការរៀបចំរបស់យើងបានចាប់ផ្តើមនៅខែមេសា ហើយទើបតែ ២សប្តាហ៍មុន យើងមានការប្រកួតជាមួយចិន»។

សម្ដីគ្រូព្រុយណេ លោក Mohammad Ikhmarol៖

«វាគឺជាការប្រកួតដំបូងសម្រាប់ក្មេងៗរបស់យើង។ កាលពីខែមីនា យើងបានបោះជំរំហ្វឹកហាត់នៅឥណ្ឌូនេស៊ី។ នេះនឹងអាចជាការបង្ហាញសញ្ញាល្អសម្រាប់កីឡាកររបស់យើង»។

សម្ដីគ្រូម៉ាឡេស៊ី លោកP. Maniam៖ 

ក្រុមរបស់លោកទើបតែឈ្នះពានមិត្តភាពមួយនៅចិន និងបានបង្ហាញថាលោកមានកីឡាករដល់ទៅ ៥០នាក់ នៃចំណោមកីឡាករ ២៣នាក់ដែលត្រូវបានជ្រើសរើសឡើងមកប្រកួតនៅទីនេះ។ លោកថា៖ «វានឹងមានឥទ្ធិពលល្អសម្រាប់កីឡាករទាំងនេះ ហើយវាជាការត្រៀមក្នុងលេងវគ្គជម្រុះជើងឯកយុវជនអាស៊ី»។

សូមបញ្ជាក់ថា ពូល B នៃពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម១៥ឆ្នាំ ( AFF U-15 Championship 2019 ) នឹងចាប់ផ្ដើមនៅថ្ងៃទី២៨ ខែកក្កដា ស្អែកនេះ ដោយប្រកួតដំបូង U-15 កម្ពុជា ត្រូវប៉ះ អូស្ត្រាលី៕

កម្មវិធីប្រកួតរបស់ U-15 កម្ពុជា៖

 

រូបភាព៖ ช้างศึก | aseanfootball

អត្ថបទ៖ ណារ៉ុង

មតិយោបល់