ព្រះខ័នរាជស្វាយរៀង បន្ដកុងត្រាលោក Conor Nestor ២ឆ្នាំទៀតខណៈដឹកនាំក្រុមមិនស្គាល់ចាញ់

នូ មករា July 26, 2019


ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៦ ខែកក្កដានេះ ក្លឹបព្រះខ័នរាជស្វាយរៀង បានប្រកាសដំណឹងគួរឲ្យចាប់អារម្មណ៍មួយ ជុំវិញការបន្ដកុងត្រាថ្មីរយៈពេល ២ឆ្នាំ ដល់គ្រូបង្វឹកលោក Conor Nestor ដែលកំពុងកាន់កំណត់ត្រាដឹកនាំក្រុមមិនទាន់ស្គាល់ពាក្យចាញ់ ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ។

ក្លឹបកំពុងឈរកំពូលតារាងលីគកំពូលកម្ពុជា សប្ដាហ៍ទី១៦ បានបង្ហោះលើបណ្ដាញសង្គមខ្លួនថា៖ «ពួកយើងពិតជាមានក្តីសប្បាយរីករាយខ្លាំងមែនទែន នៅក្នុងការជម្រាបជូនជាផ្លូវការថា ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងរបស់យើងបានសម្រេចបន្តកុងត្រាថ្មីជាមួយគ្រូបង្វឹក Conor Nestor ដែលពួកយើងពិតជាចង់ឃើញលោកនៅបន្តដឹកនាំក្រុមក្នុងរយៈពេលពីរឆ្នាំបន្ថែមទៀត»

ប្រភពដដែលបានបញ្ជាក់ថា៖ «ចំពោះអ្នកទាំងអស់គ្នា ដែលនៅក្នុងក្រុមព្រះខ័នរាជភ្នំពេញស្វាយរៀង ពិតជាមានក្តីរំភើបរីករាយខ្លាំងណាស់ នៅក្នុងការបន្តដំណើររបស់ពួកយើងជាមួយនឹងលោកគ្រូ Conor ហើយពួកយើងសូមជូនពរឲ្យលោកកាន់តែធ្វើបានល្អប្រសើរបន្ថែមទៀត»។  គួរដឹងថា លោក Conor Nestor បានដឹកនាំក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ តាំងពីឆ្នាំ២០១៨ តែរដូវកាលដំបូង លោកដឹកនាំក្រុមមិនសូវគាត់ប្រសើរឡើយ ដោយទទួលបានត្រឹមលេខ៦ ។ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺក្នុងរដូវកាលឆ្នាំ២០១៩ លោកកំពុងដឹកនាំក្រុមព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាង និងមាន ៤២ពិន្ទុ ជាមួយកំណត់ត្រាមិនស្គាល់ចាញ់ម្ដងឡើយ ក្រោយឆ្លងកាត់ ១៦ប្រកួតឈ្នះ១៣ និងស្មើ៣ ។

ប៉ុន្ដែភារកិច្ចដ៏សំខាន់ បន្ទាប់ពីត្រូវក្រុមព្រះខ័នរាជស្វាយរៀង ផ្ដល់សេចក្ដីទុកចិត្ត បន្ដកិច្ចសន្យារយៈពេល ២ឆ្នាំថែមទៀត លោក Conor Nestor ត្រូវដឹកនាំក្រុមតតាំងជាមួយក្រុមខ្លាំងភ្នំពេញក្រោន នាល្ងាចថ្ងៃទី២៨ ខែកក្កដាចុងសប្ដាហ៍នេះ ដើម្បីរក្សាគម្លាតពិន្ទុក្នុងកំពូលតារាង ។ ចាំមើលតើលោកអាចការពារកំណត់ត្រាមិនស្គាល់ចាញ់របស់ខ្លួនបានទេ?

អត្ថបទ៖ បុត្រា

មតិយោបល់