គ្រូបឹងកេត ថាប៉ះសូលទីអង្គរ ក្នុងពានសម្ដេចតេជោ ហ៊ុន សែន គឺជាឱកាសសងសឹក

មាស សុផាណារ៉ុង July 26, 2019


 

ភ្នំពេញ៖ លោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេត បានចាត់ទុកការចាប់ឆ្នោតប៉ះក្រុមសូលទីឡូអង្គរ ក្នុងវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ លើកទី១៣ គឺជាឱកាសសងសឹករបស់ខ្លួន បន្ទាប់ពីភ្លាត់ស្នៀតចាញ់ពួកគេ ក្នុងលីគកំពូលកម្ពុជា ជើងទី១ កាលពីពេលថ្មីៗ។

ក្រោយដឹងលទ្ធផលលោក ហៅ សុជាតិ បាននិយាយទាំងញញឹមថា «ប៉ះសូលទីឡូនេះ ប្រៀបដូចជាការផ្ដល់ឱកាសមួយ សម្រាប់យើងសងសឹក ដែលយើងចាញ់លីគ។ ប៉ុន្ដែយើងក៏មិនអាចមើលស្រាលបានដែរ ព្រោះដូចយើងដឹងស្រាប់ ៨ក្រុមឡើងមកនេះ សុទ្ធតែជាក្រុមខ្លាំង បើគាត់ (សូលទីឡូអង្គរ) មិនខ្លាំង គាត់ក៏មិនឡើងដល់វគ្គនេះដែរ។ អ្វីដែលសំខាន់ យើងត្រូវរៀបចំក្រុមយើងឲ្យបានល្អ។»

បន្ថែមលើនេះ លោកហាក់មានជំនឿចិត្តខ្ពស់ ក្នុងការប្រកួតពានរង្វាន់ប្រើប្រាស់កីឡាករក្នុងស្រុកមួយនេះ បន្ទាប់ពីបឹងកេត មានធនធានកីឡាករខ្មែរគ្រប់គ្រាន់ ដើម្បីប្រកួតប្រជែង ពិសេសការនាំយកខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា មកពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួន។ តែយ៉ាងណាលោកថា ពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំនេះ ក៏មិនងាយប្រកួតប្រជែងដែរ ព្រោះក្រុមនីមួយៗ សុទ្ធតែរៀបចំក្រុមបានល្អ និងមានធនធានកីឡាករក្នុងស្រុកល្អៗដូចគ្នា។

គ្រូបង្វឹកកាន់សញ្ញាប័ត្រ B-License រូបនេះ បន្ដថា៖ «មកទល់ពេលនេះ ខ្ញុំអាចនិយាយបានថា កីឡាករបឹងកេត មានឱកាច្រើន ដើម្បីប្រជែងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំនេះ ដោយសារកីឡាករយុវជនពីមុន គាត់ចាប់ផ្ដើមមានទំនុកចិត្ត និងមានបទពិសោធន៍ច្រើនជាមួយការប្រកួតលីគ ហើយយើងឃើញពួកគាត់រីកចម្រើនច្រើន។ ម្យ៉ាងវិញទៀត ការចូលរួមរបស់ វឌ្ឍនាកា ធ្វើឲ្យតំបន់ប្រយុទ្ធយើងមានលទ្ធភាពច្រើន ក្នុងការរកគ្រាប់បាល់ទៀតផង។» 

គួរបញ្ជាក់ថា ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៣ គ្រោងនឹងធ្វើការប្រកួតវគ្គជម្រុះ ១/៤ ផ្ដាច់ព្រ័ត្រ ជើងទី១ នាថ្ងៃទី៧-៨ ខែសីហា ខណៈជើងទី២ គ្រោងប្រកួតនៅថ្ងៃទី២០-២១ ខែសីហា ដើម្បីចម្រាញ់យកក្រុមខ្លាំង ៤ក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ចំពោះបឹងកេត ត្រូវលេងក្រៅដីមុន ជាមួយសូលទីឡូអង្គរ នាខេត្តសៀមរាប នៅថ្ងៃទី០៧ ខែសីហា៕

 

រូបភាព៖ បឹងកេត – Boeung Ket Football Club

អត្ថបទ៖ បុត្រា

មតិយោបល់