លោក Keisuke Honda ស្នើសុំកែសម្រួលកម្មវិធីប្រកួតលីគ និងពានសម្តេច ដើម្បីក្រុមជម្រើសជាតិ

មាស សុផាណារ៉ុង July 26, 2019


 

ភ្នំពេញ៖ លោក Keisuke Honda អ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជា ព្រមទាំងក្រុមការងារបច្ចេកទេស បានស្នើសុំគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ( CNCC ) ដើម្បីកែសម្រួលកម្មវិធីប្រកួតបាល់ទាត់ក្នុងស្រុក ដើម្បីក្រុមមានពេលវេលាហ្វឹកហាត់គ្រប់គ្រាន់ត្រៀម ប្រកួតក្នុងវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២។ នេះបើយោងតាមលិខិតដែលចេញដោយ នាយកដ្ឋានបច្ចេកទេស និងអភិវឌ្ឍន៍ការិយាល័យក្រុមជម្រើសជាតិ នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

យោងតាមលិខិតស្នើសុំដដែលនោះ បានបញ្ជាក់ថា ដោយមើលឃើញកម្មវិធីប្រកួតមមាញឹក និងតានតឹង អ្នកចាត់ការទូទៅ លោក Keisuke Honda របស់ក្រុមជម្រើសជាតិកម្ពុជា បានស្នើសុំកែសម្រួលកម្មវិធីប្រកួតពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៩ ដើម្បីឲ្យមានពេលវេលាគ្រប់គ្រាន់សម្រាប់ត្រៀមលក្ខណៈសម្បត្តិទៅចូលរួមការប្រកួតវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងវគ្គជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) ដែលកម្ពុជា ស្ថិតនៅពូល C ជាមួយក្រុមខ្លាំងៗដូចជា ជម្រើសជាតិអ៊ីរ៉ង​, ជម្រើសជាតិអ៊ីរ៉ាក​, ជម្រើសជាតិហុងកុង និងជម្រើសជាតិ​បា​រ៉ែ​ន។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ត្រូវរៀបចំក្រុមជម្រើសជាតិ ក្នុងឆ្នាំ២០១៩ នេះរួមមានដូចជា៖

  • ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩: ប្រកួតជាមួយហុងកុង ( ក្នុងដី )
  • ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩: ប្រកួតជាមួយបារ៉ែន ( ក្នុងដី )
  • ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩: ប្រកួតជាមួយអ៊ីរ៉ង ( ក្រៅដី )
  • ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩: ប្រកួតជាមួយអ៊ីរ៉ាក់ ក្នុងដី
  • ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩: ប្រកួតជាមួយហុងកុង ក្រៅដី

ឆ្លើយតបទៅនឹងការស្នើសុំខាងលើ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ( CNCC ) បានធ្វើការកែសម្រួលកម្មវិធីប្រកួតចាប់ពីសប្ដាហ៍ទី២២ តទៅដែលដើមឡើយគ្រោងនឹងប្រកួតនៅចន្លោះថ្ងៃទី៣១ ខែសីហា និងថ្ងៃទី០១ ខែកញ្ញា ត្រូវលើក ទៅប្រកួតថ្ងៃទី១៤ និង១៥ ខែកញ្ញា វិញ ពោលគឺក្រោយចប់ការប្រកួតទី១ និងទី២ របស់ក្រុមជម្រើសជាតិកម្ពុជា។

ការរំកិលកម្មវិធីប្រកួតលីគនេះបានសេចក្ដីថាបន្ថែមពេលឲ្យក្រុមជម្រើសជាតិកម្ពុជា ហ្វឹកហាត់បាន ១០ថ្ងៃមុនការប្រកួតមកដល់ គឺចន្លោះពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី០៤ ខែកញ្ញា ដោយប្រកួតដំបូងរបស់កម្ពុជា គឺនៅថ្ងៃទី០៥ ទល់នឹងហុងកុង ខណៈបើអនុវត្តតាមកម្មវិធីប្រកួតចាស់ កម្ពុជា អាចនឹងមានពេលហ្វឹកហាត់តែ ៣ថ្ងៃប៉ុណ្ណោះមុនការប្រកួតមកដល់។

សម្រាប់ ការលើកពេលនេះ តម្រូវឲ្យកម្មវិធីប្រកួតលីគកំពូកម្ពុជា ដែលគ្រោងនឹងបញ្ចប់នៅចុងខែតុលា ត្រូវរំកិលទៅបញ្ចប់នៅដើមខែវិច្ឆិកា វិញផងដែរ ពោលគឺបង្កើន ១សប្ដាហ៍ទើបលីគបញ្ចប់ការប្រកួតទាំងស្រុង៕

 

អត្ថបទពាក់ព័ន្ធ៖ កម្មវិធីប្រកួតទាំងស្រុងរបស់ ជម្រើសជាតិកម្ពុជា ក្នុងពានរង្វាន់បាល់ទាត់ពិភពលោក វគ្គជម្រុះជុំទី២

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់