បញ្ជីឈ្មោះ U-18 កម្ពុជា ត្រៀមប្រកួតពាន AFF U-18 នៅវៀតណាម បង្ហាញជាផ្លូវការ

មាស សុផាណារ៉ុង July 26, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( FFC ) បានបង្ហាញបញ្ជីឈ្មោះ ២៣នាក់ចុងក្រោយ នៃក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៨ឆ្នាំកម្ពុជាផ្លូវការហើយ ដើម្បីត្រៀមចូលរួមប្រកួតពានរង្វាន់ជម្រើសជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៨ឆ្នាំ ( AFF U-18 Championship 2019 ) នៅប្រទេសវៀតណាម នាខែសីហាខាងមុខ។

សូមបញ្ជាក់ថា មុនចម្រាញ់បានកីឡាករឆ្នើម ២៣នាក់ចុងក្រោយ ក្រោមការដឹកនាំរបស់លោក Gyotoku Koji គ្រូបង្វឹករបស់ក្រុមជម្រើសជាតិ U-18 កម្ពុជា លោកបានធ្វើការប្រមូលផ្ដុំហ្វឹកហាត់ និងតេស្ដសមត្ថភាពចំនួន ៣លើកមកហើយ ដោយមានការចូលរួមភាគច្រើនពីយុវជនសាលាបាល់ទាត់ជាតិបាទី និងកីឡាករ តាមក្លឹបសមាជិកលីគកំពូលកម្ពុជាមួយចំនួន។

យុវជនទាំងនោះរួមមាន ៩នាក់មកពីយុវជនសាលាបាល់ទាត់ជាតិបាទី, ៦នាក់ មកពីក្លឹបបាល់ទាត់វិសាខា, ២នាក់ មកពីក្លឹបណាហ្គាវើលដ៍, ២នាក់ មកពីក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ ២នាក់, អគ្គិសនីកម្ពុជា ១នាក់, ភ្នំពេញក្រោន ១នាក់ និងព្រះខ័នរាជស្វាយរៀង ១នាក់។

ចំពោះបេសកកម្មចូលរួមប្រកួតពានរង្វាន់ AFF U-18 Championship 2019 ដែលវៀតណាម ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៩ ខែសីហា ខាងមុខ កម្ពុជា ស្ថិតក្នុងពូល B ជាមួយក្រុមខ្លាំងៗ ដូចជាថៃ ម៉ាឡេស៊ី សិង្ហបុរី អូស្ដ្រាលី និងម្ចាស់ផ្ទះវៀតណាម។ រីឯពូល A មានដូចជាមីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ឡាវ ប្រ៊ុយណេ ហ្វីលីពីន និងទីម័រខាងកើត។

ការប្រកួតបើកឆាក U-18 កម្ពុជា ត្រូវប៉ះអូស្ដ្រាលីមុនគេ នាថ្ងៃទី០៧ ខែសីហា។ ប៉ុន្ដែអ្វីដែលគួរឲ្យរីករាយ សម្រាប់ព្រឹត្តិការណ៍ AFF U-18 Championship 2019 ពិសេសរាល់ការប្រកួតរបស់ក្រុមជម្រើសជាតិ U-18 កម្ពុជា ក៏នឹងមានការផ្សាយបន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាស (HDTV) ផងដែរ។ នេះបើតាមការប្រកាសសហការ និងផ្ដល់សិទ្ធផ្សាយបន្ដផ្ទាល់ ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីម្សិលមិញ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ បុត្រា

មតិយោបល់