ទូរទស្សន៍ហង្សមាស HDTV បានទទួលសិទ្ធិផ្សាយបន្តផ្ទាល់ការប្រកួតរបស់ U18 កម្ពុជា ពីប្រទេសវៀតណាម

មាស សុផាណារ៉ុង July 25, 2019


 

ភ្នំពេញ៖ ស្ថានីយទូរទស្សន៍ហង្សមាស HDTV  បានទទួលសិទ្ធផ្សាយបន្តផ្ទាល់ការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ ( AFF U-18 Championship 2019 ) ដែលនឹងធ្វើឡើងនៅប្រទេសវៀតណាម។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសស្ថានីយ៍ទូរទស្សន៍ ដែលទទួលបានសិទ្ធផ្សាយបន្តផ្ទាល់ ព្រឹត្តិការណ៍បាល់ទាត់យុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៨ឆ្នាំ ( AFF U​​-18 Championship 2019 ) ដែលគ្រោងចាប់ផ្ដើមពីថ្ងៃទី០៥ ខែសីហា ហើយនឹងបញ្ចប់នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩។

សម្រាប់ក្រុមបាល់ទាត់ជម្រើជាតិកម្ពុជាអាយុក្រោម១៨ឆ្នាំ បានធ្វើការហ្វឹកហាត់រួមគ្នាជាមួយយុវជនបម្រុង ២៨នាក់ ចំនួន ៣លើករួចមកហើយ  ក្រោមការដឹកនាំដោយគ្រូបង្វឹកជនជាតិជប៉ុនថ្មី លោក Gyotoku Koji ដែលគ្រោងនឹងប្រកាសបញ្ជីឈ្មោះចុងក្រោយនាពេលឆាប់ៗនេះ។

គួររំលឹកថា នៅពានរង្វាន់យុវជនអាយុក្រោម១៩ឆ្នាំ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF U-19 Championship 2019 ) កម្ពុជា ស្ថិតនៅពូល B ជាមួយក្រុមខ្លាំងៗដូចជា U-19 ថៃ , ម៉ាឡេស៊ី , វៀតណាម , សិង្ហបុរី និងអូស្ត្រាលី ដោយការប្រកួតចាប់ផ្ដើមពីថ្ងៃទី០៥ ខែសីហា ហើយនឹងបញ្ចប់នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ នៅប្រទេសវៀតណាម៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់