គ្រូព្រះខ័នរាជស្វាយរៀង ថាសម្រាកកីឡាករមួយចំនួនពេលប៉ះគីរីវង់ មិនមែនដើម្បីទុកប៉ះភ្នំពេញក្រោន ឡើយ

មាស សុផាណារ៉ុង July 23, 2019


 

ស្វាយរៀង៖ គ្រូ​បង្វឹក​របស់​ក្លឹបបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង លោក Conor Nestor បាន​បង្ហើបឲ្យដឹងថាការសម្រាកកីឡាករមួយចំនួន ក្នុងជំនួប​យកឈ្នះ គីរីវង់​សុខ​សែន​ជ័យ ២ទល់១ កាលពី​ថ្ងៃអាទិត្យ ទី​២១ ខែកក្កដា ឆ្នាំ​២០១៩ កន្លងទៅ នៅក្នុង​ជំនួប​សប្តាហ៍​ទី​១៦ នៃ​លី​គ​កំពូល​កម្ពុជា នា​កីឡដ្ឋាន​ខេត្តស្វាយរៀង មិនមែនដើម្បីទុកប៉ះ ភ្នំពេញក្រោន ទេប៉ុន្តែដោយសារបួស ​។

ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​ក្រោយ​ចប់​ការប្រកួត លោក Conor Nestor ​ពោល​ថា៖ «វា​គឺជា​ការប្រកួត​មួយ​មិន​ស្ថិត​នូវ​អ្វី​ដែល​ជា​ទម្រង់​យើង​ធ្លាប់ធ្វើ​បានល្អ​កន្លងមក ប៉ុន្តែ​វា​ក៏​ជាស​ញ្ញា​ល្អ ដែល​យើង​លេង​មិន​បានល្អ​ហើយ ហើយ​នៅតែ​អាច​ឈ្នះ​។»​

គ្រូបង្វឹកសញ្ជាតិអៀតឡង់រូបនេះបានបន្តថា៖ «​យើង​លេង​មិនបាន​ល្អ ពីព្រោះ​យើង​មិនមែន​ជា​មនុស្ស​យន្ត​ទេ យើង​មិនអាច​លេង​បានល្អ​គ្រប់ការ​ប្រកួត​នោះ​ទេ ប៉ុន្តែ​យើង​តែងតែ​ព្យាយាម​។ អ្វីដែល​សំខាន់​សម្រាប់​យើង​គឺ​ព្យាយាម​ផ្ដោតអារម្មណ៍​ពី​មួយ​ប្រកួត​ទៅមួយ​ប្រកួត ហើយ​នឹង​ប្រាកដ​ថា ​អ្នក​នឹង​ឈ្នះ បើសិនជា​អាច​។ យើង​មិនបាន​ឲ្យ​សម្រាក​កីឡាករ​ពីព្រោះ​តែ​ដើម្បី​ត្រៀម​ប៉ះ​ភ្នំពេញ​ក្រោន​ទេ យើង​សម្រាក​ពួកគេ​ព្រោះ​ពួកគេ​របួស​។ យើងតែងតែគោរពភ្នំពេញក្រោន ហើយយើងក៏គោរពគីរីវង់សុខសែនជ័យ បច្ចុប្បន្ននេះមូលហេតុដែលយើងមានពិន្ទុច្រើនជាងគូប្រកួតរបស់យើង ពីព្រោះតែយើងគោរពគ្រប់គូប្រកួតរបស់យើង តាមរយៈការរៀបចំឲ្យបាន ១០០ភាគរយ ពីមួយប្រកួតទៅមួយប្រកួត។ យើងនឹងតែបន្តធ្វើបែបនេះ។»

សង្គេតឃើញថា កាលពីជំនួបជាមួយ គីរីវង់សុខសែនជ័យ កាលពីចុងសប្ដាហ៍កន្លងទៅ លោក Conor Nestor ពុំបានដាក់កីឡាករសំខាន់ៗមួយចំនួនដូចជា សឿយ វិសាល, Privat និងកីឡាករជប៉ុន Diasuke នៅជម្រើស១១នាក់ដំបូងឡើយ ប៉ុន្តែបានផ្លាស់ប្ដូរចូលនៅវគ្គទី២។

គួរ​ឲ្យ​ដឹង​ថា គិត​ត្រឹម​បច្ចុប្បន្ន​នៃ​លី​គ​កំពូល​កម្ពុជា រដូវ​កាល ២០១៩ បាន​ឈានដល់​សប្តាហ៍​ទី​១៧​ហើយ ខណៈ ១៦​សប្តាហ៍​កន្លង​មក​នេះ ព្រះខ័ន​រាជ​ស្វាយរៀង មិនទាន់​ស្គាល់​ពាក្យ​ថា បរាជ័យ​នៅឡើយ​ទេ ដោយ​យកឈ្នះ​ការប្រកួត ១៣​លើក និង​ស្មើ ៣​លើក មាន ៤២​ពិន្ទុ ដាច់​ពី​ក្រុម​ប្រដេញ​ពីក្រោយ ណាហ្គា​វើ​ល ៥​ពិន្ទុ​ដដែល ស្រប​ពេលដែល​ការប្រកួត​នៅសល់ ១០​សប្តាហ៍​ទៀត​ទើប​ចប់​រដូវ​កាល​។

សូម​រំលឹក​ថា សប្ដាហ៍បន្ទាប់ ព្រះខ័ន​រាជ​ស្វាយរៀង ​នឹងត្រូវជួបម្ចាស់ផ្ទះ ភ្នំពេញក្រោន សម្រាប់ជំនួបសប្ដាហ៍ទី១៧ នៅកីឡដ្ឋានស្មាត អរអេសអិន៕

 

រូបភាព៖ លីគកំពូលកម្ពុជា – Metfone Cambodian League

អត្ថបទ៖ ណារ៉ុង

មតិយោបល់