កម្ពុជាស្ថិតក្នុងពូល A នៃពាន AFF Futsal Championship 2019

មាស សុផាណារ៉ុង July 23, 2019


 

ភ្នំពេញ៖ ការប្រកួតជម្រើសជើងឯកបាល់ទាត់ក្នុងសាលក្របខណ្ឌអាស៊ីអាគ្នេយ៍ ( AFF Futsal Championship 2019 ) ដែលវៀតណាម នឹងធ្វើជាម្ចាស់ផ្ទះ បានបែងចែកពូលរួចហើយ ខណៈក្រុមបាល់ទាតក្នុងសាលជម្រើសជាតិកម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមជើងឯក ១៤សម័យកាលថៃ មីយ៉ាន់ម៉ា និងទីម័រខាងកើត។

ចំពោះការប្រកួតគ្រោងធ្វើឡើងរយៈពេល ១សប្ដាហ៍ ចាប់ពីថ្ងៃទី២១-២៧ ខែតុលា ខាងមុខ នៅទីក្រុងហូជីមិញ។ រីឯពូល B វិញ គឺមាន ៤ក្រុមដូចគ្នា រួមមានក្រុមបាល់ទាត់ក្នុងសាលជម្រើសជាតិម៉ាឡេស៊ី ឥណ្ឌូនេស៊ី អូស្ដ្រាលី និងក្រុមម្ចាស់ផ្ទះវៀតណាម។ នេះគឺជាលើកទី៤ ហើយ ដែលវៀតណាម ទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រចាំតំបន់នេះ។

ឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ក្នុងពិធីបើកការប្រកួតជម្រើសជើងឯកបាល់ទាត់ក្នុងសាលកម្ពុជា ឆ្នាំ២០១៩ កាលពីថ្មីៗថា ដោយសារការប្រកួតនៅសល់រយៈពេលវែងគួរសម លោករំពឹងកីឡាករ កម្ពុជានឹងមានក្រុមបាល់ទាត់ក្នុងសាលជម្រើសជាតិមួយដ៏រឹងមាំ ដើម្បីត្រៀមចូលរួមការប្រកួតនាពេលខាងមុខ។

ជាមួយការលើកឡើងនេះដែរ ឯកឧត្តមបានសង្កត់ធ្ងន់ឲ្យកីឡាករគ្រប់ក្រុមដែលចូលរួមប្រកួតម្រើសជើងឯកបាល់ទាត់ក្នុងសាលកម្ពុជាឆ្នាំនេះ ត្រូវខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីមានឱកាសជាប់ជម្រើសជាតិ ហើយឯកឧត្តមសង្ឃឹមថា ក្រុមជម្រើសជាតិមួយនេះ នឹងអាចបង្កើតប្រវត្តិសាស្ដ្រ ដូចក្រុម Down Town ដែលទើបដណ្ដើមបានលេខ៤ ក្នុងពានរង្វាន់ AFF Futsal Club 2019 នៅប្រទេសថៃ កាលពីថ្មីៗផងដែរ៕

 

រូបភាព៖ Cambodia Futsal

អត្ថបទ៖ បុត្រា

មតិយោបល់