ទ័ព បារម្ភជួបវិសាខា និងគិរីវង់ ក្នុងវគ្គ ៨ ក្រុមចុងក្រោយពានសម្ដេចតេជោ ហ៊ុន សែន

មាស សុផាណារ៉ុង July 22, 2019


 

ភ្នំពេញ៖ លោក ទេព ឡុងរចនា អ្នកចាត់ការទូទៅក្លឹបក្រសួងការពារជាតិ និងជាក្រុមការពារតំណែងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងក្ដីបារម្ភ ចំពោះក្រុមពីរ ដែលពិបាកប្រឈម បើសិនចាប់ឆ្នោតប៉ះគ្នាក្នុងវគ្គ ៨ក្រុមចុងក្រោយ ឬវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ នាពេលឆាប់ៗខាងមុខ គឺក្លឹបវិសាខា និងក្លឹបគិរីវង់សុខសែនជ័យ។

ការលើកឡើងបែបនេះ ក្រោយពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៣ បានរកឃើញបេក្ខភាពវគ្គ ១/៤ កាលពីថ្មីៗ រួមមានក្លឹបបឹងកេត ភ្នំពេញក្រោន វិសាខា ព្រះខ័នរាជស្វាយរៀង ក្រសួងការពារជាតិ គិរីវង់សុខសែនជ័យ អង្គរថាយហ្គឺរ និងសូលទីឡូអង្គរ ខណៈការចាប់ឆ្នោតវគ្គ ១/៤ នឹងធ្វើឡើង នាថ្ងៃទី២៤ ខែកក្កដាខាងមុខ។

អតីតគ្រូបង្វឹកក្រុមគិរីវង់សុខសែនជ័យ រូបនេះបានបញ្ជាក់ថា៖ «ខ្ញុំឃើញមាន ២ក្រុម ដែលយើងនឹងពិបាកត្រូវប្រឈមជាមួយពួកគាត់ ទី១-វិសាខា និងទី២-គិរីវង់ ដែលពួកគាត់មានកីឡាករក្នុងស្រុកល្អៗច្រើន ហើយក្រុមទាំងពីរ គាត់ផ្ដោតលើពានសម្ដេចខ្លាំងដូចគ្នា។ ប៉ុន្ដែក្រៅពី ២ក្រុមហ្នឹង គាត់មិនសូវចាប់អារម្មណ៍ទេ គាត់ចាប់អារម្មណ៍លីគជាង។»

យ៉ាងណាមិញក្នុងនាមជាក្រុមការពារតំណែងជើងឯក លោកបានអះអាងថា នឹងត្រៀមខ្លួនឲ្យបានល្អបំផុត សម្រាប់ត្រៀមការប្រកួតវគ្គបន្ដ ទោះបីត្រូវជួបក្រុមណាក៏ដោយ ពិសេសត្រូវបង្កើនទំនុកចិត្តកូនក្រុម ដើម្បីឡើងទៅវគ្គបន្ដបន្ទាប់ទៀត។

គួរដឹងដែរថា ក្រសួងការពារជាតិ បានឡើងមកវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីបានយកឈ្នះ អាស៊ីអឺរ៉ុបយូណាយធីត ដោយលទ្ធផលទាំងពីរជើង ៦ទល់៣ ស្របពេលដែលក្រុមដែលទាំងពិរខាងលើដែល លោក ទេព ឡុងរចនា មិនចង់ជួបគឺ វិសាខា បានយកឈ្នះ អគ្គស្នងការដ្ឋាននគរបាលជាតិ លទ្ធផលសរុបទាំងពីរជើង ១០ទល់០ ស្របពេលដែល គីរីវង់សុខសែនជ័យ វិញបានទម្លាក់ក្រុមម្ចាស់ជើងឯកលីគកំពូលកម្ពុជា ណាហ្គាវើលដ៍ ដោយលទ្ធផលទាំងពីរជើង ២ទល់១៕

 

អត្ថបទ៖ បុត្រា

មតិយោបល់