សម្ដីគ្រូភ្នំពេញក្រោន និងអ្នកចាត់ការវិសាខា ជុំវិញរឿងយល់ច្រឡំពីការខកខានចាប់ដៃក្រោយចប់ការប្រកួតម្សិលមិញ

មាស សុផាណារ៉ុង July 22, 2019


 

ភ្នំពេញ៖ ការប្រកួតរវាងវិសាខា ជាមួយភ្នំពេញក្រោន កាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ បានក្លាយជាជំនួបក្ដៅគគុក ដ្បិតបញ្ចប់ទៅដោយមានភាពតានតឹងនៅលើទីលានជាមួយនឹងគ្រាប់បាល់ជាច្រើនគ្រាប់ ការប៉ះទង្គិចរវាងកីឡាករនៅលើទីលានក៏ច្រើន និងចុងបញ្ចប់នៃការប្រកួតក៏មានរឿងរ៉ាវខ្លះៗរវាងគ្រូបង្វឹក និងគ្រូបង្វឹកផងដែរ។

ជាក់ស្ដែង លោក ហុក សុចិត្រា ដែលជាអ្នកចាត់ការទូទៅនៃក្លឹបវិសាខា ត្រូវបានអ្នកសារព័ត៌មានចោទសួរនៅក្រោយចប់ការប្រកួតជុំវិញទិដ្ឋភាពដែលត្រូវបានប្រទះឃើញថា លោក ស៊ុំ វណ្ណា បានបដិសេធ មិនចាប់ដៃជាមួយលោក លោកបានលើកឡើងថា៖ «និយាយឲ្យចំទៅខ្ញុំ​អត់​ដែល​គិត​ពី​អ្វី​ដែល​គាត់​ធ្វើ​ទេ។ នេះ​ជា​សុជីវធម៌​របស់​គាត់​ទេ បើ​គាត់​គិត​ថា​គាត់​ធ្វើ​អីចឹង​ទៅ​វា​ជាទង្វើល្អរបស់គាត់ ខ្ញុំ​អត់​មាន​ប្រកាន់​អត់​មាន​អី​ទាំងអស់ ហើយ​ក៏​អត់​ខ្វល់​ជាមួយ​ពួក​គាត់​ដែរ ព្រោះ​ពួកគាត់​ជា​សិស្ស​ប្អូន​ខ្ញុំ​ទេ ហើយបើគិតថាជារឿងសមរម្យនេះជារឿងរបស់គាត់ ហើយខ្ញុំតាំង​ពី​ដើម​មក ខ្ញុំ​អត់​ដែល​មាន​ប្រតិកម្មជាមួយនឹង​ទង្វើ​អាក្រក់របស់​អ្នក​ដទៃ​​មក​លើ​ខ្ញុំ​ទេ។»

ឆ្លើយតបទៅនឹងការលើកឡើងរបស់ លោក ហុក សុចិត្រា គ្រូបង្វឹកបណ្ដោះអាសន្នរបស់ភ្នំពេញក្រោន លោក ស៊ុំ វណ្ណា​ ក៏បានលើកឡើងថា៖ «ដំបូងឡើយខ្ញុំបានឃើញគាត់ដើរមកកន្លែងខ្ញុំពីរដង ដោយដំបូងគាត់ដើរហួសផុត លើកទី២ គាត់មកទៀតតែបង្ហួសទៅចាប់ដៃជាមួយអ្នកផ្សេង ពេលនោះខ្ញុំក៏គិតថាគាត់មិនបានសំដៅមករកខ្ញុំទេ​ ទើបខ្ញុំងាកមកមើលកីឡាកររបស់ខ្ញុំដូចជា​ Shane និង Zazai ដែលកំពុងសម្រាក និងរងរបួសដេកដួលលើទីលាននោះ។ ក្រោយមក ទើបគាត់​ (លោក ហុក សុចិត្រា) មកទះស្មាខ្ញុំពីក្រោយរួចដើរទៅបាត់ ហេតុនេះហើយទើបខ្ញុំមិនបានតបទាន់ស្ថានភាពនោះទេ​ព្រោះខ្ញុំកំពុងផ្តោតអារម្មណ៍ និងពិនិត្យមើលកូនក្រុមរបស់ខ្ញុំច្រើនជាងសកម្មភាពផ្សេងៗទៀត»។

គ្រូបង្វឹកឆ្នើមប្រចាំខែមិថុនា នៃលីគកំពូលកម្ពុជា រដូវកាល២០១៩ រូបនេះបានបន្ថែមថា៖ «ជាធម្មតាក្នុងការប្រកួតនីមួយៗគ្រូបង្វឹកម្នាក់ៗតែងតែផ្តោតចម្បងលើការរៀបចំក្រុម ទម្រង់លេង និងការចូលរួមរបស់អ្នកគាំទ្រ ដូច្នេះ សកម្មភាពបន្ទាប់បន្សំផ្សេងទៀតដែលខ្វះចន្លោះមិនមែនជាទង្វើអាក្រក់លើគ្នាទេ ព្រោះគ្រូម្នាក់ៗសុទ្ធតែមានការគោរពផ្ទាល់ខ្លួន សម្រាប់ខ្ញុំការគោរពគឺការរៀបចំក្រុមទាំងពីរធ្វើម៉េចកុំឱ្យប៉ះពាល់សតិអារម្មណ៍កីឡាករលើទីលាន កុំឱ្យពួកគេជ្រួលច្របល់ដើម្បីអាចប្រកួតប្រជែងដោយបច្ចេកទេស ចំនុចនេះខ្ញុំជឿជាក់ថា លោក ហុក សុចិត្រា ដែលជារៀមច្បងមានបទពិសោធន៍យូរឆ្នាំ​ទាំងជាកីឡាករ និងជាគ្រូបង្វឹកផងនោះពិតជាយល់ច្បាស់ណាស់។»

គួររំលឹកផងដែរថា ជំនួបដ៏ជក់ចិត្តដែលទាក់ទាញអ្នកទស្សនាផ្ទាល់ដល់ទៅ ៥,៥១២ នាក់នោះបានបញ្ចប់ទៅដោយមានគ្រាប់បាល់ដល់ទៅ ៧គ្រាប់កើតឡើងសម្រាប់ក្រុមទាំងពីរ ជាមួយនឹងលទ្ធផល វិសាខា ឈ្នះ ភ្នំពេញក្រោន ៤ទល់៣៕

 

រូបភាព៖ ភ្នំពេញក្រោន  – Phnom Penh Crown FC

អត្ថបទ៖ ណារ៉ុង

មតិយោបល់