អ្នកចាត់ការវិសាខា ចង់ឃើញលីគកម្ពុជា ដូចលីគក្រៅប្រទេស ក្រោយបង្កើតកំណត់ត្រាមានអ្នកទស្សនាផ្ទាល់ច្រើនជាងគេម្សិលមិញ

មាស សុផាណារ៉ុង July 22, 2019


 

ភ្នំពេញ៖ ការប្រកួតដ៏ជក់ចិត្ត រវាងក្លឹបវិសាខា និងក្លឹបភ្នំពេញក្រោន កាលពីល្ងាចមិញ បានបង្កើតកំណត់ត្រាដ៏អស្ចារ្យមួយក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ដោយមានអ្នកទស្សនាផ្ទាល់ដ៏ច្រើនរហូត ៥,៥១២នាក់។ នេះបើតាមការបញ្ជាក់របស់ក្រុមម្ចាស់ផ្ទះ ក្រោយចប់ការប្រកួតជាមួយជ័យជន្នះដ៏តានតឹង ៤ទល់៣ នៅកីឡដ្ឋានវិសាខា កាលពីយប់មិញ។

បើធៀបនឹងការប្រកួតធំៗជាច្រើន ឃើញថាមិនទាន់មានអ្នកគាំទ្រចូលរួមទស្សនាលើសពី ៥,០០០នាក់បែបនេះឡើយ រួមទាំងក្លឹបអង្គរថាយហ្គឺរ ដែលទទួលបានពានមានទស្សនិកជនចូលរួមទស្សនាការប្រកួតច្រើនជាងគេ កាលពីឆ្នាំ២០១៨ ដែលមានអ្នកទស្សនាច្រើនជាងគេក្នុងមួយប្រកួតត្រឹម ៤,២៥៧នាក់ប៉ុណ្ណោះ។ នេះគឺជាកំណត់ត្រាមួយគួរឲ្យភ្ញាក់ផ្អើល ក្នុងសម័យបាល់ទាត់កំពុងរីកចម្រើន។

ទន្ទឹមជាមួយការបើកទ្វារផ្ទះ ទទួលអតីតក្រុមជើងឯក ៦សម័យកាល រហូតទាក់ទាញអ្នកទស្សនាដ៏ច្រើននេះ លោក ហុក សុចិត្រា អ្នកចាត់ការទូទៅក្លឹបវិសាខា ក៏បានថ្លែងអំណរគុណ ចំពោះអ្នកគាំទ្រ ដែលបានចំណាយពេលវេលាចូលរួមទស្សនាការប្រកួតដ៏អស្ចារ្យនេះផងដែរ ដ្បិតលោកចាត់ទុកនេះគឺជាលើកទី១ ហើយ ដែលលីគកកំពូលកម្ពុជា មានការគាំទ្រផ្ទាល់ រហូតលើសពី ៥,០០០នាក់ដូច្នេះ។

លោកថា៖ «នេះគឺជាលើកទី១ ហើយ ដែលការគាំទ្រលីគខ្មែរដល់ទៅ ៥,០០០នាក់ជាង។ តាងនាមខ្ញុំជាថ្នាក់ដឹកនាំ ក្នុងក្លឹបវិសាខា សូមអរគុណបងប្អូនប្រជាពលរដ្ឋ ដែលស្នេហាវិស័យកីឡាបាល់ទាត់ ហើយក៏សូមសំណូមពរ សូមឲ្យបងប្អូនជួយចូលរួមជាមួយវិស័យបាល់ទាត់យើងបន្ដទៀត ដើម្បីធ្វើឲ្យការប្រកួតនីមួយៗ កាន់តែមានភាពកន្ដ្រាក់អារម្មណ៍ទៅៗ និងល្បីល្បាញដូចលីគប្រទេសជិតខាង…។»

គួរដឹងដែរថា ក្រោយធ្វើការងារធ្ងន់ជាមួយការប្រកួតក្រៅដី ភ្នំពេញក្រោន នឹងបន្ដជាមួយការប្រកួតដ៏ធំមួយទៀត ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា សប្ដាហ៍ទី១៧ ដោយពួកគេត្រូវបើកទ្វារផ្ទះទទួលក្លឹបព្រះខ័នរាជស្វាយរៀង ដែលជាក្រុមិនទាន់ស្គាល់ចាញ់វិញម្ដង នាថ្ងៃទី២៨ ខែកក្កដាខាងមុខ ហើយការប្រកួតនេះ គេក៏រំពឹងថា នឹងមានអ្នកអ្នកគាំទ្រចូលទស្សនាផ្ទាល់ច្រើនផងដែរ៕

 

រូបភាព៖ PP SEA GAMES 2023

អត្ថបទ៖ បុត្រា

មតិយោបល់