លោក Oriol សង្ឃឹមអ្នកគាំទ្រនឹងបានឃើញការប្រកួតបែបអាជីពពិតប្រាកដមួយ រវាងបឹងកេត ជាមួយអង្គរថាយហ្គឺរ រសៀលនេះ

មាស សុផាណារ៉ុង July 20, 2019


 

ភ្នំពេញ៖ លោក Oriol Mohedano Segura គ្រូបង្វឹកនៃក្លឹបបាល់ទាត់អង្គរថាយហ្គឺរ បានសម្ដែងក្ដីសង្ឃឹមយ៉ាងមុតមាំថា នៅរសៀលនេះ អ្នកគាំទ្រនឹងឃើញការប្រកួតបែបអាជីពពិតប្រាកដមួយ រវាង បឹងកេត ទល់នឹងអង្គរថាយហ្គឺរ។ ក្រុមទាំងពីរនឹងត្រូវតតាំងគ្នា ក្នុងជំនួបដ៏ជក់ចិត្តប្រចាំថ្ងៃសៅរ៍ នៃសប្ដាហ៍ទី១៦ ក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាល២០១៩ នៅកីឡដ្ឋានខេមបូឌា អ៊ែរវ៉េ ដែឡជាទឹកដីថ្មីស្រឡាងរបស់បឹងកេត។

ថ្លែងមុនការប្រកូតមកដល់ គ្រូបង្វឹកនៃក្រុមដែលកំពុងឈរនៅលេខ៣ នៃតារាងចំណាត់ថ្នាក់លីគមួយនេះ បានលើកឡើងថា៖ «យើងបានមកដល់ថ្ងៃប្រកួតដែលគួរឲ្យចាប់អារម្មណ៍ទល់នឹងបឹងកេត។ វាគឺជាចំណែកមួយនេះនៃលីគ សម្រាប់ការប្រកួតក្រុមដែលនៅតំបន់កំពូលៗខាងលើនៃតារាងចំណាត់ថ្នាក់ ប្រជែងគ្នាដើម្បីសម្រេចជោគវាសនានៅខែតុលា។ ខ្ញុំសង្ឃឹមថា អ្នកគាំទ្រនឹងឃើញការប្រកួតបែបអាជីពពិតប្រាកដមួយ ពីព្រោះយើងមិនមែននៅក្នុងលីគយុវជនឡើយ។ នេះគឺជាលីគបាល់ទាត់អាជីព ហើយទាំងក្លឹប និងទាំងគ្រូបង្វឹក គួរតែធ្វើការប្រឹងប្រែងសម្រាប់វា ( ប៉ុន្តែពេលខ្លះ វាហាក់បីដូចជាលីគតាមសាលារៀន ពីការលើកឡើងបស់គ្រូបង្វឹកមួយចំនួន )។ នេះគឺជាលីគកំពូល។ នេះគឺជាលីគអាជីត ខ្ញុំរំពឹងទុកយ៉ាងដូច្នេះ។»

ជុំវិញការត្រៀមខ្លួនរបស់ក្រុមដែលមានរហស្សនាមថា ខ្លាធំ មួយនេះ គ្រូបង្វឹកសញ្ជាតិអេស៉្បាញដដែលបានបង្ហើបថា៖ «យើងបានរៀបចំការប្រកួតបានយ៉ាងល្អ យ៉ាងលម្អិត និងដោយអត់ធ្មត់បំផុត។ ពួកគេគឺជាក្រុមដ៏ខ្លាំងនៅកម្ពុជា ហើយពួកគេធ្វើការរាល់ថ្ងៃគឺដើម្បីតែឈ្នះជើងឯក ទោះបីជាយ៉ាងណាក៏ដោយ អាស្រ័យលើការប្រកួតថ្ងៃនេះ លទ្ធភាពរបស់ក្រុមម្ចាស់ផ្ទះ អាចនឹងត្រូវបានបាត់បង់។»

រំលឹកទៅកាលពីពីជើងទី១ ការប្រកួតរវាងក្រុមទាំង២ គឺបញ្ចប់ទៅដោយលទ្ធផល ស្មើគ្នា ១ទល់១ នៅកីឡដ្ឋានខេត្តសៀមរាប ( ស្វាយធំ ) ខណៈជើងទី២ នេះត្រូវប្ដូរមកកីឡដ្ឋានថ្មី ខេមបូឌា អ៊ែរវ៉េ ដែលសាងសង់បានប្រមាណ ៨០ភាគរយសម្រាប់ហេដ្ឋារចនាសម្ព័ន្ធជុំវិញ លោក Oriol Mohedano បានបន្ថែមថា ក្រុមរបស់លោកនៅមិនទាន់មានអារម្មណ៍ថាស្ថិតក្នុងបរិយាកាសថ្មីនៅឡើយទេ ដ្បិតកីឡដ្ឋាននៅមិនទាន់រួចរាល់ ១០០ភាគរយ។ «មិនមែនរដូវកាលនេះទេ។ វាមិនទាន់រួចរាល់នៅឡើយ។ វាស្ថិតនៅក្នុងដំណាក់កាលនៃការឈានទៅបញ្ចប់សាងសង់ ដែលសូម្បីតែអ្នកគាំទ្រ ក៏ហាក់បីដូចជាមិនទាន់មានអារម្មណ៍ផាសុកភាពនៅឡើយដូចគ្នា ប៉ុន្តែប្រហែលជារដូវកាលក្រោយយើងនឹងមានអារម្មណ៍ថាថ្មីសម្រាប់យើង។» សម្ដីទាំងស្រុងរបស់លោក Oriol។

គួរដឹងថា បច្ចុប្បន្នក្រុមទាំងពីរ មានពិន្ទុខុសត្រូវគ្នា ៣ពិន្ទុ ពោលគឺអង្គរថាយហ្គឺរឈរលេខ៣ និងមាន ៣៣ពិន្ទុ ខណៈអតីតក្រុមជើងឯក ៣សម័យបឹងកេតឈរលេខ៥ និងមាន ៣០ពិន្ទុ។ ដូច្នេះនេះគឺជាការប្រកួតដ៏ជក់ចិត្ត ដែលក្រុមទាំងពីរ ទាមទារឈ្នះរៀងៗខ្លួន ដើម្បីប្រជែង និងរក្សាចំណាត់ថ្នាក់ល្អ ក្នុងសប្ដាហ៍ទី១៦ នៃលីគកំពូលកម្ពុជា៕

 

រូបភាព៖ បឹងកេត – Boeung Ket Football Club

អត្ថបទ៖ ណារ៉ុង

មតិយោបល់