គ្រូបឹងកេត បញ្ចេញមតិវិជ្ជមាន មុនបើកទ្វារផ្ទះទទួល អង្គរថាយហ្គឺរ រសៀលនេះ

មាស សុផាណារ៉ុង July 20, 2019


 

ភ្នំពេញ៖ បន្ទាប់ពីប្រកួតស្មើគ្នា ១ទល់១ កាលពីជើងទី១ លើទឹកដីអង្គរ ក្លឹបបាល់ទាត់បឹងកេត នឹងត្រូវបើកទ្វារផ្ទះទទួលក្លឹបអង្គរថាយហ្គឺរ នាវេលាម៉ោង ៣៖៣០នាទីរសៀលនេះ នៅកីឡដ្ឋានខេមបូឌា អ៊ែរវ៉េ របស់ខ្លួន។ នេះគឺជាជំនួបមិនគួរមើលរំលងក្នុងសប្ដាហ៍ទី១៦ នៃលីគកំពូលកម្ពុជា ខណៈលោក ហៅ សុជាតិ បានបញ្ចេញនូវមតិវិជ្ជមានមួយចំនួន ជុំវិញការប្រកួតដ៏សំខាន់នេះ។

យោងតាមការបញ្ជាក់លើគេហរទំព័រផ្លូវការរបស់បឹងកេតកាលពីម្សិលមិញ បានបញ្ជាក់ថា ក្រុមខ្លួនបានត្រៀមខ្លាំងយ៉ាងល្អ ដើម្បីទទួលការប្រកួតជាមួយក្រុមកំពុងឡើងជើងនេះ។ លោកលើកឡើងថា៖ «ការប្រកួតជាមួយអង្គរថាយហ្គឺរសប្តាហ៍នេះ គឺពួកយើងកំពុងត្រៀមខ្លួនបានល្អ ហើយយើងសង្ឃឹមច្រើន ដោយសារយើងសង្កេតឃើញថាកីឡាករយើងមានការប្រឹងប្រែងខ្លាំង ម្យ៉ាងទៀតយើងលេងនៅផ្ទះខ្លួនឯង វាអាចជាផលវិជ្ជមានមួយសម្រាប់យើង»។

ប៉ុន្ដែទោះជាបែបនេះក្ដី ក៏លោកនៅតែគោរព ចំពោះគូប្រជែងរបស់ខ្លួន ដ្បិតឆ្នាំនេះអង្គរថាយហ្គឺរឡើងជើងប្លែកពីឆ្នាំមុន ជាក់ស្ដែងកាលពីជើងទី១ ក្រុមទាំងពីរ បានត្រឹមចែកគ្នា ១ពិន្ទុម្នាក់ប៉ុណ្ណោះ។ លោកបន្ថែមថា៖ «យ៉ាងណាក៏ដោយ យើងមិនមើលស្រាលពួកគេទេ ព្រោះយើងដឹងថា អង្គរថាយហ្គឺរឆ្នាំនេះ មិនមែនអង្គរថាយហ្គឺរពីមុនទេ ព្រោះពួកគេរៀបចំក្រុមបានល្អមែនទែន»។

ជាមួយគ្នាផងដែរ លោកបានសង្កត់ធ្ងន់ទៅលើចំនុចសំខាន់របស់គូប្រកួត គឺពាក់ព័ន្ធទៅនឹងតំបន់ប្រយុទ្ធរបស់ អង្គរថាយហ្គឺរ ដែលសុទ្ធសឹងតែមានកីឡាករកម្ពស់ខ្ពស់។ លោកថាចំនុចនេះគឺជាចំនុចដ៏ល្អរបស់ អង្គរថាយហ្គឺរ ហើយក៏ជាចំនុចដែលក្រុមរបស់លោកត្រូវតែប្រយ័ត្នបំផុត។

គួរដឹងថា បច្ចុប្បន្នក្រុមទាំងពីរ មានពិន្ទុខុសត្រូវគ្នា ៣ពិន្ទុ ពោលគឺអង្គរថាយហ្គឺរឈរលេខ៣ និងមាន ៣៣ពិន្ទុ ខណៈអតីតក្រុមជើងឯក ៣សម័យបឹងកេតឈរលេខ៥ និងមាន ៣០ពិន្ទុ។ ដូច្នេះនេះគឺជាការប្រកួតដ៏ជក់ចិត្ត ដែលក្រុមទាំងពីរ ទាមទារឈ្នះរៀងៗខ្លួន ដើម្បីប្រជែង និងរក្សាចំណាត់ថ្នាក់ល្អ ក្នុងសប្ដាហ៍ទី១៦ នៃលីគកំពូលកម្ពុជា៕

 

រូបភាព៖ បឹងកេត – Boeung Ket Football Club

អត្ថបទ៖ បុត្រា

មតិយោបល់