គ្រូអាស៊ីអឺរ៉ុប មិនពេញចិត្ត ចំពោះការប្រើពាក្យ «ស្មាន» របស់អាជ្ញាកណ្ដាល កាលពីប៉ះ ទ័ព

មាស សុផាណារ៉ុង July 19, 2019


 

ភ្នំពេញ៖ ទោះបីក្លឹបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត បានត្រឹមធ្លាក់វគ្គជម្រុះ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៣ តែគ្រូបង្វឹកលោក សុក វាសនា មិនបានបន្ទោសកូនក្រុមឡើយ។ ប៉ុន្ដែអ្វីដែលធ្វើឲ្យលោកមិនពេញចិត្ត គឺការប្រើពាក្យ «ស្មាន» របស់អាជ្ញាកណ្ដាល ក្នុងការប្រកួតកាត់សេចក្ដីជើងទី២ ជាមួយក្រសួងការពារជាតិ កាលពីថ្ងៃពុធកន្លងទៅ។

លោក សុក វាសនា និយាយក្រោយចប់ការប្រកួតថា៖ «ការចាញ់ថ្ងៃនេះ អាចថាយើងខ្វះសំណាងក៏ថាបាន តែអ្វីដែលយើងមិនពេញចិត្ត ពាក់ព័ន្ធអាជ្ញាកណ្ដាល ខ្ញុំស្នើគណៈកម្មការ សូមពិនិត្យឡើងវិញ សូមឲ្យច្បាស់មួយ Offside មួយស្មាន ពាក្យហ្នឹងខ្ញុំទទួលយកអត់បាន។ ពេលចប់ការប្រកួតយើងទៅសួរអាជ្ញាកណ្ដាល បាល់ហ្នឹង Offside អត់? គាត់ថាចាប់ហ្នឹងចាប់ស្មាន ចឹងវាធ្វើឲ្យប៉ះពាល់ដល់ការប្រកួត ពិសេសក្រុមនីមួយៗ ដែលខំប្រឹង»។

ការសម្ដែងការមិនពេញចិត្ត ចំពោះអាជ្ញាកណ្ដាលនេះ បានកើតឡើងនៅចុងម៉ោង បន្ទាប់ពីអាស៊ីអឺរ៉ុប នាំមុខក្រសួងការពារជាតិ ២ទល់១ តែត្រូវកីឡាករ រ៉ឹង ប៊ុនហៀង វាយបកតាមស្មើ ២ទល់២ ដែលគ្រាប់បាល់នោះ ត្រូវបានភាគីអាស៊ីអឺរ៉ុប ចាត់ទុកជាបាល់ Offside ហើយភ្លាមៗ លោក សុក វាសនា រួមជាមួយគ្រូជំនួសរបស់លោក បានធ្វើការតវ៉ា តែមិនបានផលនោះទេ ផ្ទុយទៅវិញ អាជ្ញាកណ្ដាល បានបណ្ដេញគ្រូជំនួយអាស៊ីអឺរ៉ុប ចេញពីទីលានទៀតផង។

អតីតគ្រូបង្វឹកក្រុមយុវជនព្រះខ័នរាជស្វាយរៀងដដែល បានទទួលស្គាល់អាជ្ញាកណ្ដាលកម្ពុជាបច្ចុប្បន្ន ពិតជាមានការខ្វះខាត ប៉ុន្ដែទោះបីខ្វះខាតក៏ត្រូវពង្រឹងឡើងវិញដែរ ព្រោះក្លឹបនីមួយៗ គេខំប្រឹងអភិវឌ្ឍន៍ និងចំណាយថវិកាអស់រាប់ម៉ឺនដុល្លារ។ ដូច្នេះបើអាជ្ញាកណ្ដាលទន់ខ្សោយច្បាស់ណាស់ នឹងធ្វើឲ្យប៉ះដល់ក្លឹបផ្សេងៗ ដែលគេខិតខំអភិវឌ្ឍន៍។ ហេតុនេះលោកបានស្នើម្ដងហើយម្ដងទៀត ឲ្យសហព័ន្ធពង្រឹងការបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលឲ្យបានកាន់តែច្រើន។

គួរបញ្ជាក់ថា អាស៊ីអឺរ៉ុប បានធ្លាប់ត្រឹមវគ្គជម្រុះ ១៦ក្រុមចុងក្រោយ បន្ទាប់ពីប្រកួត ២ជើងចាញ់ក្រសួងការពារជាតិ ៦ទល់៣។ ប៉ុន្ដែលោក សុក វាសនា បានលើកឡើងថា កូនក្រុមខ្លួនធ្វើបានល្អហើយ ពិសេសនៅជើងទី២ ដែលកូនក្រុមលោកបានបង្ហាញទម្រង់លេងមួយដ៏អស្ចារ្យលោកមិនធ្លាប់ជួប ក្នុងប្រវត្តិដឹកនាំអាស៊ីអឺរ៉ុបជិត ៣ឆ្នាំកន្លងទៅ។ រីឯក្រសួងការពារជាតិ បានឡើងវគ្គ ១/៤ ជាមួយភ្នំពេញក្រោន, បឹងកេត, ព្រះខ័នរាជស្វាយរៀង, អង្គរថាយហ្គឺរ, វិសាខា, សូលទីឡូអង្គរ និងគិរីវង់សុខសែនជ័យ៕

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

អត្ថបទ៖ បុត្រា

មតិយោបល់