ចាន់ វឌ្ឍនាកា និយាយពីស្ថានភាពកម្លាំងរបស់ខ្លួនក្រោយបង្ហាញមុខ ៤ប្រកួតរកបាន ៧គ្រាប់

មាស សុផាណារ៉ុង July 19, 2019


 

ភ្នំពេញ៖ ខ្សែប្រយុទ្ធជួរមុខនៃក្លឹបបាល់ទាត់បឹងកេត កីឡាករ ចាន់ វឌ្ឍនាកា បាននឹងកំពុងធ្វើឲ្យអ្នកគាំទ្រងាកមកចាប់អារម្មណ៍សារជាថ្មី ចាប់តាំងពីត្រលប់មករួមក្រុមវិញ នៅជុំទី២ នៃលីគកំពូលកម្ពុជា ក៏ដូចជាក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជាមួយនឹងការបង្ហាញខ្លួន ៤ប្រកួត រកបាន ៧គ្រាប់។

មានចំណាប់អារម្មណ៍ក្រោយការបង្ហាញមុខបាន ៤ប្រកួត ទាំងក្នុងលីគកំពូលកម្ពុជា ក៏ដូចជាពានសម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធជាមួយនឹងកម្លាំង ចាន់ វឌ្ឍនាកា បានលើកឡើងយ៉ាងដូច្នេះថា៖ «សម្រាប់ខ្ញុំ កម្លាំងគឺអត់សូវជាបញ្ហាទេ ព្រោះគម្រោងក្លឹបត្រូវការកីឡាករប្រយុទ្ធ អច្ចឹងយើងមិនមែនជាខ្សែបម្រើ អច្ចឹងកម្លាំងយើងអាចលេងបាន ៩០នាទី ទោះបីយើងអត់សូវមានចលនាលើទីលានអត់ទាន់ល្អក៏ដោយ ប៉ុន្តែសង្ឃឹមថាប្រកួតក្រោយៗយើងនឹងមានការធ្វើបានល្អ ហើយពង្រឹងសមត្ថភាពខ្លួនឯង ក៏ដូចជាការលេងជាក្រុមឲ្យបានល្អពីមួយប្រកួតទៅមួយប្រកួត។»

ចំពោះ​ការវិលត្រឡប់​ដ៏​ល្អ​នេះ វឌ្ឍនាកា បាន​សម្តែង​ភាព​រីករាយ​ថា៖ «ខ្ញុំ​ពិតជា​សប្បាយ​ចិត្តខ្លាំង ដែល​ការវិល​មកវិញ​ពេលនេះ អា​ចរក​គ្រាប់​បាល់​បានជា​បន្តបន្ទាប់ តែ​ក៏​អរគុណ​ដល់​មិត្ត​រួម​ក្រុម ដែល​បាន​ជួយ​ខ្ញុំ​ធ្វើ​រឿង​ទាំងនេះ។» វឌ្ឍនាកា បញ្ជាក់​ផងដែរ​ថា ការ​មក​ចូលរួម​ជាមួយ​បឹង​កេត​លើក​នេះ ល្អ​ជាង​ឆ្នាំមុន ដោយសារតែ​លើក​នេះ​ខ្លួនគេ ពុំមាន​របួស​ឡើយ និង​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការប្រកួត​នានា ខុសប្លែក​ពីមុន​ដែល​រូបគេ​មាន​របួស និង​មិនមាន​កម្លាំង​គ្រប់គ្រាន់​ឡើយ។

គួរដឹងដែរថា ចាន់ វឌ្ឍនាកា បានត្រលប់មកចូលរួមជាមួយបឹងកេត ជាថ្មីក្រោយពេលចាកចេញពីក្លឹបទៅប្រកបអាជីពជាមួយក្លឹបនៅលីគកំពូលម៉ាឡេស៊ី ( Malaysia Super League ) កាលពីពាក់កណ្ដាលខែមិថុនា នឹងចាប់ផ្ដើមប្រកួតទាំងរង្វាន់សម្តេចតេជោ និងលីគកំពូលកម្ពុជា ធ្វើបានដូចជា ២​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​១៦​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​សម្តេចតេ​ជោ ហ៊ុន សែន រកបាន ៤​គ្រាប់ ក្នុងនោះ​ធ្វើបាន​៣​គ្រាប់ នៅ​ប្រកួត​ជើង​ទី​១ ដែល បឹងកេត យកឈ្នះ ខេត្តសៀមរាប ៦ទល់០ និង​ជើង​ទី​២ យកឈ្នះ ៣ទល់០ រកបាន ១គ្រាប់បន្ថែម។

​នៅក្នុង​ក្របខ័ណ្ឌ​លី​គ​កំពូល​កម្ពុជា វិញ កាលពី​សប្តាហ៍​ទី​១៤ រូបគេរកបាន ២​គ្រាប់​ក្នុង​ជំនួបទល់នឹង ភ្នំពេញ​ក្រោ​ន ដែល​បញ្ចប់​ក្នុង​លទ្ធផល ៤ទល់៤ និង​ក្នុង​សប្តាហ៍​ទី​១៥ រកបាន ១​គ្រាប់​បន្ថែមទៀត ជួយ​ឱ្យ​បឹងកេត បំបាក់​​អគ្គិសនី​កម្ពុជា ៤ទល់០ នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា អ៊ែរ​វ៉េ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់