ពានពាក់កណ្ដាលអាជីពមួយ ប្រកាសបង្កើនប្រាក់រង្វាន់ ១ម៉ឺនដុល្លារ នារដូវកាលថ្មី

មាស សុផាណារ៉ុង July 16, 2019


 

ភ្នំពេញ៖ ពានរង្វាន់ពាក់កណ្ដាលអាជីព Keller Williams Cambodia Lague 2019 បានបញ្ចប់ដោយជោគជ័យ ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញជាង ៤ខែ តែក្រោយចប់រដូវកាលចាស់ ម្ចាស់ពាននេះ បានប្រកាសដំណឹងល្អមួយភ្លាមៗ ដោយលោកនឹងបង្កើនប្រាក់រង្វាន់ នារដូវកាលថ្មី ឆ្នាំ២០២០ ដល់ទៅ ១ម៉ឺនដុល្លារឯណោះ។ នេះបើតាមការបញ្ជាក់របស់ស្ថាបនិកពានលោកបណ្ឌិត គីម ហ៊ាង។

លោកបណ្ឌិត គីម ហ៊ាង ប្រធាន Keller Williams Cambodia បានបញ្ជាប់ក្នុងពិធីបិទការប្រកួត នៅទីលាន KMH Park កាលពីចុងសប្ដាហ៍កន្លងទៅ ក្នុងឆ្នាំ២០២០ ខាងមុខ ពានពាក់កណ្ដាលអាជីពដ៏ធំនេះ នឹងមានប្រាក់រង្វាន់សម្រាប់ក្រុមជើងឯកចំនួន ១ម៉ឺនដុល្លារ។ ប៉ុន្ដែក្រុមអាចចូលរួមប្រកួតប្រជែងពាន អមដោយទឹកប្រាក់ដ៏ច្រើននេះបាន ក៏ត្រូវជាក្រុមគីឡូធ្ងន់ ដែលមានសមត្ថភាព និងការប្រកួតប្រជែងខ្ពស់ផងដែរ។

លោកបញ្ជាក់ថា «នាឆ្នាំ២០២០ យើងនឹងដំឡើងប្រាក់រង្វាន់ ១ម៉ឺនដុល្លារមែន តែក្រុមចូលរួម យើងមិនបង្កើននោះទេ (ឆ្នាំ២០១៩ មាន ១៦ក្រុមចូលរួម) គ្រាន់តែយើងទាមទារឲ្យការចុះឈ្មោះចូលរួម ត្រូវសម្រាំងយកតែក្រុមខ្លាំងៗ ព្រោះពានពាក់កណ្ដាលអាជីពមានទឹកប្រាក់ ១ម៉ឺនដុល្លារសម្រាប់ក្រុមហ៊ុនឯកជនមួយ មិនមែនជារឿងលេងសើចនោះទេ។ ដូច្នេះយើងសង្ឃឹមថា នារដូវកាលថ្មី នឹងមានការប្រកួតល្អមើលកាន់តែច្រើន»។

ក្រឡេកមកចាប់អារម្មណ៍ពាន KW Cambodia Lague 2019 វិញ គឺមាន ១៦ក្រុមចូលរួម ដោយប្រើរូបមន្ដប្រកួតលក្ខណៈលីគ ១ជើង ហើយក្រុមមានពិន្ទុខ្ពស់ជាងគេ នឹងក្លាយជាម្ចាស់ពានធំ ឬពាន KW Cambodia League ដែលបានទៅក្រុម ISI ក្រោយរកបាន ៤៣ពិន្ទុឈរកំពូលតារាង។ រីឯក្រុមលេខ២ ដល់លេខ៥ ត្រូវប្រកួតខ្វែង ដើម្បីប្រជែងពានតូច ឬពាន KW Cambodia League។

ជាលទ្ធផលពានតូចនេះ បានទៅក្រុម Avatar បន្ទាប់ពីប្រកួតផ្ដាច់ព្រ័ត្រឈ្នះក្រុម Bayon Wanderers ដោយលទ្ធផល ៤-២។ សម្រាប់រង្វាន់ជ័យលាភីវិញ ក្រុមជើងឯកពានធំ ISI ទទួលបាន ២៤លានរៀល ខណៈក្រុមជើងឯកតូច Avatar ទទួលបាន ១២លានរៀល និងជើងឯករង Bayon Wanderers ទទួលបាន ៨លានរៀល។ ឯក្រុមលេខ៣ ស្ទួន គឺក្រុម Khmer United-A និងក្រុម Riel PP ទទួលបានមួយក្រុម ៦លានរៀល តែក្រុម Khmer United-A ក៏ទទួលបានពាន Fair-Play អមដោយប្រាក់រង្វាន់ ២លានរៀលផងដែរ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់