U-18 កម្ពុជា ហ្វឹកហាត់ជាលើកទី២ ល្ងាចនេះ ត្រៀមពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍

មាស សុផាណារ៉ុង July 16, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើជាតិកម្ពុជាអាយុក្រោម១៨ឆ្នាំ នឹងបន្តធ្វើការហ្វឹកហាត់លើកទី២ នៅល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នេះ ដើម្បីត្រៀមខ្លួនប្រកួតក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ ( AFF U-18 Championship 2019 )។

តាមគម្រោងការហ្វឹកហាត់ជាលើកទី២ នេះនឹងមានជាមួយនឹងយុវជន ២៨រូបមកពីក្លឹបចំនួន ៨នៅក្នុងលីគកំពូលកម្ពុជា នឹងធ្វើឡើងនៅវេលាម៉ោង ៦ល្ងាច នាពហុកីឡដ្ឋានជាតិ បន្ទាប់ពីធ្លាប់បានធ្វើការហ្វឹកហាត់ម្ដងកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ។

សូមរំលឹកថា យោងតាមលិខិតដែលសហព័ន្ធបានជូនដំណឹងដល់ក្លឹប បានបញ្ជាក់ស្នើសុំយុវជនពីក្លឹបចំនួន ៨នៃលីគកំពូលកម្ពុជា ជាថ្មីម្ដងទៀតដើម្បីធ្វើតេស្តសមត្ថភាពត្រៀមប្រកួតក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ ( AFF U-18 Championship 2019 ) ដែលធ្វើឡើងនៅប្រទេសវៀតណាម នាខែសីហា ខាងមុខរួមមាន យុវជនសាលាបាល់ទាត់បាទី, ព្រះខ័នរាជស្វាយរៀង, បឹងកេត, ណាហ្គាវើលដ៍, វិសាខា, អគ្គិសនីកម្ពុជា, អគ្គស្នងការដ្ឋាននគរបាលជាតិ និងភ្នំពេញក្រោន សរុបចំនួន២៨នាក់។

តាមគម្រោងការធ្វើតេស្តឈុតចុងក្រោយ ដំណាក់កាលទី១ នឹងធ្វើឡើងជា ៣ដំណាក់កាល ពោលគឺនៅថ្ងៃទី១៣ បន្ទាប់មកនៅថ្ងៃទី១៦ និងចុងក្រោយថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ ភ្នំពេញផ្ទាល់តែម្ដង និងស្ថិតក្រោមការដឹកនាំដោយគ្រូបង្វឹកជនជាតិជប៉ុនថ្មី លោក Gyotoku Koji ហើយនឹងធ្វើការជម្រុះមកនៅត្រឹម២៣នាក់ប៉ុណ្ណោះ ដើម្បីហោះឡើងទៅប្រទេសវៀតណាម នៅដើមខែសីហា។

គួររំលឹកថា នៅពានរង្វាន់យុវជនអាយុក្រោម១៩ឆ្នាំ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF U-19 Championship 2019 ) កម្ពុជា ស្ថិតនៅពូល B ជាមួយក្រុមខ្លាំងៗដូចជា U-19 ថៃ , ម៉ាឡេស៊ី , វៀតណាម , សិង្ហបុរី និងអូស្ត្រាលី ដោយការប្រកួតចាប់ផ្ដើមពីថ្ងៃទី០៥ ខែសីហា ហើយនឹងបញ្ចប់នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ នៅប្រទេសវៀតណាម៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់