Ajayi រំពឹងរកគ្រាប់បាល់ច្រើនទៀត ក្រោយជួយវិសាខា ឈ្នះគិរីវង់ ៤ទល់១

មាស សុផាណារ៉ុង July 15, 2019


 

ភ្នំពេញ៖ កីឡាករចំណូលថ្មីរបស់វិសាខា Ajayi Opeyemi Korede បានសម្ដែងការសប្បាយចិត្តជាខ្លាំង ក្រោយរកបានគ្រាប់បាល់លើកដំបូង ខណៈវិសាខា បានយកឈ្នះគិរីវង់សុខសែនជ័យ ៤ទល់១ កាលពីចុងសប្ដាហ៍កន្លងទៅ ហើយគេរំពឹងថា នឹងរកគ្រាប់បាល់បន្ដបន្ទាប់ទៀត នាប្រកួតក្រោយៗ។

ប្អូនប្រុសបង្កើតរបស់ Gbenga  Samuel សមាជិកក្រុមបឹងកេត រូបនេះបាននិយាយថា៖ «ខ្ញុំមានអារម្មណ៍រីករាយណាស់ ដែលខ្ញុំអាចរកបាន ២គ្រាប់។ ជ័យជម្នះនេះ មិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្ដែពួកយើងបានខំប្រឹង និងតស៊ូពុះពាររហូតទទួលបានជ័យជម្នះ។ ចំពោះប្រកួតបន្ទាប់ ខ្ញុំនឹងព្យាយាមរកគ្រាប់បន្ដទៀត ទៅតាមអ្វីដែលខ្ញុំអាចធ្វើបាន ខ្ញុំជឿជាក់…!»។

គួរដឹងថា ក្រោយផ្ទេរពីអាស៊ីអឺរ៉ុប ទៅវិសាខា Ajayi បានបង្ហាញខ្លួន ២ប្រកួតជាប់គ្នាឲ្យក្រុមថ្មីរបស់ខ្លួន សម្រាប់ដើមជើងទី២ នៃលីគកំពូលកម្ពុជា ប៉ុន្ដែទើបរកបាន ២គ្រាប់ជ័យជម្នះ ៤ទល់១ លើក្រុមគិរីវង់សុខសែនជ័យ កាលពីចុងសប្ដាហ៍មុន។ ប៉ុន្ដែកាលពីប្រកួតដំបូង គេក៏បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់បញ្ចប់ទីបាន ២គ្រាប់ផងដែរ។

និយាយដោយឡែកវិញកីឡាករសញ្ជាតិនីហ្សេរីយ៉ារូបនេះ រកគ្រាប់បាល់បាន ១២គ្រាប់ហើយនៅលីគកំពូលកម្ពុជា ក្នុងនោះ១០គ្រាប់ជាមួយ អាស៊ីអឺរ៉ុបយូណាយធីត និង ២គ្រាប់ជាមួយក្លឹបវិសាខានេះផ្ទាល់តែម្ដង។

 

អត្ថបទ៖ បុត្រា

មតិយោបល់