គម្រោងទីលានបាល់ទាត់១០០ របស់​ AIA Cambodia បានបញ្ចប់ជាមួយការបរិច្ចាគសម្ភារៈបាល់ទាត់ច្រើនបំផុត

មាស សុផាណារ៉ុង July 15, 2019


 

សៀមរាប៖ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) «AIA Cambodia» ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បានរៀបចំ វគ្គចុងក្រោយនៃគម្រោងទីលានបាល់ទាត់១០០ នៅខេត្តសៀមរាបដោយនាំមកនូវភាពជោគជ័យក្នុងការបំពាក់សម្ភារៈបាល់ទាត់ដល់សាលាបឋមសិក្សាចំនួន ១០០សាលាទូទាំងប្រទេសកម្ពុជា។

តាមការឲ្យដឹងគម្រោងនេះផងដែរ សាលានីមួយៗគឺទទួលបាន បង្គោលទី២ ក្តារអមតារាង៤ បាល់១០គ្រាប់ អាវកាក់៣០ និងកោណហាត់បាល់៤០។ គម្រោងនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយឲ្យកុមារនៅកម្ពុជាស្រឡាញ់វិស័យកីឡា ដែលស្របគ្នាជាមួយនឹងការប្តេជ្ញារបស់ អេ អាយ អេ ក្នុងការ​ជួយឲ្យប្រជាជនទទួល​បានសុខភាព និងជីវិតកាន់តែប្រសើរ។

សម្រាប់គម្រោងទីលានបាល់ទាត់១០០នេះ ត្រូវបានប្រកាសតាំងពីខែមករា ដើមឆ្នាំនេះ ក្នុងស្មារតីអបអរខួប១០០ឆ្នាំរបស់សម្ព័ន្ធ អេ អាយ អេ ដោយមានគោលបំណងបរិច្ចាគ​សម្ភារៈបាល់ទាត់ដល់សាលាបឋមសិក្សាចំនួន១០០សាលា នៅទូទាំងប្រទេសកម្ពុជា។

លោកស្រី ខៀវ វរៈច័ន្ទ នាយិកាផ្នែកទីផ្សាររបស់ អេ អាយ អេ ខេមបូឌា ដែលទទួលបន្ទុកលើដំណើរការគម្រោងទីលានបាល់ទាត់១០០ បានមានប្រសាសន៍ថា៖ «ខួប១០០ឆ្នាំរបស់យើង មិនត្រឹមតែប្រារព្ធឡើងដើម្បីក្រឡេកមើលលើប្រវត្តិសាស្រ្តរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីសម្លឹងឆ្ពោះទៅរកអនាគត ហើយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយឲ្យប្រជាពលរដ្ឋរស់នៅមានជីវិតកាន់តែប្រសើរឡើង។ ដោយសារតែគំនិតផ្តួចផ្តើមនៃគម្រោងនេះ កុមាររាប់ពាន់នាក់នៅទូទាំងកម្ពុជាទទួលបាន និង​អាចប្រើប្រាស់សម្ភារៈបាល់ទាត់ ដែលធ្វើឲ្យខ្ញុំ និងក្រុមការងារទាំងអស់មានមោទនភាពយ៉ាងខ្លាំង»។

ពិធីចែកសម្ភារៈបាល់ទាត់នៃគម្រោងទីលានបាល់ទាត់១០០ ដ៏ធំ និងចុងក្រោយនេះ ទទួល​បាន​ការចូលរួមពីអ្នកតំណាងនៃ មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ព្រមទាំងសិស្សានុសិស្ស អ្នកគ្រូ លោកគ្រូ នាយក នាយិកាជាច្រើននាក់ដែលពីសាលាចំនួន១៤ នៅខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ទីប្រឹក្សាផែនការជីវិត អេ អាយ អេ  ថ្នាក់គ្រប់គ្រង និងបុគ្គលិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ព្រមទាំងសមាជិកក្រុមអ្នកគាំទ្រនៅកម្ពុជាជាផ្លូវការសម្រាប់ក្លិបបាល់ទាត់ Tottenham Hotspur​ ដែលជាដៃគូសកលរបស់ អេ អាយ អេ។

សូមបញ្ជាក់ថា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់កុមាររាប់ពាន់នាក់នៅក្នុងសាលាបឋមសិក្សា និងសហគមន៍របស់ពួកគេនៅទូទាំងប្រទេស ដែល​នេះបន្តជំរុញឲ្យ អេ អាយ អេ ខេមបូឌា នៅ​តែជាក្រុមហ៊ុន​ឈានមុខគេក្នុងការជួយយុវជនកម្ពុជាឲ្យចាប់យកបែបផែនរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់