គ្រូអង្គរថាយហ្គឺរ សង្ឃឹមថាកំពង់ចាម អាចនឹងបន្តធ្វើបានល្អនៅប្រកួតក្រោយៗទៀត

មាស សុផាណារ៉ុង July 16, 2019


 

សៀមរាប៖ លោក Oriol Mohedano Segura គ្រូបង្វឹកនៃក្លឹបបាល់ទាត់អង្គរថាយហ្គឺរ បានថ្លែងក្ដីសង្ឃឹមថាកំពង់ចាម អាចនឹងបន្តធ្វើបានល្អនៅប្រកួតក្រោយៗទៀត បន្ទាប់ពីរងបរាជ័យក្រោមថ្វីជើងរបស់ក្រុមខ្លួនត្រឹម ៤ទល់០ កាលពីជំនួបសប្ដាហ៍ទី១៥កន្លងទៅ ដ្បិតបើធៀបទៅនឹងជើងទី១ ចាញ់ដល់ទៅ ០ទល់១១។

ថ្លែងក្រោយចប់ការប្រកួតកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ គ្រូបង្វឹកសញ្ជាតិអេស៉្បាញ លោក Oriol Mohedano បានលើកឡើងថា៖ «ខ្ញុំចាំបាច់ត្រូវតែនិយាយថា ខេត្តកំពង់ចាម មកកីឡដ្ឋានស្វាយធំ ដើម្បីព្យាយាមឲ្យអស់នៅក្នុងប្រកួត … ដែលធ្វើឲ្យពិបាកសម្រាប់យើង … ហើយនេះគឺសមស្របណាស់ និងមើលទៅពិតជាល្អពីគូប្រកួត។ ប្រសិនបើអ្នកសួរខ្ញុំថាតើខ្ញុំចង់យកឈ្នះពួកគេ ២០-០ ឬឈ្នះពួកគេ ៤-០ … និយាយដោយការគោរព ខ្ញុំជ្រើសរើសយកជម្រើសទី២ ហើយពួកគេស្ទើរតែរកបាន ១ពិន្ទុ ពីយើង។ រាល់ការគោរពរបស់ខ្ញុំ និងសង្ឃឹមថាពួកគេបន្តធ្វើដូចគ្នានេះដែរនៅប្រកួតក្រោយៗទៀត»។

ត្រលប់មកនិយាយអំពីក្រុមរបស់លោកវិញ លោក Oriol Mohedano បានលើកឡើងថា៖ «យ៉ាងណាក៏ដោយ ខ្ញុំពិតជារីករាយ ពីព្រោះកីឡាករក្មេងរបស់យើងម្នាក់បង្ហាញខ្លួនលើកដំបូងក្នុងអាជីពរបស់គេ ហើយគេពិតជាធ្វើបានល្អ។ ឥលូវនេះគឺជាពេលដែលត្រូវបណ្ដុះគេក្នុងទម្លាប់នៃជ័យជម្នះ និងជំនាញ ហើយយើងមានអនាគតកីឡាករជម្រើសជាតិដែលកំពុងស្ថិតក្រោមការហ្វឹកហាត់របស់យើង»។ 

កីឡាករយុវជន ចាន់ ហួង ដែលបង្ហាញខ្លួនលើកដំបូងជាមួយក្លឹប

បន្ថែមលើសពីនេះលោកក៏សម្ដែងនូវក្ដីរាករាយជាមួយកីឡាករថ្មី Fernando Cozar ដែលបង្ហាញខ្លួន ២ប្រកួត អាចរកគ្រាប់បាល់បាន ១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន ៣ដងផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្នអង្គរថាយហ្គឺរ កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៣ ដោយមាន៣៣ពិន្ទុ ក្រោយ១៥ដង ឈ្នះ១០ ស្មើ៣ និងចាញ់២ ស្របពេលដែលខេត្តកំពង់ចាម បាននឹងកំពុងឈរនៅចំណាត់ថ្នាក់លេខ១៤ បាតតារាងដដែល ដោយមានតែ៣ពិន្ទុ ពីការប្រកួត១៥ដងដូចគ្នា ឈ្នះ១ និងចាញ់១៤៕

 

រូបភាព៖ អង្គរថាយហ្គឺរ – Angkor Tiger Football Club

អត្ថបទ៖ ណារ៉ុង

មតិយោបល់