គ្រូព្រះខ័នរាជស្វាយរៀង៖ «ខ្ញុំពិតជាមានសំណាងណាស់ដែលអាចហៅខ្លួនឯងជាគ្រូបង្វឹករបស់ពួកគេ»

មាស សុផាណារ៉ុង July 15, 2019


 

ស្វាយរៀង៖ លោក Conor Nestor គ្រូបង្វឹកក្លឹបព្រះខ័នរាជស្វាយរៀង បានថ្លែងថាខ្លួនលោកពិតជាមានសំណាងណាស់ដែលអាចហៅខ្លួនឯងជាគ្រូបង្វឹករបស់ក្លឹបដែលកំពុងនាំមុខនៅក្នុងតារាងចំណាត់ថ្នាក់នៃលីគកំពូលកម្ពុជា មួយនេះ។

ថ្លែងបែបនេះគឺបន្ទាប់រូបលោកបន្តដឹកនាំព្រះខ័នរាជស្វាយរៀង ឲ្យទទួលជ័យជម្នះបន្តបន្ថែមទៀតជាមួយនឹងកំណត់ត្រាមិនស្គាល់ពាក្យថាចាញ់ក្នុងលីគចាប់តាំងពីចាប់ផ្ដើម លើសូលទីឡូអង្គរ ជាមួយលទ្ធផលចាស់ដៃ ៦ទល់១ កាលពីជំនួបសប្ដាហ៍ទី១៥ ថ្ងៃទី១៤ ខែកក្កដា ម្សិលមិញ។

មានយោបល់ជុំវិញការប្រកួតគ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះបានលើកឡើងថា៖ «នៅក្នុងផ្នែកខ្លះ លទ្ធផល ៦ទល់១ ហាក់ដូចជាអយុត្តិធម៌បន្តិចទៅលើសូលទីឡូុអង្គរ ដែលគេជាផ្នែកមួយនៃក្រុមដែលលេងបាល់ទាត់បានល្អ និងបានមកជាមួយផែនការការប្រកួតដ៏ល្អ។ កីឡាកររបស់យើងពិតជាអស្ចារ្យក្នុងការស្វែងរកដំណោះស្រាយនៅលើទីលាន ហើយទោះបីជាយើងបានទាត់បាល់បញ្ចូលទី ៦គ្រាប់ក៏ដោយ ក៏យើងគួរតែមានបាល់១១ម៉ែត្រ ពុំត្រូវបានផ្ដល់ឲ្យជាច្រើនផងដែរ។ នេះបង្ហាញថាក្រុមនេះចង់បង្កើនឲ្យមានភាពប្រសើរឡើងរៀងរាល់សប្តាហ៍។ ខ្ញុំជាមនុស្សសំណាងដែលអាចហៅខ្លួនឯងថាជាគ្រូបង្វឹករបស់គេ»។

នៅពេលដែលសួរនាំអំពី ភាពខុសគ្នារវាងគ្រាប់បាល់នៅវគ្គទី១ ដែលរកបានត្រឹម ២ទល់១ និងវគ្គទី២ ព្រះខ័នរាជស្វាយរៀង អាចមានលទ្ធភាពបន្ថែមគ្រាប់បាល់ ៤គ្រាប់ទៀត លោក Conor Nestor បានឲ្យដឹងថា៖ «ប្រសិនបើអ្នកសម្លឹងមើលភាគច្រើននៃការលេងនៅវគ្គទី២ របស់យើង អ្នកនឹងឃើញថាយើងរឹងមាំនៅវគ្គទី២។ យើងមានភាពរឹងមាំ យើងជឿជាក់លើកីឡាករបម្រុងរបស់យើង ដែលធ្វើឱ្យមានការប្រែប្រួលការប្រកួត ហើយយើងក៏មានអារម្មណ៍ថារបៀបនៃការបញ្ជូនបាល់របស់យើង អាចធ្វើឱ្យគូប្រជែងរបស់យើងបាត់កម្លាំងនៅក្នុងវគ្គទី២»។

គួរដឹងថា សម្រាប់រដូវកាល២០១៩នេះ ព្រះខ័នរាជស្វាយរៀង បាននឹងបង្កើនភាពភ្ញាក់ផ្អើលជាថ្មី បើធៀបនឹងរដូវកាលមុន ដែលដឹកនាំដោយលោក Conor Nestor ដូចគ្នា ដោយ ១៥ប្រកួត ពួកគេមិនទាន់ស្គាល់ចាញ់នៅឡើយនោះទេ ពោលគឺឈ្នះ ១២ប្រកួត និងស្មើ៣ប្រកួត មាន៣៦ពិន្ទុ និងឈរកំពូលតារាង មានគម្លាតពិន្ទុនាំមុខពីគូប្រជែងលេខ២ ណាហ្គាវើលដ៍ ៥ពិន្ទុ៕

 

រូបភាព៖ លីគកំពូលកម្ពុជា – Metfone Cambodian League

អត្ថបទ៖ ណារ៉ុង

មតិយោបល់