លោក ហៅ សុជាតិ ថាលេងលើទឹកដីខ្លួនឯងជាទំនុកចិត្តមួយក្នុងការឈ្នះ អគ្គិសនី ៤ទល់០

មាស សុផាណារ៉ុង July 15, 2019


 

ភ្នំពេញ៖ លោក ហៅ សុជាតិ គ្រូ​បង្វឹក​នៃ​ក្លឹបបាល់ទាត់​បឹង​កេត ថាលេងលើទឹកដីខ្លួនឯងជាទំនុកចិត្តមួយក្នុងការឈ្នះ អគ្គិសនី ៤ទល់០។ ថ្លែង​បែបនេះ​គឺ​នៅ​ក្រោយ​ក្រុម បឹងកេត ឈ្នះ​អគ្គិសនីកម្ពុជា ៤ទល់​០ កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៩ នា​កីឡដ្ឋាន​ខេ​ម​បូ​ឌា អែរ​វ៉េ ( Cambodia Airways Stadium ) ដែលជា​ទឹកដី​ថ្មី​របស់​ខ្លួន។

ថ្លែង​នៅ​ក្រោយ​ចប់​ការប្រកួត លោក ហៅ សុជាតិ បាន​លើកឡើង​យ៉ាងដូច្នេះថា៖ «​ការប្រកួត​ថ្ងៃនេះ​គឺយើង​ពិតជាសប្បាយចិត្ត ដោយសារយើងបាន៣ពិន្ទុបន្ថែម នាំឲ្យយើងមានឱកាសបន្តប្រជែងជើងឯកនៅ​ឆ្នាំនេះ។ ថ្ងៃនេះយើងធ្វើបានល្អច្រើន ប៉ុន្តែនៅតែមានបញ្ហាបន្តិចបន្តួចនៅតំបន់ការពារ ដោយ​សារតែពេល​ដែលគេមានឱកាសម្ដងៗ ក្រុមតែងតែមានបញ្ហា»។

នេះជាការប្រកួតដំបូងរបស់បឹងកេត នៅក្នុងលីគកំពូលកម្ពុជា ដែលធ្វើឡើងលើកីឡដ្ឋានថ្មីរបស់ខ្លួនទោះបីមិនទាន់រួចរាល់ ១០០ភាគរយក៏ដោយ ខណៈគ្រូបង្វឹកវ័យ៣៩ឆ្នាំរូបនេះ មានយោបល់ផងដែរថា៖ «និយាយទៅវាជាទំនុកចិត្តមួយដែរសម្រាប់យើង ដោយសារនេះជាកន្លែងរបស់យើង អច្ចឹងយើងងាយស្រួលក្នុងការរៀបចំស្ថានការណ៍របស់យើងរបស់បានល្អ»។

គួរ​រំលឹក​ផង​ដែរ​ថា ការប្រកួតដែល បឹងកេតប្រកួតលើកីឡដ្ឋានថ្មីស្រឡាងរបស់ខ្លួននៅក្នុងលីគ មិន​បានធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ​ដោយ​អាច​រកជ័យជម្នះបានដល់ទៅ ៤គ្រាប់និងបិទមិនឲ្យគូប្រកួត​ទាត់បញ្ចូលទីថែមទៀតផង។

៤គ្រាប់របស់បឹងកេត រកបានដោយកីឡាករ Ajayi Gbenga Samuel ២គ្រាប់ម្នាក់ឯង ចាន់ វឌ្ឍនាកា រកបានមួយគ្រាប់ និង Julius មួយគ្រាប់ផងដែរ៕

 

រូបភាព៖ បឹងកេត – Boeung Ket Football Club

អត្ថបទ៖ ណារ៉ុង

មតិយោបល់