របៀបខ្លះៗនៃការចាប់ឆ្នោតបែងចែកពូល វគ្គជម្រុះជុំទី២ បាល់ទាត់ពិភពលោក សម្រាប់ប្រទេសដែលនឹងអាចជួបកម្ពុជា

មាស សុផាណារ៉ុង July 15, 2019


 

អាស៊ី៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានទទួលកៅអីឡើងទៅការប្រកួតបន្តនៃវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification-AFC ) ក្រោយជោគជ័យនៅវគ្គជម្រុះជុំទី១ ដោយបន្តយកឈ្នះប៉ាគីស្ថាន លទ្ធផល ១ទល់២ និងឈ្នះលទ្ធផលសរុបទាំងពីរជើង ៤ទល់១ កាលពីខែមិថុនា កន្លងទៅថ្មីៗនេះ។

វគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ គឺមានប្រទេសចំនួន៣៤ អង្គុយរង់ចាំរួចជាស្រេច បូកជាមួយក្រុមពីវគ្គជម្រុះចំនួន៦ ដែលឈ្នះក្នុងវគ្គជម្រុះជុំទី១ សរុប ៤០ប្រទេស។

៤០ ប្រទេសនោះរួមមាន៖ អ៊ីរ៉ង, ជប៉ុន, កូរ៉េខាងត្បូង, អូស្ត្រាលី, កាតា, អារ៉ាប់រួម, អារ៉ាបប៊ីតសាវឌីត, ចិន, អ៊ីរ៉ាក់, ស៊ីរី, អ៊ូបីគីស្ថាន, លីបង់, អ៊ូម៉ង, គីស៊ីស្ថាន, ហ៊្សកដានី, វៀតណាម, ប៉ាឡេស្ទីន, ឥណ្ឌា, បារ៉ែន, ថៃ, តាជីគីស្ថាន, កូរ៉េខាងជើង, ហ្វីលីពីន, ឆាយនីសតៃប៊ិ, តួរមីនីស្ថាន, មីយ៉ាន់ម៉ា, កោះហុងកុង, យ៉េមែន, អាហ្វហ្គានីស្ថាន, ម៉ាលឌីវ, គុយវែត, ឥណ្ឌូនេស៊ី, សិង្ហបុរី, នេប៉ាល់ និង ៦ប្រទេស ដែលសុទ្ធសឹងតែជាប្រទេសឈ្នះក្នុងវគ្គជម្រុះជុំទី១ ត្រូវចូលទៅបង្រ្គប់រួមមាន៖ កោះហ្គាម, ម៉ុងហ្គោលី, ម៉ាឡេស៊ី, បង់ក្លាដេស, កម្ពុជា និងស្រីលង្ការ។

បន្ទាប់មកទៀត ប្រទេសទាំង៤០នេះ ត្រូវបានកំណត់ការបែងចែកប្រអប់ ( Pot ) ដើម្បីចាប់ពូលសរុបទាំងអស់មាន ៥ប្រអប់ ( ​Pot ​) និងក្នុង ១ប្រអប់មាន ៨ក្រុម ដើម្បីឲ្យអ្នកតំណាងធ្វើការចាប់ឆ្នោតបែងចែកចេញជា ៨ពូល និងក្នុងមួយពូលៗ មាន៥ក្រុម ( បញ្ជាក់ថាការបែងចែកប្រទេសណាស្ថិតនៅប្រអប់ណា គឺអាស្រ័យទៅតាមចំណាត់ថ្នាក់ពិភពលោក «FIFA World Ranking» របស់ប្រទេសនីមួយៗគិតត្រឹមខែមិថុនា ) ដែលមានដូចខាងក្រោម៖

ករណីនិយាយចំពោះតែកម្ពុជា ការចាប់ឆ្នោតពានរង្វាន់ដដែលនេះ គឺដាច់ខាតកម្ពុជា នឹងត្រូវជួបប្រទេសមួយ ក្នុងចំណោម ៨ប្រទេសដែលស្ថិតនៅប្រអប់នីមួយៗ ពីទី១ដល់៤ ( Pot 1 ដល់ ​Pot 4 ) រហូតដល់គ្រប់ ៤ប្រទេស ខណៈប្រអប់ដែលកម្ពុជា ស្ថិតនៅនោះ ( ប្រអប់ទី៥ – Pot 5 ) កម្ពុជា នឹងមិនត្រូវចាប់ឲ្យរួមពូលជាមួយប្រទេសទាំងនោះឡើយ ពោលគឺរួមមាន ឥណ្ឌូនេស៊ី, សិង្ហបុរី, នេប៉ាល, បង់ក្លាដេស, ម៉ុងហ្គោលី, កោះហ្កាម និងស្រីលង្ការ។

លើកជាឧទាហរណ៍៖ កម្ពុជា អាចត្រូវចាប់ឆ្នោតប៉ះក្រុម អ៊ីរ៉ង់ មកពីប្រអប់ទី១, អ៊ីរ៉ាក់ មកពីប្រអប់ទី២, ប៉ាឡេស្ទីន មកពីប្រអប់ទី៣, តួរមីនីស្ថាន មកពីប្រអប់ចុងក្រោយ ( ប្រអប់ទី៤ ) និងប្រអប់ទី៥ កម្ពុជាខ្លួនឯងផ្ទាល់។

សម្រាប់ការចាប់ឆ្នោតបែងចែកពូល វគ្គជម្រុះជុំទី២ នឹងធ្វើឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ នៅប្រទេសម៉ាឡេស៊ី។ ក្រោយការចាប់ឆ្នោត សម្រាប់ការប្រកួតវិញ គឺគ្រោងនឹងចាប់ផ្ដើមពីដើមខែកញ្ញា ឆ្នាំ២០១៩ តទៅ ជាមួយនឹងការប្រកួតចំនួន ២ជើងប្ដូរទឹកដីគ្នាទៅវិញ ហើយនឹងបន្តរហូតដល់បញ្ចប់នៅខែមិថុនា ឆ្នាំ២០២០។

រូបភាពការចាប់ឆ្នោតវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក កាលពីឆ្នាំ២០១៥ 

គួររំលឹកផងដែរថា កាលពីវគ្គជម្រុះជុំទី២ បាល់ទាត់ពិភពលោក ឆ្នាំ២០១៨ កម្ពុជា បានស្ថិតនៅពូល E ជាមួយជប៉ុន, ស៊ីរី, អាហ្វហ្គានីស្ថាន និងសិង្ហបុរី។ លទ្ធផលគ្រានោះ កម្ពុជា បានបញ្ចប់ទៅដោយស្ថិតនៅបាតតារាង ក្រោយប្រកួត៨ដង មិនដែលឈ្នះ មិនដែលស្មើ និងចាញ់ទាំង ៨ដង អស់ឱកាសឡើងទៅជុំទី៣៕

 

រូបភាព៖ AFC Asian Cup

អត្ថបទ៖ ណារ៉ុង

មតិយោបល់