គ្រូ U-18 បាទី ថាចាញ់ភ្នំពេញក្រោន ១២ទល់១ គឺជាលើកដំបូងក្នុងអាជីពជាគ្រូបង្វឹកដែលដឹកនាំក្រុមចាញ់ច្រើនគ្រាប់

មាស សុផាណារ៉ុង July 15, 2019


 

ភ្នំពេញ៖ លោក Koji Gyotoku ​គ្រូបង្វឹកនៃក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី បានសម្ដែងនូវការសោកស្ដាយ បន្ទាប់ពីរងបរាជ័យយ៉ាងចាស់ដៃក្រោមថ្វីជើង ក្លឹបបាល់ទាត់ភ្នំពេញក្រោន ក្នុងជំនួបសប្ដាហ៍ទី១៥ នៃលីគកំពូលកម្ពុជា កាលពីល្ងាចថ្ងៃទី១៤ កក្កដា ម្សិលមិញ នៅកីឡដ្ឋានស្មាតអរអេសអិន ដោយលទ្ធផល ១២ទល់១ និងបង្ហើបថាគឺជាលើកដំបូងដែលលោកដឹកនាំក្រុមចាញ់ច្រើនគ្រាប់ចាប់តាំងពីចាប់អាជីពជាគ្រូបង្វឹក ។

មានយោបល់ក្រោយចប់ការប្រកួត លោក Koji Gyotoku គ្រូបង្វឹកនៃក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ហើយដែលនឹងមានតួនាទីជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៨ឆ្នាំផងដែរនោះ បានលើកឡើងថា៖ «សម្រាប់ការប្រកួតថ្ងៃនេះពិបាកមើលមែនទែន អត់មានចំណុចល្អណាមួយដែលកើតឡើងទាល់តែសោះ។ អ្វីដែលខ្ញុំសោកស្ដាយបំផុតនោះគឺក្នុងក្រុមអត់មានកីឡាករដែលជួយជម្រុញទឹកចិត្តនៅក្នុងទីលាន មានន័យថាអ្នកដែលស្រែកលើកទឹកចិត្តក្រុម ឬក៏ជម្រុញក្រុមឲ្យកាន់តែខំប្រឹងលេង ទោះបីចាញ់ក៏ដោយ បាត់គ្រាប់ក៏ដោយ គឺលើកទឹកចិត្តក្រុមឲ្យលេងរហូតដល់ទីបញ្ចប់គឺអត់មានកីឡាករបែបនេះ។ នេះគឺជាអ្វីដែលខ្ញុំសោកស្ដាយបំផុត»។

ការប្រកួតនេះគឺជាការប្រកួតដំបូងចាប់តាំងពីក្រុមយុវជនអាយុក្រោម១៨ឆ្នាំនៃសាលាបាល់ទាត់ជាតិបាទី ចូលរួមលីគ ដោយបានរបូតគ្រាប់បាល់ដល់ទៅ ១២គ្រាប់ ( U-18 បាទី របូតច្រើនគ្រាប់បំផុតត្រឹម ៦គ្រាប់ ) ទោះបីជាប៉ះជាមួយក្រុមខ្លាំងបែបណាក៏ដោយ និងសូម្បីតែភ្នំពេញក្រោន នេះផ្ទាល់ដែលកាលពីជើងទី១ រងបរាជ័យត្រឹមតែ ០ទល់២ ប៉ុណ្ណោះ។ ការណ៍នេះត្រូវបានគ្រូបង្វឹកសញ្ជាតិជប៉ុនដដែលរូបនេះបន្ថែមថា៖ «ក្នុងនាមជាគ្រូបង្វឹកគឺពិតជាមិនសប្បាយចិត្តនៅពេលដែលគេទាត់ចូលច្រើនបែបនេះ តាំងពីខ្ញុំចាប់អាជីពធ្វើជាគ្រូបង្វឹកមក នេះគឺជាលើកដំបូងហើយដែលខ្ញុំដឹកនាំក្រុមរងបរាជ័យរហូតដល់ ១២គ្រាប់»។

គួរដឹងដែរថា ក្រុមយុវជនអាយុក្រោម១៨ឆ្នាំនៃសាលាបាល់ទាត់ជាតិបាទី ធ្លាប់រងបរាជ័យក្នុងលីគលទ្ធផលច្រើនបំផុតត្រឹម ០ទល់៦ ក្រោមថ្វីជើងក្លឹបបាល់ទាត់អង្គរថាយហ្គឺរ និងធ្លាប់ចាញ់ ៦ទល់១ ក្រោមថ្វីជើងអាស៊ីអឺរ៉ុបយូណាយធីត។

បរាជ័យនេះផងដែរបានធ្វើឲ្យក្រុមបន្តឈរនៅលេខ១៣ នៃតារាងចំណាត់ថ្នាក់លីគដដែល ដោយមាន៣ពិន្ទុក្នុងដៃ របូតគ្រាប់៥៦គ្រាប់ និងទាត់ចូលទីគូប្រកួតបាន ១៣គ្រាប់ផងដែរ ក្នុងចំណោម១៥ប្រកួត៕

 

រូបភាព៖ ភ្នំពេញក្រោន – Phnom Penh Crown FC

អត្ថបទ៖ ណារ៉ុង

មតិយោបល់