ក្លឹបបាល់ទាត់វិសាខា ចាប់ផ្ដើមធ្វើតេស្ដយុវជនបង្កើតថ្នាល អាយុក្រោម១៥ឆ្នាំ

មាស សុផាណារ៉ុង July 13, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់វិសាខា បានចាប់ផ្ដើមធ្វើតេស្ដយុវជន ដើម្បីសម្រាំងយកអ្នកមានសមត្ថភាពបង្កើតក្រុមយុវជនថ្នាលអាយុក្រោម១៥ឆ្នាំ ( U-15 ) ហើយ ដោយមានយុវជនប្រមាណ ៧០នាក់ចូលរួម កាលពីថ្ងៃទី១២ ខែកក្កដាម្សិលមិញ នៅទីលាន AUPP។ នេះបើតាមការជូនដំណឹងលើបណ្ដាញសង្គមផ្លូវការរបស់ក្លឹបលីគកំពូលកម្ពុជាមួយនេះ។

ក្លឹបវិសាខា បានបញ្ជាក់ថា៖ «ក្លឹបបានចាប់ផ្ដើមធ្វើតេស្ដជ្រើសរើសកីឡាករយុវជនអាយុក្រោម១៥ឆ្នាំ ដើម្បីបង្កើតក្រុមយុវជន ១កម្រិតទៀតហើយ ដោយមានយុវជនជាង ៧០នាក់ចូលរួម ។ ការធ្វើតេស្ដនេះ នឹងធ្វើឡើងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១២ដល់១៥ ខែកក្កដា ហើយធ្វើតែម្ដងប៉ុណ្ណោះ ដើម្បីចម្រាញ់យកកីឡាករឆ្នើម ២៣នាក់ បង្កើតជាក្រុមយុវជនអាយុក្រោម ១៥ឆ្នាំតែម្ដង»។

យ៉ាងណាមិញ ការធ្វើតេស្ដនេះ ត្រូវបានអនុញ្ញាតឲ្យចូលរួមតែយុវជន ដែលបានចូលរួមប្រកួត និងជ្រើសរើសចេញពីការប្រកួតពានរង្វាន់ ( G-PARK Youth Cup U-15 ) លើកទី១ ដែលរៀបចំដោយក្លឹបវិសាខា កាលពីពេលថ្មីៗប៉ុណ្ណោះ ហើយកីឡាករត្រូវក្លឹបជ្រើសរើស លុះត្រាមានអាយុចាប់ពីឆ្នាំ២០០៥ ឡើង។

តាមគម្រោងក្រោយបង្កើតក្រុម U-15 ជាផ្លូវការហើយនោះ វិសាខា នឹងចុះឈ្មោះក្រុមក្មេងខ្ចីមួយនេះ ចូលរួមប្រកួតពានរង្វាន់យុវជនអាយុក្រោម ១៥ឆ្នាំ ដែលគ្រោងរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នាពេលឆាប់ៗខាងមុខផងដែរ។ នេះបើយោងតាមការធ្លាប់បញ្ជាក់របស់លោក ហុក សុចិត្ត្រា អ្នកចាត់ការទូទៅក្លឹបវិសាខា កាលពីពេលកន្លងមក៕

 

រូបភាព៖ ក្លឹបបាល់ទាត់វិសាខា – Visakha Football Club

អត្ថបទ៖ បុត្រា

មតិយោបល់