U-15 កម្ពុជា ជួប U-15 ចិន ម្ដងទៀតរសៀលនេះ នៅកីឡដ្ឋានស្មាត.អរអេសអិន

មាស សុផាណារ៉ុង July 13, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់យុវជនអាយុក្រោម១៥ឆ្នាំកម្ពុជា នឹងធ្វើការប្រកួតមិត្តភាពជាមួយ ក្រុមយុវជនអាយុក្រោម១៥ឆ្នាំចិន ក្នងជំនួបមិត្តភាពកម្ដៅសាច់ដុំដកស្រង់បច្ចេកទេសរវាងប្រទេសទាំងពីរ ជាថ្មីម្ដងទៀត នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ នាកីឡដ្ឋានស្មាត.អរអេសអិន ( Smart RSN )។

សម្រាប់ការប្រកួតកម្ដៅសាច់ដុំចុងក្រោយ រវាង U-15 កម្ពុជា និង U-15 ចិន នៅថ្ងៃនេះគឺនឹងធ្វើឡើងនៅវេលាម៉ោង ៣:០០នាទីរសៀល នៅកីឡដ្ឋានស្មាត.អរអេសអិន ( Smart RSN ) របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដោយនឹងមានការបើកឲ្យចូលរួមទស្សនាដោយសេរី​ និងពុំមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ណាមួយឡើយ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ក្រុមទាំងពីរបានជួបប្រកួតគ្នាម្ដងរួចមកហើយ ហើយជាលទ្ធផល ម្ចាស់ផ្ទះ U-15 កម្ពុជា បានរងបរាជ័យក្រុមថ្វីជើងក្រុមភ្ញៀវ U-15 ចិន ដោយលទ្ធផល ០ទល់៧ ខណៈ ៧គ្រាប់របស់ចិន រកបាននៅវគ្គទី១ ចំនួន ៣គ្រាប់ និងនៅវគ្គទី២ ចំនួន ៤គ្រាប់បន្ថែម។

សូមបញ្ជាក់ថា ក្រៅតែជាការប្រកួតកម្ដៅសាច់ដុំដកស្រង់បច្ចេកទេស ការប្រកួតនេះក៏ស្ថិតនៅក្នងន័យរឹតចំណងមិត្តភាព រវាងប្រទេសទាំងពីរហើយ និងក៏ជាការត្រៀមសម្រាប់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៥ឆ្នាំ ដើម្បីចូលរួមប្រកួតពានរង្វាន់យុវជនអាយុក្រោម១៦ឆ្នាំ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF U-16 Championship 2019 ) ដែលធ្វើពីថ្ងៃទី២៧ ខែកក្កដា ហើយនឹងបញ្ចប់នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នៅលើទឹកដីរបស់ប្រទេសថៃ ដោយមានប្រទេសចំនួន១២ចូលរួម។

ពានយុវជនអាយុក្រោម១៦ឆ្នាំ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ កម្ពុជា ស្ថិតនៅពូល B ជាមួយ ថៃ, ម៉ាឡេស៊ី, ឡាវ, ព្រុយណេ និងអូស្ត្រាលី៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់