Conor Nestor៖ ថាត្បូងឃ្មុំ គួរតែរកគ្រាប់បាល់បាន ៣ទៅ៤គ្រាប់ ក្នុងជំនួបចាញ់ក្រុមខ្លួន ១ទល់៣

មាស សុផាណារ៉ុង July 12, 2019


 

ភ្នំពេញ៖ លោក Conor Nestor គ្រូបង្វឹកក្លឹបព្រះខ័នរាជស្វាយរៀង បានឲ្យដឹងថា ថាក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ គួរតែរកគ្រាប់បាល់ថែម ៣ទៅ៤គ្រាប់ ក្នុងជំនួបចាញ់ក្រុមរបស់ខ្លួន ១ទល់៣ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វគ្គ១៦ក្រុមចុងក្រោយ ជើងទី២ កាលពីល្ងាចថ្ងៃទី១១ ខែកក្កដា ម្សិលមិញ។

ថ្លែងក្រោយចប់ការប្រកួត លោក Conor Nestor បានលើកឡើងថា៖ «ខ្ញុំគិតថានៅជើងទី២ ត្បូងឃ្មុំ គួរតែរកគ្រាប់បាល់បាន៣ ឬក៏ ៤គ្រាប់ ហើយពួកគេគួរទទួលបានការសរសើរសម្រាប់អ្វីដែលពួកគេបានបង្ហាញនូវទម្រង់លេងដ៏ល្អ។ គំនិតរបស់យើង យើងផ្តល់នូវការប្រកួតខ្លះដ៏មានតម្លៃដល់កីឡាករមួយចំនួនដែលមិនសូវបានលេងក្នុងលីក ដូច្នេះវាជារឿងវិជ្ជមានដើម្បីធ្វើវា ហើយយើងនៅតែអាចបន្តទៅជុំបន្ទាប់។»

«ពិតណាស់ យើងលេងជាមួយកីឡាករក្មេងៗជាច្រើន ទាំងពីរជើងនេះគ្រាន់តែកីឡាករបង្ហាញខ្លួនលើកដំបូដល់ទៅ៥នាក់។ វាពិតជាមានសារៈសំខាន់សម្រាប់យើង ក្នុងការផ្ដល់ឱកាសដល់យុវជន ប៉ុន្តែឱកាសបែបណាដែលពួកគេមានគឺអាស្រ័យទៅលើការខិតខំប្រឹងប្រែងរបស់គេ។» លោក Conor បានបន្ថែម។

នៅពេលដែលសួរនាំអំពីយោបល់សម្រាប់ការប៉ះក្រុមបន្ទាប់នៅវគ្គ ៨ក្រុមចុងក្រោយ គ្រូបង្វឹកសញ្ជាតិអៀរឡង់បានបញ្ជាក់យ៉ាងខ្លីថា ក្រុមណាក៏ដោយដែល ព្រះខ័នរាជស្វាយរៀង ត្រូវជួបលោកនឹងរៀបចំឲ្យបានល្អ។

សូមបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង កំពុងស្ថិតនៅលើផ្លូវដែលអង្គុយរង់ចាំក្រុមចំនួន ៤ផ្សេងទៀតនៃពានរង្វាន់ដដែលនេះនៅសប្ដាហ៍ក្រោយ បន្ទាប់ពីដឹកដៃក្រុម ៣ផ្សេងទៀតរួមមាន បឹងកេត, អង្គរថាយហ្គឺរ និងភ្នំពេញក្រោន៕

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

អត្ថបទ៖ ណារ៉ុង

មតិយោបល់