គ្រូ U-15 កម្ពុជា រអ៊ូខ្វះពេលវេលាប្រមូលផ្ដុំ ក្រោយចាញ់ U-15 ចិន ៧ទល់០ ល្ងាចមិញ

មាស សុផាណារ៉ុង July 12, 2019


 

ភ្នំពេញ៖ លោក Inoue Kazunori គ្រូបង្វឹកក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៥ឆ្នាំកម្ពុជា បានលើកឡើងថា កូនក្រុមខ្លួនមិនសូវមានពេលវេលាគ្រប់គ្រាន់ សម្រាប់ការប្រមូលផ្ដុំហ្វឹកហាត់នោះទេ។ នេះបើតាមការបញ្ជាក់ក្រោយក្រុម U-15 កម្ពុជា ប្រកួតចាញ់ក្រុមយុវជន U-15 ចិន ក្នុងជំនួបមិត្តភាព កាលពីល្ងាចមិញ នៅកីឡដ្ឋាន Smart RSN។

បុរសជនជាតិជប៉ុនរូបនេះ បានបញ្ជាក់ថា ការប្រមូលផ្ដុំ U-15 កម្ពុជានេះ ក្រៅពីយុវជនសាលាបាល់ទាត់ជាតិបាទី លោកបានកោះហៅកីឡាករមួយចំនួន ពីក្លឹបភ្នំពេញក្រោន និងវិសាខា ហើយការហ្វឹកហាត់បញ្ចូលគ្នាបែបនេះ មិនចោទជាបញ្ហានោះទេ តែអ្វីដែលធ្វើឲ្យលោកបារម្ភ គឺការខ្វះខាតពេលវេលាប្រមូលផ្ដុំ ក្នុងការត្រៀមចូលរួមប្រកួតពានរង្វាន់ ( AFF U-16 Championship 2019 ) នៅប្រទេសថៃ នាចុងខែកក្កដានេះ។

គ្រូបង្វឹកធ្លាប់ជួយក្រុម U-16 កម្ពុជា ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ AFF U-16 Championship ឆ្នាំ២០១៦ នេះបន្ដថា៖ «អ្វីដែលជាក្ដីបារម្ភ គឺយើងអស់សូវមានពេលវេលាគ្រប់គ្រាន់ហ្វឹកហាត់ ដោយសារក្លឹបខ្លះ គាត់មានកាលវិភាគហ្វឹកហាត់ និងការសិក្សាខុសប្លែកគ្នា អញ្ចឹងទម្រាំប្រមូលបានកីឡាករ និងទម្រាំរៀបចំកាលវិភាគ គឺជួបការលំបាក។ ចឹងអ្វីដែលខ្ញុំខ្វះខាត គឺពេលវេលាតែប៉ុណ្ណោះ»។

ក្រឡេកមកមើលលទ្ធផលបរាជ័យក្រោមថ្វីជើងក្រុម U-15 ចិនល្ងាចមិញវិញ លោក Inoue Kazunori មិនបានបន្ទោសកូនក្រុមនោះទេ ដោយលោកគិតថា អាចមកពីចិន មានបច្ចេកទេស និងការហ្វឹកហាត់ដិតដល់ជាង តែលោកបានតាំងចិត្តនឹងខិតខំបណ្ដុះបណ្ដាលកីឡាករយុវជនកម្ពុជាឲ្យបានកាន់តែខ្លាំងបន្ថែមទៀត។ លោកសង្កត់ធ្ងន់ថា៖ «ចំណុចធ្វើឲ្យយើងល្អប្រសើរ គឺមានតែខិតខំប្រឹងប្រែងហ្វឹកហាត់ប៉ុណ្ណោះ»។

គួរដឹងថា ក្រុម U-15 កម្ពុជា និង U-15 ចិន នឹងត្រូវជួបគ្នាម្ដងទៀត នាថ្ងៃទី១៣ ខែកក្កដាស្អែក នៅកីឡដ្ឋាន Smart RSN នាវេលាម៉ោង ៣រសៀល។ នេះគឺជាការប្រកួតដកស្រង់បច្ចេកទេស ហើយជាក៏ការត្រៀមខ្លួនរបស់ក្រុម U-15 កម្ពុជា ដើម្បីត្រៀមចូលរួមពានរង្វាន់ AFF U-16 Championship 2019 នៅប្រទេសថៃ ចាប់ពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី០៩ ខែសីហាខាងមុខផងដែរ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់