Hun Sen Cup៖ ភ្នំពេញក្រោន លត់កំពង់ចាម ២៤-០ ឡើងវគ្គ ១/៤ ខណៈ វ៉ា ខ្វិនទីន រកបាន ១១គ្រាប់

មាស សុផាណារ៉ុង July 12, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានឡើងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ លើកទី១៣ ជាផ្លូវការហើយ បន្ទាប់ពីលត់ក្រុមបាល់ទាត់ខេត្តកំពង់ចាម យ៉ាងចាស់ដៃ ជាមួយលទ្ធផល ២៤ទល់០ (២ជើង) ក្នុងវគ្គ ១៦ក្រុមចុងក្រោយ ខណៈកីឡាករកូនកាត់ខ្មែរ-បារាំង វ៉ា ខ្វិនទីន រកបាន ១១គ្រាប់ឯណោះ។

កាលពីជើងទី១ ភ្នំពេញក្រោន បានយកឈ្នះខេត្តកំពង់ចាម ក្នុងទឹកដីខ្លួនត្រឹម ១០ទល់០ ប៉ុណ្ណោះ ប៉ុន្ដែក្នុងជំនួបកាត់សេចក្ដីជើងទី២ នៅកីឡដ្ឋានស្ដាតចាស់ម្សិលមិញ អតីតក្រុមជើងឯក ២ជំនាន់នេះ បានយកឈ្នះដល់ទៅ ១៤ទល់០ សរុបទាំង ២ជើង គឺភ្នំពេញក្រោន ឈ្នះខេត្តកំពង់ចាម ២៤ទល់០ ដែលជាកំណត់ត្រារកបានគ្រាប់បាល់ច្រើនជាងគេ ក្នុងវគ្គ ១៦ក្រុមចុងក្រោយ។

ប៉ុន្ដែអ្វីដែលពិសេស ក្នុងចំណោមគ្រាប់បាល់ជ័យជម្នះរបស់ក្លឹបភ្នំពេញក្រោនខាងលើ គឺកីឡាករ វ៉ា ខ្វិនទីន រកបាន ១១គ្រាប់ម្នាក់ឯង ក្នុងនោះ ៥គ្រាប់រកបានកាលពីជើងទី១ និង ៦គ្រាប់ទៀត គេធ្វើបាន Double Hat-Trick ក្នុងជើងទី២ កាលពីម្សិលមិញ ដែលនាំឲ្យ វ៉ា ខ្វីនទីន ឈរកំពូលតារាងជាកីឡាករស៊ុតបញ្ចូលច្រើនជាងគេ (Top-Scorer) បណ្ដោះអាសន្ន ក្នុងពានថ្នាក់ជាតិនេះ។

ដំណាលគ្នាកាលពីម្សិលមិញដែរ ក្រុមព្រះខ័នរាជស្វាយរៀង បានបន្ដដំណើរឡើងវគ្គ ៨ក្រុមចុងក្រោយ ជាមួយភ្នំពេញក្រោនផងដែរ បន្ទាប់ពីពួកគេ បានយកឈ្នះខេត្តត្បូងឃ្មុំ ៣-១ ក្នុងជើងទី២ នៅកីឡដ្ឋាន AEU Sport Park សរុប ២ជើង ព្រះខ័រាជស្វាយរៀង បានទទួលជ័យជម្នះ ៧-១។ ដូច្នេះពេលនេះមាន ៤ក្រុមហើយ ដែលបានឡើងវគ្គបន្ដ ដោយក្រៅពី ២ក្រុមខាងលើ គឺមានក្រុមអង្គរថាយហ្គឺរ និងបឹងកេត៕

 

រូបភាព៖ Phnom Penh Crown FC | Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

អត្ថបទ៖ បុត្រា

មតិយោបល់