បាល់ទាត់ក្នុងសាល ប្រចាំឆ្នាំ២០១៩ ចាប់ឆ្នោតបែងចែកពូលជាផ្លូវការ ត្រៀមប្រកួតចុងសប្ដាហ៍នេះ

មាស សុផាណារ៉ុង July 12, 2019


 

ភ្នំពេញ៖ ការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល ប្រចាំឆ្នាំ២០១៩ ( National Futsal Cup 2019 ) ដែលទើបតែត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសបានបង្ហាញសមាសភាពក្រុមចូលរួមកាលពីពេលថ្មីៗនេះ បានឈានដល់ការចាប់ឆ្នោតបែងចែកពូលជាផ្លូវការហើយនៅល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះ។

ពិធីចាប់ឆ្នោតបានធ្វើឡើងនៅក្នុងកីឡដ្ឋានក្នុងសាល The BLUE ក្រោមអធិបតីភាពឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រួមទាំងថ្នាក់ដឹកនាំនានានៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងសមាជិកក្រុម គ្រូបង្វឹក និងកីឡាករមកពីគ្រប់ក្រុមទាំង២០។

សម្រាប់ឆ្នាំ២០១៩ ពានរង្វាន់ខាងលើនេះ នឹងមានលក្ខណៈដូចកាលពីឆ្នាំ២០១៧ ដោយតម្រូវឲ្យមានការចាប់ឆ្នោតបែងចែកពូល និងបែងចែកចេញជា ៤ពូល ក្នុងនោះមួយពូលមាន ៥ក្រុម សម្រាប់ដំណាក់កាលទី១ ប្រកួតសន្សំពិន្ទុ ជ្រើសរើសក្រុមលេខ១ និងលេខ២ ក្នុងពូលនីមួយៗ និងលេខ៣ល្អ ចំនួនពីរក្រុមទៀតដើម្បីលេងក្នុងដំណាក់កាលទី២។ ដំណាក់កាលទី២ បែងចែកចេញជា ២ពូល ក្នុងមួយពូលមាន៥ក្រុម បន្តលេងសន្សំពិន្ទុក្នុងពូល ជ្រើសរើសក្រុមលេខ១ និងលេខ២ ក្នុងពូលនីមួយៗទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ ដែលមានសរុបទាំងអស់៦៤ប្រកួត ចាប់ផ្ដើមពីថ្ងៃទី១៣ ខែកក្កដា ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩។

សម្រាប់លទ្ធផលនៃការចាប់ឆ្នោតបែងចែកពូលរួមមានដូចតទៅ៖ 

សូមបញ្ជាក់ផងដែរថា នេះគឺជារដូវកាលទី៣ ហើយដែលពានរង្វាន់បាល់ទាត់ក្នុងសាលត្រលប់មកប្រកួតសារជាថ្មី បន្ទាប់ពីបាត់មុខអស់ជាច្រើនឆ្នាំ។ ចំពោះការប្រកួតពានរង្វាន់ជើងឯកជាតិ បាល់ទាត់ក្នុងសាល ឆ្នាំ ២០១៩នេះផងដែរ ក៏នឹងមានផ្សាយផ្ទាល់ដោយស្ថានីយទូរទស្សន៍ MYTV ផ្តាច់មុខ គ្រប់ការប្រកួតដែលធ្វើឡើងនៅមជ្ឈមណ្ឌលកីឡា The BLUE។

ត្រលប់មកវិញកាលពីឆ្នាំ២០១៧ ពានរង្វាន់នេះធ្វើការប្រកួតជាលក្ខណៈថ្នាក់ជាតិ មានក្រុមចូលរួមច្រើន និងបែងចែកពូល ប្រកួតច្រើនដំណាក់កាល រហូតដល់រកជើងឯកគឺបានទៅលើ ក្រុមសសយក កំចាយមារ ស្របពេលដែលរដូវកាលទី២ ឆ្នាំកន្លងទៅ ប្រកួតជាលក្ខណៈលីគវិលជុំសន្សំពិន្ទុវិញ ជាមួយនឹងក្រុមចំនួន១០ចូលរួមប្រកួត លទ្ធផលជើងឯកគឺបានទៅលើក្រុម ដោនថោនស្បត ( Down Town Sport ) ដែលទើបតែបញ្ចប់ភារកិច្ចតំណាងកម្ពុជា ប្រកួតក្នុងពានក្លឹបបាល់ទាត់ក្នុងសាលប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF Futsal Club Championship 2019 ) នៅប្រទេសថៃ៕

 

រូបភាព៖ Cambodia Futsal

អត្ថបទ៖ ណារ៉ុង

មតិយោបល់