គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ចាត់ទុកបាល់ទាត់ គឺជាកីឡាគំរូឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣

មាស សុផាណារ៉ុង July 11, 2019


 

ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ( NOCC ) បានឯកភាពយកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា គឺជាសហព័ន្ធកីឡាគំរូ ដើម្បីជំរុញការអភិវឌ្ឍន៍ក្នុងដំណើរឆ្ពោះទៅកីឡាអាស៊ីអាគ្នេយ៍ ( ស៊ីហ្គេម ) ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ ប្រចាំត្រីមាសរបស់ខ្លួន ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC កាលពីថ្មីៗ។

ឯកឧត្តម សៅ សុខា អនុប្រធានទី១ NOCC និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានមានប្រសាសន៍ថា កីឡាបាល់ទាត់ប្ដេជ្ញាខំប្រឹងតាមមហិច្ឆតាចង់បានរបស់ខ្លួន ត្រូវឡើងដល់វគ្គផ្ដាច់ព្រ័ត្រ SEA Games 2023។ ហេតុនេះសហព័ន្ធកំពុងរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍគ្រប់រាជធានី-ខេត្ត ជាក់ស្ដែងបច្ចុប្បន្នសហព័ន្ធបានបញ្ចប់ផែនការសាងសង់ទីលានបាល់ទាត់ចំនួន ២២ខេត្ត រួចមកហើយ ដើម្បីផលិតនូវធនធានកីឡាករមានសមត្ថភាពកាន់តែច្រើន។

ប្រមុខថ្នាក់ដឹកនាំកីឡាបាល់ទាត់ដដែលបានសង្កត់ធ្ងន់ថា៖ «កត្តាសំខាន់ មិនត្រូវធ្វើលំៗទេ ត្រូវមានផែនការយុទ្ធសាស្រ្តច្បាស់លាស់ ពិសេសកត្តាមនុស្ស សំខាន់ជាងគេ ក្នុងការសម្រេចបានជោគជ័យ ឬបរាជ័យ អាស្រ័យដោយឆន្ទៈមនុស្ស។»

ដោយមើលឃើញពីភាពរីកចម្រើន និងសក្ដានុពលរបស់កីឡាបាល់ទាត់ រួមជាមួយការប្ដេជ្ញាចិត្ត និងផែនការដ៏ច្បាស់លាស់របស់ថ្នាក់ដឹកនាំសហព័ន្ធបែបនេះ គណៈកម្មាធិការប្រតិបត្តិ NOCC ក៏បានឯកភាពយកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា គឺជាសហព័ន្ធកីឡាគំរូ សម្រាប់សហព័ន្ធកីឡាដទៃទៀត ក្នុងការកំណត់ផែនការអភិវឌ្ឍ និងរៀបចំសកម្មភាពផ្សេងៗ ដើម្បីធានាបាននូវសិទ្ធផលខ្ពស់ ដើម្បីត្រៀមប្រកួតប្រជែង ក្នុងឋានៈជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម នាឆ្នាំ២០២៣។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំខាងលើ ក្រៅពីពិនិត្យលើវឌ្ឍនភាពការងារ ដែល NOCC សម្រេចបាន និងការត្រៀមការងារសំខាន់ៗបន្តទៀត អង្គប្រជុំក៏បានជំរុញឲ្យយកចិត្តទុកដាក់ ចំពោះគ្រប់សហព័ន្ធកីឡាជាតិ ត្រូវបង្កើនការហ្វឹកហាត់ និងរក្សាចំនួនមេដាយ ព្រមទាំងចំណាត់ថ្នាក់ប្រទេសទី៨ ក្នុងចំណោម ១១ប្រទេសឲ្យបាន សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាចុងឆ្នាំ២០១៩ នេះផងដែរ៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ បុត្រា

មតិយោបល់