ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង រំពឹងឡើងវគ្គ ១/៤ ពាន Hu Sen Cup ដូចគ្នាថ្ងៃនេះ

មាស សុផាណារ៉ុង July 11, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន និងក្លឹបព្រះខ័នរាជស្វាយរៀង នឹងត្រូវប្រកួតក្រៅដីដូចគ្នា ក្នុងការប្រកួតជើងទី២ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ លើកទី១៣ វគ្គ ១៦ក្រុមចុងក្រោយ ជាមួយក្រុមបាល់ទាត់ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី១១ ខែកក្កដា នេះ ខណៈភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង សុទ្ធតែមានភាគរយខ្ពស់នឹងបានឡើងវគ្គ ៨ក្រុមចុងក្រោយ (១/៤)។

សម្រាប់ភ្នំពេញក្រោន ត្រូវជួបក្រុមម្ចាស់ផ្ទះ ខេត្តកំពង់ចាម នៅកីឡដ្ឋានស្ដាតចាស់ នាវេលាម៉ោង ៣៖៣០នាទីរសៀល។ កាលជើងទី១ ភ្នំពេញក្រោន បានលត់កំពង់ចាម ១០ទល់០ ក្នុងពានសម្ដេចតេជោ ហ៊ុន សែន ហើយកាន់តែចាស់នោះ គឺក្នុងលីគ ជើងទី១ ភ្នំពេញក្រោន បានបំបាក់កំពង់ចាម ១៧ទល់២ ឯណោះ។ ផ្អែកលើលទ្ធផលនេះ ខេត្តកំពង់ចាម ហាក់គ្មានសង្ឃឹមអាចវាយបកឈ្នះភ្នំពេញក្រោនលើសពី ១០គ្រាប់ឡើយ។

ចំណែកព្រះខ័នរាជស្វាយរៀង ត្រូវជួបខេត្តត្បូងឃ្មុំ ដែលជាជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ឆ្នាំ២០១៩។ កាលពីជើងទី១ ក្រុមលោក Conor Nestor បានយកឈ្នះខេត្តត្បូងឃ្មុំ ៤ទល់០ ក្នុងដី គ្រាដែលកាលនោះ ព្រះខ័នរាជស្វាយរៀង បានប្រើប្រាស់កីឡាករយុវជនច្រើន។ ដូច្នេះជើងទី២ ពួកគេនៅតែមានប្រៀបជាងត្បូងឃ្មុំ ដ្បិតបច្ចុប្បន្នពួកគេ កំពុងឈរកំពូលតារាងលីគកំពូលកម្ពុជា ជាមួយកំណត់ត្រាមិនទាន់ស្គាល់ចាញ់ម្ដងឡើយ។

ហេតុនេះ ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង មានក្ដីរំពឹងខ្ពស់នឹងក្លាយជាបេក្ខភាពក្រុមទី៣ និងទី៤ ដែលឡើងវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីអង្គរថាយហ្គឺរ និងក្រុមបឹងកេត ដែលបានទម្លាក់ក្រុមអគ្គិសនីកម្ពុជា និងខេត្តតសៀមរាប ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ កាលពីម្សិលមិញ៕

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

អត្ថបទ៖ បុត្រា

មតិយោបល់