ថៃ កំពុងប្រឈមការបាត់បងឱកាសធ្វើម្ចាស់ផ្ទះ AFC U-23 ជុំផ្ដាច់ព្រ័ត្រ ដោយសារបញ្ហាកីឡដ្ឋាន

មាស សុផាណារ៉ុង July 11, 2019


 

ថៃ៖ ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) លោក Somyot Poompunmuang កំពុងសម្ដែងការព្រួយបារម្ភអំពីកីឡដ្ឋានមួយចំនួនប្រហែលជាមិនរួចរាល់សម្រាប់ទទួលធ្វើការប្រកួតវគ្គផ្តាច់ព្រ័ត្រ ( AFC U23 Championship ) នៅប្រទេសថៃនៅដើមឆ្នាំក្រោយ។

ក្រុមត្រួតពិនិត្យនៃសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ( AFC ) គ្រោងនឹងធ្វើទស្សនកិច្ចទៅប្រទេសថៃម្តងទៀតក្នុងខែតុលា ដើម្បីសំរេចលើការត្រៀមរៀបចំការប្រកួតចំនួន ៤កីឡដ្ឋាន រួមមានកីឡដ្ឋាន  700th Anniversary Stadium នៅខេត្តឈៀងម៉ៃ, កីឡដ្ឋានជាតិ Thammasat Stadium និងកីឡដ្ឋាន Rajamangala Stadium ក្នុងទីក្រុងបាងកក និងកីឡដ្ឋាន Tinsulanonda Stadium នៅខេត្ត Songkhla។

ក្នុងករណីដែលគ្មានទីតាំងសមរម្យដែលអាចរកបាននៅពេលនោះ ថៃ អាចនឹងត្រូវបានដកហូតសិទ្ធិក្នុងការធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍នេះ។ លោក Somyot បាននិយាយថា៖ «AFC មិនទាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយថៃ ដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតនេះនៅឡើយទេ។ ក្រុមត្រួតពិនិត្យ នឹងមានការសម្រេចចុងក្រោយ ដូច្នេះរាល់ភាគីដែលមានការទទួលខុសត្រូវត្រូវបង្កើនល្បឿនការងារ។ វានឹងក្លាយជាការខាតបង់ធំប្រសិនបើយើងត្រូវបានបដិសេធសិទ្ធិដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតក្នុងព្រឹត្តិការណ៍នេះ។ នេះមានន័យថាក្រុម U-23 របស់យើងនឹងមិនអាចចូលរួមក្នុងវគ្គផ្តាច់ព្រ័ត្រទៀតទេ ហើយយើងនឹងមិនអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២០ ( 2020 Olympics ) បានឡើយ»។

គួរបញ្ជាក់ថា ថៃ ត្រូវបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់ជើងឯកទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ ( 2020 AFC U23 Championship ) បន្ទាប់ប្រជែងឈ្នះលើ អូស្ត្រាលី, ម៉ាឡេស៊ី និងវៀតណាម លើការដេញថ្លៃធ្វើម្ចាស់ផ្ទះពានរង្វាន់ដដែលនេះ ដោយបានដាក់កីឡដ្ឋានចំនួន៤ ដើម្បីជាជម្រើសបម្រើដល់ការប្រកួត។

តាមគម្រោងការប្រកួតពានរង្វាន់ជើងឯកទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ ( 2020 AFC U23 Championship ) គ្រោងនឹងធ្វើឡើងពីថ្ងៃទី០៨ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ជាមួយនឹងប្រទេសចំនួន ១៦ចូលេួមប្រកួត៕

**រំលឹកថា ពានរង្វាន់នេះ U-23 កម្ពុជា ក៏បានចូលរួមក្នុងវគ្គជម្រុះដូចគ្នា ដោយបានធ្វើជាម្ចាស់ផ្ទះទទួល អូស្ត្រាលី, កូរ៉េខាងត្បូង និងឆាយនីសតៃប៊ិ កាលពីអំគុងខែមីនា ប៉ុន្តែពុំមានលទ្ធភាពឆ្លងចូលជុំផ្ដាច់ព្រ័ត្រឡើយ។

 

ប្រភព និងរូបភាព៖ bangkokpost

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់