បឹងកេត ជាមួយអង្គរថាយហ្គឺរ ឡើងវគ្គ ៨ក្រុមចុងក្រោយមុនគេពានរង្វាន់សម្តេចតេជោ ហ៊ុន សែន

មាស សុផាណារ៉ុង July 10, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់បឹងកេត និងក្លឹបបាល់ទាត់អង្គរថាយហ្គឺរ បានឡើងវគ្គ ៨ចុងក្រោយមុនគេ ក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៩ បន្ទាប់ពីបានយកឈ្នះគូប្រកួតរៀងៗខ្លួន នៅល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ សម្រាប់ជំនួបជើងទី២។

បឹងកេត បានយកឈ្នះខេត្តសៀមរាប នៅកីឡដ្ឋានថ្មីស្រឡាងរបស់ខ្លួនខេមបូឌា អែរវ៉េ ( Cambodia Airways Stadium ) ដោយលទ្ធផល ៣ទល់០ ( សរុបទាំង២ជើង ៩ទល់០ ) កើតចេញពីការរកគ្រាប់បាល់ដោយកីឡាករ ម៉ុន វ៉ាន់ដា នៅនាទី៥ និងយុវជនម្នាក់ទៀត ជា វេសលី រកគ្រាប់ទី២ នៅនាទី៧ មុននឹង ចាន់ វឌ្ឍនាកា រកគ្រាប់បាល់ទី៣ ឲ្យបឹងកេតបាននៅនាទី១៤ ហើយក៏ជាគ្រាប់បាល់ចុងក្រោយនៅក្នុងការប្រកួតនេះផងដែរ និងរក្សាលទ្ធផលដល់ចប់ការប្រកួត បឹងកេត បានកៅអីទៅវគ្គ​៨ក្រុមចុងក្រោយដោយកក់ក្ដៅ។

រីឯការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋានខេត្តសៀមរាប (ស្វាយធំ) ឯណោះវិញបានបញ្ចប់ទៅដោយអង្គរថាយហ្គឺរ ឈ្នះអគ្គិសនីកម្ពុជា ដោយលទ្ធផល ៣ទល់២ ( សរុបទាំង២ជើង ៣ទល់២ )។ កីឡាករ តាំង សុភក្រ័្ត បានក្លាយជាវីរៈបុរស បន្ទាប់ពីរកគ្រាប់បាល់បាន ២គ្រាប់នៅនាទី១៣ និងនៅនាទីចុងក្រោយ៨៩ ឲ្យអង្គឹរថាយហ្គឺរ ស្របពេលដែលមិត្តរួមក្រុម ស៊ឺង ណារិទ្ធិ រកបានមួយគ្រាប់ ខណៈក្រុមភ្ញៀវអគ្គិសនីកម្ពុជា រកបាន២គ្រាប់​ដោយកីឡាករ ស៊ាន ភីសារ និងកីឡាករ ឈឿង វិស៊ីនុ ដោយបាល់ពិន័យ១១ម៉ែត្រ។

កាលវិភាគ​ប្រកួតសម្រាប់​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែកក្កដា ស្អែកនេះផងដែរ ក្លឹប​កំពង់ចាម នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ ​ភ្នំពេញ​ក្រោ​ន នៅ​កីឡដ្ឋាន​កង​យោធពល​ខេមរភូមិន្ទ (​ ស្តា​ត​ចាស់​ ) វេលា​ម៉ោង ៣​:៣០ ​នាទី​រសៀល ១​គូ​ចុងក្រោយ​ក្នុង​ការ​ប្រកួត​សប្តាហ៍​នេះ គឺ ខេត្ត​ត្បូងឃ្មុំ នឹងត្រូវ​ប្រឈម​មុខជា​មួយ ព្រះខ័ន​រាជ​ស្វាយរៀង វេលា​ម៉ោង៣​:៣០​នាទី​រសៀលដូចគ្នា នៅកីឡដ្ឋានអេអ៊ីយូ ស្បតផាក៕

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន | Boeung Ket FC

អត្ថបទ៖ ណារ៉ុង

មតិយោបល់