បឹងកេត បើកទ្វារកីឡដ្ឋានរបស់ខ្លួនទទួលការប្រកួតផ្លូវការលើកដំបូងថ្ងៃនេះ ក្នុងពានសម្តេចតេជោ

មាស សុផាណារ៉ុង July 10, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់បឹងកេត នឹងបើកទ្វារកីឡដ្ឋាន ខេមបូឌា អ៊ែវ៉េ ទទួលការប្រកួតផ្លូវការលើកដំបូង ដោយត្រូវជួបក្រុមជម្រើសខេត្តសៀមរាប ក្នុងជំនួបជើងទី២ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ លើកទី១៣ វគ្គ១៦ក្រុមចុងក្រោយ នាវេលាម៉ោង ៣:៣០នាទីរសៀលនេះ។

ចំពោះកីឡដ្ឋានដែលត្រូវបានក្លឹបបឹងកេតប្រសិទ្ធនាមថា ខេមបូឌា អ៊ែវ៉េ ( Cambodia Airways Stadium ) នេះ បានបើកដំណើរការសាងសង់តាំងពីខែតុលា ឆ្នាំ២០១៨ មកម្លេះ ប៉ុន្ដែមកទល់ពេលនេះ នៅមិនទាន់រួចរាល់ ១០០ភាគរយ នោះទេ ដែលនាំឲ្យការប្រកួតក្នុងលីគ ត្រូវបានធ្វើឡើងក្រៅដីរយៈពេល ១៤សប្ដាហ៍មកហើយ។

ទន្ទឹមជាមួយគ្នា បឹងកេត បានប្រកាសលើបណ្ដាញសង្គម មុនបើកទ្វារកីឡដ្ឋានទទួលការលើកដំបូងថា «ដោយសារកីឡដ្ឋានរបស់យើងស្ថិតក្នុងការសាងសង់នឹងពុំទាន់រួចរាល់ជាស្ថាពរនៅឡើយនោះ ដូច្នេះក្លឹបពុំទាន់ធ្វើការលក់សំបុត្រចូលរួមទស្សនាឡើយ ប៉ុន្ដែក្រុមការងារនឹងធ្វើការសម្របសម្រួល ដើម្បីបើកផ្នែកខ្លះ នៃកីឡដ្ឋានឲ្យបងប្អូនអាចចូលរួមទស្សនាដោយផ្ទាល់បាន»។ សូមបញ្ជាក់ថា កាលពីជើងទី១ បឹងកេត បានយកឈ្នះក្រុមជម្រើសខេត្តសៀមរាប ៦-០។

ដូច្នេះការប្រកួតរសៀលនេះ បឹងកេត គឺមានភាគរយខ្ពស់ក្នុងការដណ្ដើមជ័យជម្នះ ដើម្បីបន្ដដំណើរទៅវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៣ ឆ្នាំ២០១៩ ៕

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

អត្ថបទ៖ បុត្រា

មតិយោបល់