វិសាខាប្រកាសជាផ្លូវការ បញ្ចប់កុងត្រាកីឡាករកម្ពស់បាន ២រូប ក្រោយនាំចូលកីឡាករកូរ៉េខាងជើង និងប្អូន Gbenga

មាស សុផាណារ៉ុង July 10, 2019


 

ភ្នំពេញ៖ កីឡាករបរទេសកម្ពស់បាន ២រូប រួមមានកីឡាករសញ្ញាតិប៊ុលការី Nikolov Luben និងកីឡាករកូនកាត់ក្រិច-អាល្លឺម៉ង់ Skraparas Evangelos ត្រូវបានក្លឹបវិសាខា ប្រកាសបញ្ចប់កុងត្រាហើយ នៅថ្ងៃទី១០ ខែកក្កដានេះ បន្ទាប់ពីពួកគេ បានរួមរស់ជាមួយក្លឹបក្នុងជុំទី១ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៩។

ការបង្ហាញសមាសភាពកីឡាករត្រូវចាកចេញនេះ គឺបន្ទាប់ពីវិសាខា បានបង្ហាញសមាសភាពកីឡាករចំណូលថ្មី ២រូប អំឡុងប្រកួតបើកឆាកជុំទី២ ជាមួយក្លឹបសូលទីឡូអង្គរ កាលពីចុងសប្ដាហ៍មុន រួមមានកីឡាករកូរ៉េខាងជើងម្នាក់ គឺកីឡាករ Hong Kum Song និងកីឡាករនីហ្សេរីយ៉ា Ajayi Opeyemi Korede ដែលជាប្អូនប្រុសបង្កើតរបស់កីឡាករបឹងកេត Ajayi Gbenga Samuel។

បើតាមការបញ្ជាក់លើបណ្ដាញសង្គមរបស់ក្លឹបកំពុងឈរលេខរៀងទី៤ ក្នុងសប្ដាហ៍ទី១៤ នេះ បានបញ្ជាក់ថាកីឡាករ Nikolov Luben និង Evangelos បានព្រមព្រៀងគ្នាជាមួយក្លឹប ក្នុងការបញ្ចប់កុងត្រាមត្រឹមជុំទី១។ បន្ថែមលើនេះ វិសាខា ក៏បានធ្វើការអរគុណកីឡាករទាំងពីរ ដែលបានចូលរួមជួយក្លឹប ក៏ដូចជាជូនពរអ្នកទាំងពីរ ទទួលបានជោគជ័យ ក្នុងអាជីពនាថ្ងៃអនាគតទៀតផង។

កីឡាករ Nikolov Luben

កីឡាករ Skraparas Evangelos

សូមបញ្ជាក់ថា ក្រោយការចាកចេញរបស់កីឡាករកម្ពស់ខ្ពស់ៗខាងលើ វិសាខា បានយក Song Kum Song និង Ajayi Opeyemi Korede មកជំនួស ក្នុងនោះកីឡាករកូរ៉េខាងជើង ត្រូវលេងខ្សែការពារជំនួសកីឡាករ Nikolov Luben ខណៈកីឡាករ Ajayi ដែលកាលពីជុំទី១ លេងឲ្យក្លឹបអាស៊ីអឺរ៉ុប និងរកបាន ៩គ្រាប់នោះ ត្រូវលេងតំណែងខ្សែបម្រើជំនួស Evangelos៕

កីឡាករ Hong Kum Song

កីឡាករ Ajayi Opeyemi Korede

 

អត្ថបទ៖ បុត្រា

មតិយោបល់