Hun Sen Cup៖ ប៉ះអង្គរថាយហ្គឺរ ថ្ងៃនេះ EDC មានទំនុកចិត្តខ្លាំងជាងជើងទី១

មាស សុផាណារ៉ុង July 10, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់អគ្គិសនីកម្ពុជា ( EDC ) នឹងត្រូវជួបក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ក្នុងជើងទី២ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ លើកទី១៣ វគ្គ១៦ក្រុមចុងក្រោយ នាវេលាម៉ោង ៣៖៣០នាទីរសៀលនេះ នៅកីឡដ្ឋានខេត្តសៀមរាប ដើម្បីកាត់ក្ដីរកក្រុមឈ្នះ ឡើងវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីប្រកួតជើងទី១ ស្មើគ្នា ០-០ នៅទឹកដីអគ្គិសនីកម្ពុជា។

ប៉ុន្ដែទោះបីជើងទី២ ត្រូវប្រកួតក្រៅដីមែន តែគ្រូបង្វឹកក្រុមអគ្គិសនីកម្ពុជា លោក ប្រាក់ វុទ្ធី ហាក់មានទំនុកចិត្តខ្លាំងជាងកាលពីជួបគ្នាជើងទី១។ លោកថា លទ្ធផលស្មើគ្នា កាលពីជើងទី១ គឺជាលទ្ធផលមួយល្អ ព្រោះកូនក្រុមបានចំណាយកម្លាំងច្រើន ជាមួយភ្នំពេញក្រោន ក្នុងលីគមុនប៉ះ អង្គរថាយហ្គឺរ តែពួកគេអាចទប់ស្មើ ក្នុងជំនួបជើងទី១ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន បាន។

លោកថា៖ «ការប្រកួតដោយប្រើកីឡាករក្នុងស្រុកដូចគ្នា ការបារម្ភរបស់យើង មិនជាខ្លាំងនោះទេ តែអ្វីដែលជាបញ្ហាកាលពីជើងទី១ ដោយសារយើងចប់ ២ប្រកួតពីភ្នំពេញក្រោន កីឡាករមួយចំនួនរបួស ហើយមានការប្រើកម្លាំងច្រើន ធ្វើឲ្យយើងជួបបញ្ហា ប៉ុន្ដែថ្ងៃនេះ យើងមានការត្រៀមកម្លាំង និងអារម្មណ៍បានល្អ។ ទីលានជាក្ដីកង្វល់របស់យើង តែយើងក៏បានត្រៀមយុទ្ធសាស្ដ្ររួចរាល់ ដើម្បីជម្នះឧបសគ្គនេះ»។

«ការប្រកួតថ្ងៃនេះ ប្រៀបដូចជាការប្រកួតផ្ដាច់ព្រ័ត្រ បើយើងជោគជ័យ យើងបានឡើងវគ្គបន្ដ តែបើបរាជ័យ យើងត្រូវចប់ត្រឹមនេះ។ ឆ្នាំនេះយើងមានគោលដៅឡើងវិញ ក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ដោយធ្វើយ៉ាងណាឲ្យក្រុមយើងឡើងវគ្គ ៤ក្រុមចុងក្រោយ។ ដូច្នេះប្រកួតថ្ងៃនេះ ទាំងឆន្ទៈ និងស្មារតី គឺយើងប្រមូលផ្ដុំថ្ងៃនេះទាំងអស់ ដើម្បីដណ្ដើមនូវជ័យជម្នះ និងឡើងវគ្គបន្ដ»។ លោក ប្រាក់ វុទ្ធី បន្ថែម។

សូមរំឮកថា កាលពីឆ្នាំ២០១៧ ក្រុមទាំងពីរ ធ្លាប់ជួបគ្នាក្នុងវគ្គ ៦ក្រុមចុងក្រោយនេះម្ដងរួចមកហើយ តែកាលនោះ អគ្គិសនីកម្ពុជា បានទម្លាក់ក្រុមអង្គរថាយហ្គឺរ ជាមួយលទ្ធផលជួបគ្នា ២ជើង ៥-៤។ ប៉ុន្ដែអ្វីដែលគួរឲ្យកត់សម្គាល់ កាលពីឆ្នាំ២០១៧ គឺជួបជើងទី១ នៅលើទឹកដីអង្គរថាយហ្គឺរ ក្រុមលោក ប្រាក់ វុទ្ធី បានយកឈ្នះ ៣-០ ឯណោះ។ ដូច្នេះចាំមើលល្ងាចនេះ តើ EDC អាចរក្សាកំណត់ត្រាទម្លាក់អង្គរថាយហ្គឺរ ត្រឹមវគ្គ ១៦ក្រុមចុងក្រោយនេះបានទៀតទេ?

 

អត្ថបទ៖ បុត្រា

មតិយោបល់