គ្រូព្រះខ័នរាជស្វាយរៀង មិនគិតរឿងពាន អ្វីដែលសំខាន់គឺធ្វើឱ្យក្រុមប្រសើរឡើងពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍

មាស សុផាណារ៉ុង July 9, 2019


 

ភ្នំពេញ៖ លោក Conor Nestor គ្រូបង្វឹកក្លឹបព្រះខ័នរាជស្វាយរៀង បានបង្ហើបថា ក្លឹបមិនទាន់គិតរឿងឈ្នះពាន បើទោះបីជាមិនទាន់ចាញ់ក្នុងលីគ អ្វីដែលសំខាន់គឺធ្វើឱ្យប្រសើរឡើងពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍។

ថ្លែងបែបនេះគឺបន្ទាប់រូបលោកបន្តដឹកនាំព្រះខ័នរាជស្វាយរៀង ឲ្យទទួលជ័យជម្នះបន្តទៀតជាមួយនឹងកំណត់ត្រាមិនស្គាល់ពាក្យថាចាញ់ក្នុងលីគចាប់តាំងពីចាប់ផ្ដើម លើអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីជំនួបសប្ដាហ៍ទី១៤ ថ្ងៃទី០៧ ខែកក្កដា កន្លងទៅថ្មីៗនេះ។

នៅពេលដែលចោទសួរ តើលោកគិតបែបណាអំពីការប្រជែងជើងឯកក្រោយបន្តធ្វើបានល្អដូចនេះ? គ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះបានឆ្លើយតបថា៖ «ខ្ញុំគិតថាកាលពីពេលចាប់ផ្ដើមលីគ ខ្ញុំបានលឺអ្នកជំនាញ ហើយគ្មានឡើយក្នុងចំណោមអ្នកជំនាញទាំងនោះលើកឡើងអំពីយើង នៅពេលដែលគេនិយាយអំពីក្រុមជើងឯក មានតែអ្នកជំនាញមួយចំនួននិយាយពីយើង ជុំវិញការបញ្ចប់ទៅដោយទទួលបានចំណាត់ថ្នាក់ក្នុងចំណោមក្រុមកំពូលទាំង៤ ( Top 4 ) ហើយក៏មានខ្លះទៀត មិនយល់ថាយើងនឹងបញ្ចប់ទៅដោយបាន ( Top 4 ) ទៀតផង ដូច្នេះយើងមិនបានគិតពីរឿងឈ្នះពាននោះទេ  អ្វីដែលសំខាន់គឺធ្វើឱ្យប្រសើរឡើងពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ហើយនៅចុងបញ្ចប់នៃរដូវកាលយើងនឹងដឹងថាមានអ្នកជំនាញប៉ុន្មាននាក់ដែលទស្សន៍ទាយត្រូវ។»

ភ្ជាប់ជាមួយគ្នាផងដែរ លោក Conor Nestor ហាក់មិនបង្ហាញឡើយនូវកង្វល់ពាក់ព័ន្ធទៅនឹងការផ្លាស់ប្ដូរសមាសភាពកីឡាករបន្ថែមជាពិសេសកីឡាករបរទេស សម្រាប់ក្លឹបមួយចំនួនធំ ដែលស្ថិតនៅក្នុងចំណោមក្រុមកំពូលទាំង៦ ដ្បិតលោកយល់ថាក្រុមរបស់លោកមិនមានបញ្ហាដែលត្រូវតែដោះដូរនោះឡើយ។ លោកបានបញ្ជាក់ថា៖ «នៅពេលដែលរបស់អ្វីមួយមិនខូចបាក់បែក អ្នកនឹងមិនជួសជុលវាឡើយ។ យើងមិនផ្លាស់ប្ដូរកីឡាករ ពីព្រោះយើងកំពុងសប្បាយចិត្តជាមួយកីឡាកររបស់យើង។»

គួរដឹងថា សម្រាប់រដូវកាល២០១៩នេះ ព្រះខ័នរាជស្វាយរៀង បាននឹងកំពុងបង្កភាពភ្ញាក់ផ្អើលជាខ្លាំង បើធៀបនឹងរដូវកាលមុន ដែលដឹកនាំដោយលោក Conor Nestor ដូចគ្នា ដោយ ១៤ប្រកួត ពួកគេមិនទាន់ស្គាល់ចាញ់នៅឡើយនោះទេ ពោលគឺឈ្នះ ១១ប្រកួត និងស្មើ៣ប្រកួត មាន៣៣ពិន្ទុពេញ និងឈរកំពូលតារាង មានគម្លាតពិន្ទុនាំមុខពីគូប្រជែងលេខ២ ដល់ទៅ ៥ពិន្ទុឯណោះ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់