ស.ប.ក កោះហៅកីឡាករ ២៨នាក់ផ្លូវការ ចូលហ្វឹកហាត់ U-18 កម្ពុជា ដំណាក់កាលទី១

មាស សុផាណារ៉ុង July 8, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( ស.ប.ក ) បានបង្ហាញការកោះហៅកីឡាករយុវជនអាយុក្រោម១៨ឆ្នាំ ចំនួន ២៨រូបពីក្លឹបចំនួន៨ ដើម្បីចូលរួមហ្វឹកហាត់ជាមួយឈុតចុងក្រោយ ដំណាក់កាលទី១ បន្ទាប់ពីបានជម្រុះនៅដំណាក់កាលបឋម និងដំណាក់កាលទី២ កាលពីដើមខែឧសភា និងពាក់កណ្ដាលខែមិថុនា។

ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ កាលពីឆ្នាំ២០១៨ ប្រកួតនៅឥណ្ឌូនេស៊ី

យោងតាមលិខិតដែលសហព័ន្ធបានជូនដំណឹងដល់ក្លឹប បានបញ្ជាក់ស្នើសុំយុវជនពីក្លឹបចំនួន ៨នៃលីគកំពូលកម្ពុជា ជាថ្មីម្ដងទៀតដើម្បីធ្វើតេស្តសមត្ថភាពត្រៀមប្រកួតក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ ( AFF U-18 Championship 2019 ) ដែលធ្វើឡើងនៅប្រទេសវៀតណាម នាខែសីហា ខាងមុខរួមមាន យុវជនសាលាបាល់ទាត់បាទី, ព្រះខ័នរាជស្វាយរៀង, បឹងកេត, ណាហ្គាវើលដ៍, វិសាខា, អគ្គិសនីកម្ពុជា, អគ្គស្នងការដ្ឋាននគរបាលជាតិ និងភ្នំពេញក្រោន សរុបចំនួន២៨នាក់។

តាមគម្រោងការធ្វើតេស្តឈុតចុងក្រោយ ដំណាក់កាលទី១ នឹងធ្វើឡើងនៅថ្ងៃទី០៩ ស្អែកនេះ បន្ទាប់មកនៅថ្ងៃទី១៦ និងចុងក្រោយថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិ ភ្នំពេញផ្ទាល់តែម្ដង ក្រោមការដឹកនាំដោយគ្រូបង្វឹកជនជាតិជប៉ុនថ្មី លោក Gyotoku Koji ហើយនឹងធ្វើការជម្រុះមកនៅត្រឹម២៣នាក់ប៉ុណ្ណោះ ដើម្បីហោះឡើងទៅប្រទេសវៀតណាម នៅដើមខែសីហា។

គួររំលឹកថា នៅពានរង្វាន់យុវជនអាយុក្រោម១៩ឆ្នាំ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF U-19 Championship 2019 ) កម្ពុជា ស្ថិតនៅពូល B ជាមួយក្រុមខ្លាំងៗដូចជា U-19 ថៃ , ម៉ាឡេស៊ី , វៀតណាម , សិង្ហបុរី និងអូស្ត្រាលី ដោយការប្រកួតចាប់ផ្ដើមពីថ្ងៃទី០៥ ខែសីហា ហើយនឹងបញ្ចប់នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ នៅប្រទេសវៀតណាម៕

ខាងក្រោមគឺជាតារាងនៃការបែងចែកពូលទាំងស្រុង៖

 

អត្ថបទពាក់ព័ន្ធ៖ ដំណាក់កាល់ទី២ នៃការធ្វើតេស្តយុវជនចូល U-19 ជម្រើសជាតិកម្ពុជា សល់២១នាក់

អត្ថបទពាក់ព័ន្ធ៖ ស.ប.ក កោះហៅយុវជនពីក្លឹបចំនួន៩ ធ្វើតេស្តសមត្ថភាពដើម្បីចូល ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ

 

រូបភាព៖ aseanfootball.org

អត្ថបទ៖ ណារ៉ុង

មតិយោបល់